បើនិយាយអំពីដីប្រសិនបើជាប់គាំង គឺមិនសូវជាប៉ះពាល់ទៅដល់អ្នកទិញប៉ុន្មាននោះទេ តែបើធៀបទៅនិងសំណង់បុរី ឬខុនដូវិញ បើសំណង់ជាប់គាំងហើយអ្នកដែលយកលុយទៅវិនិយោគគឺនឹងត្រូវជួបផលលំបាកខ្លាំង។ ដូច្នេះទាក់ទងនិងបញ្ហាដ៏ឈឺក្បាល់នេះទាមទារឱ្យលោកអ្នកត្រូវស្វែងយល់ឱ្យកាន់តែច្បាស់។
ហើយថ្ងៃនេះ Business Cambodia នឹងលើកយកមូលហេតុធំចំនួន ២ ដែលបណ្ដាលឱ្យគម្រោងខុនដូមួយចំនួនជាប់គាំង៖
១. គម្រោងខុនដូលក់មិនដាច់
ទាក់ទងនឹងចំណុចនេះ បងប្អូនភាគច្រើនដឹងត្រឹមថាឱ្យតែលក់មិនដាច់ប្រាកដជាជាប់គាំងហើយ។ មែនទែនទៅចំណុចដែលថាលក់មិនដាច់គឺមានហេតុផលផ្សេងៗគ្នា។ ហើយចំពោះគម្រោងដែលលក់មិនដាច់ក៏ព្រោះតែម្ចាស់គម្រោងមិនបានកំណត់ទីផ្សារនិងកំណត់អតិថិជនឱ្យបានត្រឹមត្រូវ មានន័យថាម្ចាស់គម្រោងត្រូវតែកំណត់ទីផ្សារឱ្យបានច្បាស់លាស់ថា តើគួរតែលក់ទៅកាន់អតិថិជនបែបណា?
ពិតណាស់ការកំណត់អតិថិជនគឺសំខាន់ ព្រោះអតិថិជនខ្លះចង់ទិញខុនដូតែមិនមានលុយគ្រប់គ្រាន់ ហើយខ្លះទៀតមានលុយតែមិនចង់ទិញ ឬប៉ះចំអតិថិជនដែលកំពុងមានវិបត្តិក៏លក់មិនដាច់ដែរ។
២. ម្ចាស់គម្រោងមិនមានលុយគ្រប់គ្រាន់
ដូចដែលលោកអ្ននដឹងហើយថាការវិនិយោគខុនដូ មិនដូចជាវិនិយោគលើកដីធ្លីនោះទេ ដោយសារតែអ្នកវិនិយោគដីធ្លីប្រសិនបើអ្នកមានលុយទិញដីហើយអភិវឌ្ឍន៍សាងសង់សំណង់បន្តិចបន្តួចគឺអាចលក់បាន។ តែបើគម្រោងខុនដូវិញបើអ្នកវិនិយោគមានលុយទិញតែដីហើយមិនព្រមសាងសង់ប្រាកដគឺពិតជាជាប់គាំងមិនខាន។ ព្រោះថាសំណង់នៃខុនដូគឺ មួយគុណជាបី នៃតម្លៃដី ដូច្នេះទាល់តែអ្នកវិនិយោគមានលុយសាងសង់ទើបមិនងាយជាប់គាំង៕
អត្ថបទដោយ៖ ឌឿក ស្រី នុត