ថ្មីៗនេះ អាជ្ញាធរនៅក្នុងប្រទេសប្រេស៊ីលបានបញ្ជាឱ្យបិទកម្មវិធី Telegram នៅទូទាំងប្រទេស ខណៈដែលអាជ្ញាធរស៊ើបអង្កេតឃើញថានៅលើកម្មវិធី Telegram មានជាប់ពីបទញុះញ៉ង់ឱ្យមានអំពើហិង្សានៅក្នុងសាលារៀន។ នេះបើយោងតាមការចុះផ្សាយ The New York Time។
ប្រភពដដែលបានបន្តឱ្យដឹងទៀតថា ការផ្អាកនេះដោយសារ Telegram មិនបានអនុវត្តតាមដីការបស់តុលាការដែលទាមទារទិន្នន័យអ្នកប្រើប្រាស់ពីការជជែកពីក្រុម neo-Nazi តែក្រុមហ៊ុនបានប្រាប់ប៉ូលិសថា ក្រុមទាំងនោះបានលុបចេញ ហើយមិនអាចយកទិន្នន័យនោះមកវិញបានទេ។
នៅក្នុងនោះដែរ ចៅក្រម Wellington Lopes នៅក្នុងតុលាការរដ្ឋ Espirito Santo ក៏បានបញ្ជាឱ្យបិទកម្មវិធី Telegram នេះនិងពិន័យជាប្រាក់ចំនួន ២០ម៉ឺនដុល្លារក្នុងមួយថ្ងៃ លើសពីនេះទៅទៀតចៅក្រុមក៏បានបញ្ជាឱ្យ Google និង Apple ដកកម្មវិធី Telegram ចេញពីក្នុងប្រទេសប្រេស៊ីលដើម្បីទប់ស្កាត់ការចូលប្រើនៅក្នុងប្រទេស។
ចៅក្រម Wellington Lopes ក៏បានបញ្ជាក់ដែរថា ប្រេស៊ីលព្រមអនុញ្ញាតឱ្យ Telegram បើកដំណើរការវិញរហូតដល់កម្មវិធីនេះព្រមគោរពតាមបញ្ជាក្នុងការចែករំលែកព័ត៌មានពីក្រុម neo-Nazi មកវិញទើបអាចដំណើរការធម្មតានៅប្រទេសប្រេស៊ីលវិញបាន៕
អត្ថបទ៖ ធី ស្រីល័ក្ខ