តារាចម្រៀង និងជាអ្នកនិពន្ធបទចម្រៀង ជនជាតិអាមេរិក-ហុងកុង អ្នកនាង Coco Lee បានទទួលមរណភាពហើយ នៅយប់ថ្ងៃពុធនេះ ក្នុងវ័យ៤៨ឆ្នាំ បន្ទាប់ពីនាងប៉ុនប៉ងធ្វើអត្តឃាតបញ្ចប់ជីវិត កាលពីថ្ងៃអាទិត្យ សប្តាហ៍មុន។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន BBC News នាថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣។
តារាស្រីរូបនេះ បានទទួលរងនូវជំងឺធ្លាក់ទឹកចិត្ត (depression) អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ កាលពីថ្ងៃចូលឆ្នាំសកលកន្លងទៅ នាងបានសរសេរនៅលើការបង្ហោះ Instagram ថា នាងបាន «ប្រឈមមុខនឹងបញ្ហាផ្លាស់ប្តូរជីវិត» ហើយបានពណ៌នាឆ្នាំ ២០២២ ជា «ឆ្នាំដ៏លំបាកមិនគួរឱ្យជឿ សឹងមិនអាចទ្រាំបានពេលខ្លះ»។ បងស្រីរបស់ Lee ឈ្មោះ Carol Lee និង Nancy Lee បានឲ្យដឹងថា ប្អូនរបស់ខ្លួនបានប៉ុនប៉ងធ្វើអត្តឃាតក្នុងផ្ទះ កាលពីថ្ងៃចុងសប្តាហ៍ ហើយនាងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗក្រោយសន្លប់ស្តូកស្តឹង បន្ទាប់មកនាងបានទទួលមរណភាព នៅថ្ងៃយប់ពុធនេះតែម្តង។
ពួកគេបានបន្ថែមទាំងអារម្មណ៍ក្តុកក្តួលយ៉ាងដូច្នេះថា៖ «Lee មិនត្រឹមតែធ្វើឱ្យយើងសប្បាយរីករាយជាមួយបទចម្រៀង និងការរាំរបស់នាងក្នុងរយៈពេល ២៩ឆ្នាំមកនេះនោះទេ នាងក៏បានខិតខំដើម្បីបំបែកប្រវត្តិសាស្ត្រថ្មីសម្រាប់តារាចម្រៀងចិននៅលើឆាកតន្ត្រីអន្តរជាតិ និងបានប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីបញ្ចេញពន្លឺសម្រាប់ជនជាតិចិន។ ពួកយើងពិតជាដឹងគុណ និងមានកិត្តិយសណាស់ ដែលមានប្អូនស្រីដ៏ឆ្នើម និងពូកែបែបនេះ»។
គួរជម្រាបផងដែរថា ក្រៅពីអាជីពជាតារាចម្រៀង និងជាអ្នកនិពន្ធបទចម្រៀង អ្នកនាង Coco Lee គឺជាផលិតករ អ្នករាំ និងជាតារាសម្តែងដ៏លេចធ្លោមួយរូប។ នាងត្រូវបានគេស្គាល់យ៉ាងផុសផុលដោយសារឥទ្ធិពលដ៏ជ្រាលជ្រៅរបស់នាងនៅក្នុងឧស្សាហកម្មតន្ត្រី និងជាតារាចម្រៀងចិនដំបូងគេដែលបង្កើតឥទ្ធិពលលើឆាកអន្តរជាតិ។
មិនតែប៉ុណ្ណោះនាងក៏បានច្រៀងជាភាសាចិនកុកងឺនៃបទចម្រៀង Mulan, Reflection ខណៈពេលដែលបទចម្រៀងរបស់នាង Before I Fall in Love បានបង្ហាញខ្លួនក្នុងខ្សែភាពយន្តហូលីវូដ Runaway Bride ឆ្នាំ១៩៩៩ ដែលសម្តែងដោយ Julia Roberts និង Richard Gere។ ក្នុងឆ្នាំ២០០១ អ្នកនាង Lee បានឡើងឆាកក្នុងកម្មវិធី Oscars ដើម្បីច្រៀងចម្រៀងពីរបទចំណងជើង Crouching Tiger និង Hidden Dragon។ ក្រោយមកនាងបានក្លាយជាចៅក្រមនៅក្នុងកម្មវិធីទូរទស្សន៍ដ៏ល្បីល្បាញមួយផងដែរ។
ងាកមើលជីវិតអាពាហ៍ពិពាហ៍វិញ អ្នកនាង Coco Lee បានរៀបការជាមួយលោក Bruce Rockowitz ជាអតីតនាយកប្រតិបត្តិនៃខ្សែសង្វាក់ផ្គត់ផ្គង់ដ៏ធំដែលមានមូលដ្ឋាននៅទីក្រុងហុងកុង Li & Fung ក្នុងឆ្នាំ២០១១ ដែលមានកូនពីរនាក់ជាចំណងដៃស្នេហា។ ប៉ុន្តែតាមពាក្យចចាមអារ៉ាមប្តីប្រពន្ធមួយគូនេះបានចែកផ្លូវគ្នាតាំងពី ៣ឆ្នាំមុនមកម្ល៉េះ តែអ្នកនាង Lee មិនព្រមដោះស្រាយឲ្យដាច់ស្រេចឡើយ។
យ៉ាងណាមិញ ប្រសិនបើអ្នក ឬនរណាម្នាក់ដែលអ្នកស្គាល់កំពុងជួបប្រទះនឹងជំងឺបាក់ទឹកចិត្ត ឬមានគំនិតចង់ធ្វើបាបខ្លួនឯង ឬធ្វើអត្តឃាតបញ្ចប់ជីវិត ត្រូវសុំជំនួយជាបន្ទាន់។ ចូរកុំលេងសើច កុំមើលស្រាលជាមួយជំងឺនេះឲ្យសោះ ព្រោះវាជាឃាតករឈាមត្រជាក់ កំពុងសម្លាប់មនុស្សរាប់លាននាក់យ៉ាងស្ងប់ស្ងាត់៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ»
ទំនាក់ទំនងតាមរយៈ៖ Facebook Page: Kan Dara ឬ Telegram: 0964997366