សម្រាប់សិស្សានុសិស្សដែលទើបតែប្រឡងបញ្ចប់ថ្នាក់ទី១២ មិនទាន់ដឹងថាខ្លួនគួររៀនជំនាញអ្វី និងគួរជ្រើសរើសសកលវិទ្យាល័យណា ដើម្បីរៀនទៅឱ្យត្រូវនឹងខ្លួនឯង កម្មវិធីមួយនេះអាចណែនាំជំនាញនិងឱកាសការងារ ដល់យុវជនដោយមិនគិតថ្លៃ ដែលវាជាមធ្យោបាយល្អមួយអាចជួយសិស្សថ្នាក់ទី១២ ជៀសវាងការជ្រើសរើសវិជ្ជាជីវៈខុស ខាតពេលវេលា។
ក្រោមការគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា ព្រឹត្តិការណ៍“ពិព័រណ៍ជំនាញ និងសាកលវិទ្យាល័យ ២០២៤” នឹងប្រារព្ធឡើងសម្រាប់ប្អូនៗសិស្សវិទ្យាល័យ ដែលទើបប្រលងបាក់ឌុបចប់ថ្មីៗដើម្បីទទួលបានការណែនាំតម្រង់ទិស អំពីមុខជំនាញ ព័ត៌មានសាកលវិទ្យាល័យ និងស្វែងរកឱកាសការងារ និងការហាត់ការជាច្រើនកន្លែង។
កម្មវិធីនេះនឹងប្រារព្ធឡើងចាប់ពីថ្ងៃទី២២ និង ២៣ វិច្ឆិកា ២០២៤ វេលាម៉ោង៨ព្រឹកដល់៥ល្ងាច ដែលមានទីតាំងនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន CJCC នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ដែលសិស្សនិស្សិត អាចចុះឈ្មោះចូលរួមដោយសេរីបាន តាមរយៈតំណលីងខាងក្រោម https://shlink.sala.tech/6Q4HolUJr ។
គួរជម្រាបផងដែរថាការរៀបចំពិព័រណ៍ជំនាញ និងសកលវិទ្យាល័យគាំទ្រដោយក្រសួងនេះមានចក្ខុវិស័យ ចែករំលែករាល់បទពិសោធន៍ និងតម្រង់ទិសយុវជនឱ្យចាប់យកមុខជំនាញសិក្សាឆ្លើយតបទីផ្សារការងារ ជួយយុវជនស្វែងរកឱកាសក្នុងការអភិវឌ្ឍសមត្ថភាព ចំណេះ ជំនាញ និងជាការជម្រុញឱ្យយុវជនមានភាពក្លាហានក្នុងការប្រកួតប្រជែងលើកម្មវិធីអប់រំ៕
អត្ថបទដោយ៖ ពីង ជូអេង