នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការផ្អាកចរាចរយានយន្ដគ្រប់ប្រភេទដែលធ្វើដំណើរនៅលើកំណាត់មហាវិថីឈ្នះឈ្នះបណ្ដោះអាសន្ន។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី២៣ ខែធ្នូ នេះ។
តាមសេចក្ដីជូនដំណឹង ការផ្អាកចរាចរបណ្ដោះអាសន្នខាងលើ គឺដោយសារនៅថ្ងៃទី២៩ ខែធ្នូ ខាងមុខនេះ ក្រសួងការពារជាតិនឹងរៀបចំពិធីអបអរសាទរខួបទី២៤ នៃការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា និងការអនុវត្ដប្រកបដោយជោគជ័យនៃនយោបាយឈ្នះឈ្នះរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានឈ្នះឈ្នះ ដែលស្ថិតនៅភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ក្រោយអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចពិជ័យសេនា ទៀត បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្រ្ដីក្រសួងការពារជាតិ។
ដូច្នេះដើម្បីឲ្យកម្មវិធីខាងលើប្រព្រឹត្ដទៅដោយរលូន រក្សាបានសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ រដ្ឋបាលរាជធានីភ្នំពេញធ្វើការបញ្ចៀសចរាចរ និងផ្អាកចរាចរជុំវិញទីតាំងប្រារព្ធពិធី ដោយមិនអនុញ្ញាតឲ្យយានជំនិះគ្រប់ប្រភេទឆ្លង់កាត់កំណាត់មហាវិថីឈ្នះឈ្នះ ពីគល់ស្ពានព្រែកព្នៅ រហូតដល់ផ្លូវជាតិលេខ ៦ ចាប់ពីម៉ោង ៥ ព្រឹករហូតដល់ម៉ោង ១២ រសៀល។
ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានស្នើសុំប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់តាមដងផ្លូវខាងលើមេត្ដាយោគយល់អធ្យាស្រ័យ និងបញ្ចៀសការធ្វើដំណើរឆ្លងកាត់ទីតាំងប្រារព្ធពិធីតាមកាលបរិច្ឆេទដែលបានកំណត់ដោយក្ដីអនុគ្រោះ។ ក្នុងនោះនៅពេលផុតកំណត់នៃការហាមឃាត់បណ្ដោះអាសន្ននេះរដ្ឋបាលរាជធានីភ្នំពេញនឹងបើកឲ្យចរាចរឡើងវិញធម្មតា៕
អត្ថបទ៖ កឹម ប៊ុនធឿន