កុំខ្លាចបាត់បង់ការងារ! Bill Gates ថាអាជីព៣ប្រភេទនេះ AI មិនអាចធ្វើការ ជំនួសមនុស្សបានឡើយ
Ping Chou EngMAY 20 20253.4 K views

នៅពេលនិយាយដល់បច្ចេកវិទ្យា គេនឹងនឹកការវិវត្តន៍ដ៏លឿននៃបញ្ញាសិប្បនិមិត្ត។ ប៉ុន្តែនៅពេលដែលនឹកដល់បុគ្គលដែលមានសំឡេងឭនិងខ្លាំងជាងគេក្នុងវិស័យបច្ចេកវិទ្យានោះ គេនឹងមិនភ្លេចបិតា Microsoft ដែលជាមហាសេដ្ឋី Bill Gates នោះទេ ខណៈលោកតែងតែព្យាករណ៍ ពីអនាគតនៃបច្ចេកវិទ្យា​និងបញ្ហាសុខភាពពិភពលោក។

ទន្ទឹមនឹងនោះនាថ្មីៗនេះនៅក្នុងបទសម្ភាសន៍ជាមួយ The Economic Time មហាសេដ្ឋី Bill Gates បានព្យាករណ៍ និងលើកជាគំនិតថា  Artificial Intelligence (AI) នឹងមិនអាចជំនួសការងារមនុស្សលើជំនាញវិជ្ជាៈជីវៈ៣ប្រភេទដូចខាងក្រោមនេះបានឡើយនៅក្នុងសម័យកាលបច្ចុប្បន្ននេះ៖

. ស្ថាបត្យករ AI ជាការពិតមនុស្សជាអ្នកបង្កើតប្រព័ន្ធ AI ដូច្នេះពួកគេនឹងមិនបង្កើត​AI ដើម្បីបំផ្លាញការងាររបស់ខ្លួនឯងនោះទេ ខណៈពេលដែល AI បានបោះជំហានយ៉ាងសំខាន់ក្នុងការបង្កើតគំនិតថ្មីៗ ប៉ុន្តែវានៅតែខ្វះជំនាញនិងភាពច្បាស់លាស់។

ហេតុនេះ Gates ជឿជាក់ថាអ្នកសរសេរកម្មវិធីឬស្ថាបត្យករបច្ចេកវិទ្យា នៅតែមានសារៈសំខាន់សម្រាប់ការបំបាត់កំហុស កែលម្អ និងជំរុញ AI វិញ។

. អ្នកជំនាញថាមពល៖ វិស័យថាមពលគឺធំធេងនិងស្មុគស្មាញសម្រាប់ AI ដើម្បីគ្រប់គ្រងតែម្នាក់ឯង។ មិនថាការដោះស្រាយជាមួយធនធានធម្មជាតិ ដូចជាប្រេង ថាមពលនុយក្លេអ៊ែរ ថាមពលអាចកើតឡើងវិញទេ អ្នកជំនាញក្នុងឧស្សាហកម្មនេះគឺតម្រូវឱ្យរុករកទិដ្ឋភាពថ្មីៗ រៀបចំយុទ្ធសាស្រ្តដំណោះស្រាយ ដែលមិនអាចទាយទុកជាមុនជានិច្ច ដែលវាខុសពីការចងកូដមនុស្សយន្ត។

ដូច្នេះដើម្បីផលិតថាមពលសម្រាប់សកលលោកប្រើប្រាស់ទាន់ពេលវេលានិងអាចទៅរួច លោក Gates អះអាងថា AI អាចត្រឹមជួយវិភាគនិងបន្ថែមប្រសិទ្ធភាព តែជំនាញរបស់មនុស្សគឺមិនអាចជំនួសបានទេក្នុងវិស័យថាមពល ដូចជាការសម្រេចចិត្ត និងការគ្រប់គ្រងវិបត្តិ។

. ជីវវិទូ៖ ជីវវិទូដែលជាអ្នកស្រាវជ្រាវផ្នែកវេជ្ជសាស្រ្ត និងការរកឃើញបែបវិទ្យាសាស្ត្រ ពឹងផ្អែកលើការច្នៃប្រឌិត វិចារណញាណ និងការគិតបែបស៊ីជម្រៅលើខុសនិងត្រូវ​ គឺមិនអាចជំនួសដោយ AI បានទេ ព្រោះ AI មានសមត្ថភាព ត្រឹមចម្លងទិន្នន័យ និងជំនួយក្នុងការធ្វើរោគវិនិច្ឆ័យជំងឺ តែវាខ្វះសមត្ថភាពក្នុងការបង្កើតសម្មតិកម្ម ឬធ្វើឱ្យមានវិចារណញាណក្នុងការស្រាវជ្រាវ។

ដូច្នេះលោក Gates ព្យាករណ៍ថា អ្នកជីវវិទូនឹងបន្តដើរតួយ៉ាងសំខាន់ក្នុងការស្វែងរកគំហើញថ្មីៗ តួយ៉ាងដូចជាភាពស្មុគស្មាញនៃជីវិតនានា និងស្រាវជ្រាវឱសថជាដើម។

យ៉ាងណាមិញ​​មហាសេដ្ឋី Bill Gates ក៏បានលើកទឹកចិត្តនិងផ្តល់ដំបូន្មានដល់អ្នកជំនាញគ្រប់អាជីពទាំងអស់ឱ្យសិក្សារៀនសូត្រគំនិតនិងជំនាញថ្មីៗ ដើរឱ្យទាន់ការផ្លាស់ប្តូរនានារបស់បច្ចេកវិទ្យា AI និងសម្របខ្លួន ដោយប្រមើលមើលពីផលប៉ះពាល់វិវត្តន៍របស់វាលើទីផ្សារការងារ បើទោះបីជាបច្ចុប្បន្ន AI មិនទាន់ប៉ះពាល់ដល់ការងារអ្នកក៏ដោយ៕

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia