យោងតាមទិន្នន័យពីក្រសួងរតនាគារបានបង្ហាញថា គិតត្រឹមចុងខែ មីនា ឆ្នាំ ២០២៥ សហរដ្ឋអាមេរិកមានបំណុលរដ្ឋសរុបជាង ៩.០៥ ទ្រីលានដុល្លារ ដែលកាន់កាប់ដោយបរទេស។ ខាងក្រោមនេះ គឺជាប្រទេសធំៗ ៣ ដែលសហរដ្ឋអាមេរិក ជំពាក់បំណុលច្រើនបំផុត៖
១/. ជប៉ុន (ម្ចាស់បំណុល ១.១៣ ទ្រីលានដុល្លារ)៖ ជប៉ុននៅតែជាប្រទេសដែលកាន់កាប់បំណុលរដ្ឋរបស់អាមេរិកច្រើនជាងគេបំផុត ទោះបីជាបានចាប់ផ្ដើមកាត់បន្ថយការវិនិយោគខ្លះៗដោយសារតម្លៃអត្រាការប្រាក់ក្នុងស្រុកកើនឡើងក៏ដោយ។ ការកាន់កាប់បំណុលរបស់ជប៉ុនបង្ហាញពីទំនាក់ទំនងសេដ្ឋកិច្ចយ៉ាងជិតស្និទ្ធជាមួយអាមេរិក។
២/. ចក្រភពអង់គ្លេស (ម្ចាស់បំណុល ៧៧៩ ពាន់លានដុល្លារ)៖ អង់គ្លេសបានបោះជំហានក្លាយជាម្ចាស់បំណុលរដ្ឋធំបំផុតទី២ របស់អាមេរិក ជាលើកដំបូងក្នុងរយៈពេលជាង ២០ឆ្នាំ។ ការកើនឡើងនេះពាក់ពន្ធនឹងសកម្មភាពវិនិយោគខ្លាំងៗពីធនាគារជាតិ និងមូលនិធិអន្តរជាតិដែលមានទីស្នាក់ការនៅទីក្រុងឡុងដ៍។
៣/. ចិន (ម្ចាស់បំណុល ៧៦៥.៤ ពាន់លានដុល្លារ)៖ ប្រទេសចិនបានធ្លាក់តំណែងពីម្ចាស់បំណុលរដ្ឋទី២ របស់អាមេរិក មកកាន់ម្ចាស់បំណុលរដ្ឋទី៣ វិញ ដោយសារបានបង្វែរទុនទៅវិនិយោគក្នុងទ្រព្យសម្បត្តិដទៃទៀតដូចជា មាស និងបណ្ណបំណុលជាតិនៅក្នុងស្រុក។ ការប្រែប្រួលនេះផ្ដល់សញ្ញាថាចិនកំពុងបន្សាបភាពពឹងផ្អែកលើទ្រព្យសម្បត្តិប្រាក់ដុល្លារ។
គួរជម្រាបផងដែរថា ការជំពាក់បំណុលរបស់សហរដ្ឋអាមេរិកចំពោះប្រទេសបរទេសមានតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតស្ថេរភាព និងការរីកចម្រើនសេដ្ឋកិច្ចរបស់អាមេរិកផ្ទាល់។ ប្រទេសដូចជា ជប៉ុន, ចក្រភពអង់គ្លេស, និង ចិន បានក្លាយជាដៃគូហិរញ្ញវត្ថុដ៏សំខាន់ ដែលជួយឲ្យអាមេរិកអាចបន្តចំណាយលើគម្រោងសាធារណៈនានា និងគាំទ្រដល់ហិរញ្ញវត្ថុជាតិ៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម https://t.me/BusinessCambodiaBook