ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានអញ្ជើញចូលរួម ជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងសិក្ខាសាលាស្តីពី "និរន្តរភាពនៃសំណង់តាមរយៈការលើកកម្ពស់ការងារពិសោធន៍សំណង់ និងការប្រើប្រាស់ម៉ាស៊ីនត្រជាក់ប្រកបដោយប្រសិទ្ធភាព"។
សិក្ខាសាលានេះបានសហការរៀបចំឡើងដោយក្រុមហ៊ុន Daikin Airconditioning (Cambodia) និងមន្ទីពិសោធជាតិសំណង់ ដែលមានចំនួនអ្នកចូលរួមសរុប ១៥០០នាក់ ដោយមានការចូលរួមជាកិត្តិយសពី ឯកឧត្តម ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម ញ៉ ហេង អគ្គនាយកមន្ទីពិសោធន៏ជាតិសំណង់ លោក Kiichi Ikehara លេខាទូតទី១ នៃស្ថានទូតជប៉ុនប្រចាំកម្ពុជា និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, សមាគមជប៉ុននៅកម្ពុជា (JBAC) សមាគមអ្នកសាងសង់ សមាគមន៍អ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ក្រុមហ៊ុនឯកជន និងសិស្សនិស្សិតជាច្រើនទៀត។
កម្មវិធីសិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងគោលបំណងដើម្បីបង្កើនចំណេះដឹងផ្តោតលើ សារៈសំខាន់ នៃការងារពិសោធន៍ សម្ភារៈសំណង់ បរិក្ខារសំណង់ ផលិតផលសំណង់ និងការប្រើប្រាស់ម៉ាស៊ីនត្រជាក់ ស្របតាមបទដ្ឋាន បច្ចេកទេស ប្រកបដោយនិរន្តភាព។
លោក Toshiyuki Tanaka ជាប្រធានក្រុមប្រឹក្សាភិបាល និងជានាយកគ្រប់គ្រងក្រុមហ៊ុន Daikin Airconditioning (Cambodia) Co., Ltd. ថ្លែងថា "កាលពីខែកុម្ភៈ ឆ្នាំ 2025 យើងមានកិត្តិយសក្នុងការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាងមន្ទីរពិសោធន៍ជាតិសំណង់ និងក្រុមហ៊ុន Daikin Airconditioning (Cambodia) ។ បន្ទាប់ពីបានចុះអនុស្សារៈយោគយល់ ក្រុមការងាររបស់ក្រុមហ៊ុន Daikin បានធ្វើការជាប់ជាប្រចាំជាមួយមន្ទីរពិសោធន៍ជាតិសំណង់ដើម្បីបង្កើតក្របខ័ណ្ឌសហការមួយ។
សិក្ខាសាលាថ្ងៃនេះបានចែករំលែកអំពីការរួមចំនែកទទួលខុសត្រូវក្នុងសង្គមរបស់យើង និងសកម្មភាពក្នុងការកាត់បន្ថយការបំភាយកាបូន តាមរយៈបច្ចេកវិទ្យាថ្មី នៃប្រព័ន្ធម៉ាស៊ីនត្រជាក់សម្រាប់ទីផ្សារនៃប្រទេសកម្ពុជា។សូមបញ្ជាក់ផងដែរថា សិក្ខាសាលានេះនឹងក្លាយជាមធ្យោបាយក្នុងការពង្រីក និងពង្រឹងកិច្ចសហប្រត្តិការបន្ថែមទៀតលើវិស័យសម្ភារៈសំណង់ បរិក្ខាសំណង់ និងផលិតផលសំណង់ ក៏ដូចជាព័ត៍មាន និងបច្ចេកវិទ្យាថ្មីៗស្របតាមស្តងដារសុវត្ថិភាព ស្តង់ដារថាមពល ដំណោះស្រាយប្រព័ន្ធកម្តៅ ខ្យល់ និង ម៉ាស៊ីនត្រជាក់ប្រកបដោយនិរន្តរភាព។
ឯកឧត្តមរដ្ឋលេខាធិការ ឡៅ ទិព្វសីហា ថ្លែងថាយើងពិតជាអាចមើលឃើញ និងយល់កាន់តែច្បាស់អំពីការលើកកម្ពស់នូវគុណភាពសម្ភារៈសំណង់ និងការប្រើប្រាស់ម៉ាស៊ីនត្រជាក់។សិក្ខាសាលានេះពិតជាមានសារៈសំខាន់ណាស់សម្រាប់សាធារណៈជន សមាគមអ្នកសាងសង់ សមាគមអ្នកអភិវឌ្ឍន៍លំនៅឋាន គណៈវិស្វករ គណៈស្ថាបត្យករ និងអ្នកជំនាញនានាក្នុងវិស័យសំណង់នៅកម្ពុជាយកទៅអនុវត្តបច្ចេកទេស វិធីសាស្រ្ត ស្តង់ដារ ថាមពល ដំណោះសា្រយប្រព័ន្ធកម្តៅ ខ្យល់ និងម៉ាស៊ីនត្រជាក់ប្រកបដោយនិរន្តរភាព ដែលស្របតាមស្តង់ដារថ្នាក់តំបន់ និងអន្តជាតិ។