នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥នេះ ក្រសួងពាណិជ្ជកម្មកម្ពុជាបាន ប្រកាសដំណឹងជូន ផលិតករ និងអ្នកនាំចេញទាំងអស់ដែលបាននិងកំពុងនាំចេញ ទំនិញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ឱ្យបានជ្រាបថាក្រសួងនិងស្ថាប័នពាក់ព័ន្ធបានរៀបចំនីតីវិធីពិសេសបន្ថែមទៀតលើការនាំចេញទំនិញ។
ដោយក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងបានបញ្ជាក់ថាកម្ពុជាបានអនុវត្តយ៉ាងហ្មត់ចត់នូវវិធានពាណិជ្ជកម្មអន្តរជាតិ កាតព្វកិច្ចនិងការសន្យាពេលចូលជាសមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោក។
ក្នុងនោះកម្ពុជាបានរៀបចំនិង ប្រកាសឱ្យប្រើច្បាប់ស្តីពីវិធានដើមកំណើតទំនិញ កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ ក្នុងគោលបំណងជំរុញ និងសម្រួលពាណិជ្ជកម្មដែលទទួលបានប្រយោជន៍ពីការអនុគ្រោះពាណិជ្ជកម្ម និងការអនុវត្តក្រៅប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម ព្រមទាំងចូលរួមទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញ។
ហេតុនេះក្នុងគោលបំណងរក្សាបាននូវផលប្រយោជន៍ជូនផលិតករ និងអ្នកនាំចេញនៅកម្ពុជា ក្រសួងពាណិជ្ជកម្ម និង ក្រសួង ស្ថាប័នពាក់ព័ន្ធ បាននិងកំពុងរៀបចំនីតិវិធីពិសេសបន្ថែមសម្រាប់ការនាំចេញទំនិញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ដោយនឹងពង្រឹងយន្តការត្រួតពិនិត្យការប្រើប្រាស់វត្ថុធាតុដើមនិងតម្លៃបន្ថែមក្នុងស្រុក ដើម្បីធានាបាននូវតម្លាភាព និង អនុលោមភាពតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីវិធានដើមកំណើតទំនិញ និងវិធានដើមកំណើតទំនិញរបស់សហរដ្ឋអាមេរិក ដែលនីតិវិធីពិសេសបន្ថែមនេះ នឹងត្រូវបានជម្រាបជូនតាមក្រោយទៀតក្នុងពេលដ៏ឆាប់ខាងមុខ។
អាស្រ័យហេតុនេះក្រសួងពាណិជ្ជកម្មសូមណែនាំឱ្យផលិតករនិងអ្នកនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិកទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងចូលរួមអនុវត្តឱ្យបានគត់មត់៕