បើនិយាយពីស្តេចប្រយុទ្ធលើសមរភូមិវាលស្មៅ ឈ្មោះ Cristiano Ronaldo បានឈរលើកំពូលតារាង។ លោកជាកីឡាករបាល់ទាត់ដំបូងគេដែលរកប្រាក់បានលើសពី ១ពាន់លានដុល្លារក្នុងអាជីព ត្រឹមឆ្នាំ២០២០ និងជាមហាសេដ្ឋីមានបំផុតក្នុងវិស័យនេះ។ ប៉ុន្តែតើអ្នកដឹងទេ ត្រឹមវីឌីអូមួយប៉ុណ្ណោះធ្វើឲ្យបុរស CR7 ហ៊ានសម្រក់ទឹកភ្នែកកណ្តាលហ្វូងមនុស្ស បាត់អស់ភាពខ្មាសអៀន។
នៅចុងវីឌីអូមួយរបស់ក្លឹប Juventus បានបង្ហាញអំពីឪពុករបស់ CR7 លោក Jose Dinis Aveiro ឈរក្បែរមាត់ទ្វាមុខពេលប្រកួត Euro 2004 ដែលធ្វើឡើងក្នុងប្រទេសព័រទុយហ្គាល់ គាត់បាននិយាយយ៉ាងដូច្នេះថា៖ «គ្រួសារ មិត្តភក្តិ និងមនុស្សភាគច្រើន គិតថាវាគឺជារឿងអស្ចារ្យខ្លាំងណាស់។ ខ្ញុំពិតជាមានមោទកភាពបំផុត ដែលឃើញកូនប្រុសរបស់ខ្ញុំស្ថិតក្នុងស្ថានភាពបែបនេះ»។
វីឌីអូនេះត្រូវបានយកមកចាក់ ក្នុងអំឡុងពេល Ronaldo សម្ភាសន៍ជាមួយលោក Piers Morgan កាលពីឆ្នាំ២០១៩។ ឃើញភ្លាម CR7 ទប់ទឹកភ្នែកលែងជាប់ ហើយពោលទាំងអួលណែនដើមកឆួលឆេះពេញទ្រូងថា៖ «ខ្ញុំមិនធ្លាប់បានឃើញវីឌីអូនេះទេ, វាមិនគួរឲ្យជឿទាល់តែសោះ វាធ្វើឲ្យខ្ញុំមានអារម្មណ៍ក្រៀមក្រំចំពោះរឿងគ្រប់យ៉ាង»។ គាំងសម្តី ឈប់បន្តិច ជូតទឹកភ្នែកចេញ ហើយនិយាយត៖ «ក្លាយជាជើងឯកលេខមួយ គាត់មិននិយាយអ្វីទាំងអស់ គាត់មិនបានឈរក្បែរខ្ញុំដើម្បីមើលអ្វីដែលខ្ញុំទទួលបានឡើយ»។ ខំតស៊ូពីបាតភក់ Ronaldo ពុំមានឱកាសស្តាប់ឮឪពុកពោលពាក្យមោទកភាពចំពោះមុខទេ រហូតដល់ថ្ងៃនេះមានអ្វីៗគ្រប់យ៉ាងតែបែបជាបាត់វត្តមានអ្នកមានគុណទៅវិញ។
យ៉ាងណាមិញ ឪពុករបស់ Ronaldo គឺជាមនុស្សងប់ងល់ជាមួយការសេពគ្រឿងស្រវឹង និងជាអតីតទាហាន បានស្លាប់បាត់បង់ជីវិតដោយសារជំងឺថ្លើមក្នុងវ័យ៥២ឆ្នាំ ដោយខកខានមិនបានឃើញពីភាពជោគជ័យជាច្រើនរបស់ Ronaldo និងកូនបង្កើតទាំងបួនរបស់គាត់។ បច្ចុប្បន្ន Ronaldo បានក្លាយជាកីឡាករឆ្នើមបំផុតម្នាក់លើលោក ត្រូវបានគេប៉ាន់ស្មានថាមានទ្រព្យសម្បត្តិប្រមាណជាង៥០០លានដុល្លារ និងមានជំនួញផ្ទាល់ខ្លួនធំៗប្រមាណជាង៦ រួមមានដូចជា ក្រុមហ៊ុនសម្លៀកបំពាក់និងទឹកអប់ សណ្ឋាគារ Pestana CR7 ភោជនីយដ្ឋាន CR7 Corner Bar & Bistro មជ្ឈមណ្ឌលហាត់ប្រាណ ក្រុមហ៊ុនជួលយន្តហោះឯកជន និងគ្លីនិកសក់ Insparya ដែលសុទ្ធសឹងតែ ធ្វើការសហការរកស៊ីជាមួយក្រុមហ៊ុនល្បីៗ មានជំនាញច្បាស់លាស់ ក្នុងការធ្វើជំនួញនិងចាប់ដៃគូរកស៊ីជាមួយគ្នា ដើម្បីរីកលូតលាស់ទៅមុខលឿនរហ័ស៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ»
ចែករំលែកគំនិត ឬផ្សព្វផ្សាយអាជីវកម្មអ្នកទីនេះ សូមទំនាក់ទំនង ០៩៦ ៤៩៩ ៧៣ ៦៦