ក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) បង្ហាញការតាំងចិត្តខ្ពស់ក្នុងការស្វែងរកដៃគូផ្គត់ផ្គង់វត្ថុធាតុដើមក្នុងស្រុក និងពង្រីកប្រតិបត្ដិការវិនិយោគរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។ ការប្ដេជ្ញាចិត្ដនេះ ត្រូវបានធ្វើឡើងដោយលោក Paulo Gaspar Rodrigues នាយកប្រតិបត្តិក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា កូឡា) នៅក្នុងឱកាសដឹកនាំគណៈប្រតិភូ ជួបពិភាក្សាការងារជាមួយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥។
តាមការឲ្យដឹងពី CDC នៅក្នុងជំនួបនោះ លោកនាយកប្រតិបត្តិក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) បានបង្ហាញពីការតាំងចិត្តខ្ពស់ក្នុងការស្វែងរកដៃគូផ្គត់ផ្គង់វត្ថុធាតុដើមនៅក្នុងស្រុក ដែលមានគុណភាព និងកម្លាំងផលិតភាពស្របទៅតាមតម្រូវការផលិតកម្មរបស់ក្រុមហ៊ុន។ ជាមួយគ្នានេះ ក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) ក៏បានបង្ហាញនូវការប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តពង្រឹង និងពង្រីកប្រតិបត្តិការវិនិយោគរបស់ខ្លួននៅកម្ពុជា សំដៅជាចំណែកដល់ការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិផងដែរ។
ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការសាទរចំពោះការលើកឡើងខាងលើរបស់ថ្នាក់ដឹកនាំក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) និងបានជម្រាបថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងនាមសេនាធិការច្រកចេញចូលតែមួយរបស់រាជរដ្ឋាភិបាល ដែលទទួលខុសត្រូវក្នុងការត្រួតពិនិត្យ និងគ្រប់គ្រងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ការវិនិយោគឯកជន និងតំបន់សេដ្ឋកិច្ចពិសេស តែងតែផ្តល់ការយកចិត្តទុកដាក់ខ្ពស់លើកិច្ចថែទាំគាំទ្រការវិនិយោគឯកជនដែលកំពុងដំណើរការនៅកម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកការវិនិយោគផ្ទាល់ពីបរទេស (FDI) ជាកត្តាដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចជាតិ ជាមួយគ្នានេះដែរ ការទិញធាតុចូល ឬប្រើប្រាស់វត្ថុធាតុដើមនៅក្នុងស្រុក វិនិយោគិននឹងទទួលបានការលើកចិត្តបន្ថែម ដែលនេះគឺជាការលើកទឹកចិត្តមួយក្នុងចំណោមយន្តការលើកទឹកចិត្តជាច្រើនដែលរាជរដ្ឋាភិបាលបានដាក់ចេញ ដើម្បីទាក់ទាញ និងជំរុញការវិនិយោគប្រកបដោយគុណភាព ប្រសិទ្ធភាព និងចីរភាព៕