ស្តេចបាល់ទាត់នៃប្រទេសព័រទុយហ្គាល់ Cristiano Ronaldo បានបង្ហើបឱ្យដឹងកាលពីថ្ងៃទី០៨ ខែមិថុនា ម្សិលមិញនេះថា ខ្លួនអាចនឹងបង្កើតក្លឹបបាល់ទាត់ខ្លួនឯង១ នៅពេលដែលកលោកចូលនិវត្តន៍ កំឡុងរយៈ២ទៅ៣ឆ្នាំខាងមុខទៀត។ នេះបើយោងតាមការចុះផ្សាយពីប្រភព ESPN។
ថ្លែងក្នុងបទសម្ភាសន៍នាកម្មវិធីសម្ពោធយីហោទឹកសុទ្ធថ្មីរបស់ខ្លួន នាទីក្រុង Madrid កីឡាករវ័យ៣៨ឆ្នាំរូបនេះបានលើកឡើងយ៉ាងដូច្នេះថា “ខ្ញុំពិតជាមិនបដិសេធអំពីគំនិតដែលថាខ្ញុំនឹងបង្កើតក្លឹបបាល់ទាត់ខ្លួនឯងនោះទេ ហើយវាក៏ជាអ្វីដែលខ្ញុំបានគិតទុកកាលពីប៉ុន្មានឆ្នាំមុនដែរ” ខ្លាចាស់ប្រយុទ្ធលើសមរភូមិវាលស្មៅ បានបន្តទៀតថា “ខ្ញុំចង់ធ្វើជាម្ចាស់ក្លឹបនៅពេលដែលខ្ញុំចូលនិវត្តន៍ ហើយប្រហែលជា២ទៅ៣ឆ្នាំទៀត”។
គួរជម្រាបផងដែរថានាពេលបច្ចុប្បន្ននេះមហាសេដ្ឋីបាល់ទាត់ Cristiano Ronaldo កំពុងជាប់កុងត្រាជាមួយនឹងក្លឹបបាល់ទាត់ Al-Nassr របស់អារ៉ាប់ ខណៈដែលក្លឹបមួយនេះ ហ៊ានចំណាយប្រាក់ខែឱ្យ Ronaldo ជាង ២០០លានអឺរ៉ូ (ស្មើនឹងជាង ២១៣លានដុល្លារ) ក្នុងមួយឆ្នាំ។ ហើយក្លឹបនេះ គឺជាក្លឹបបាល់ទាត់ដ៏ធំបំផុតមួយក្នុងចំណោមក្លឹបធំៗផ្សេងទៀតប្រចាំអារ៉ាប់ ដោយជាប់ឈ្មោះជាក្លឹបដែលទទួលបានជ័យជម្នះច្រើនជាងគេនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត៕
អត្ថបទដោយ៖ ពីង ជូអេង