ពេលនិយាយទៅដល់ការបិទការលក់ មានអ្នកលក់មិនតិចទេ ដែលកំពុងក្រពុលមុខ ខណៈទម្រាំតែណាត់ភ្ញៀវបាន ទម្រាំតែអាចផ្តល់ពត៌មានទៅកាន់អតិថិជន ត្រូវចំណាយកម្លាំងកាយចិត្ត និងពេលវេលាជាច្រើន ហើយដល់ចុងក្រោយភ្ញៀវថាចាំមើលសិន។ ទាក់ទងទៅនឹងបញ្ហាដ៏ឈឺក្បាលនេះ ថ្ងៃនេះ Business Cambodia សូមលើកយកយុទ្ធសាស្រ្តបិទការលក់ ៤ក្បាច់ បិទការលក់មិនងាយខកបំណងទេ។ ដោយក្នុងនោះរួមមាន
១.ស៊ើបសិន
ជាការពិតណាស់ មុននឹងយើងស្រលាញ់នរណាម្នាក់ យើងត្រូវច្បាស់ពីម្នាក់ហ្នឹងជាមុនសិន ដូច្នេះការលក់ដូចគ្នាជាដំបូងអ្នកត្រូវដៅអតិថិជនរបស់អ្នកឱ្យចំសិន ហើយត្រូវសិក្សាពីគាត់ពី A ដល់ Z ស៊ើបពីគាត់ជាមុន ថាគាត់មានលុយចាយជាមួយយើងទេ?
ហើយគាត់កំពុងជួបបញ្ហាអ្វី? តើបញ្ហានោះយើងអាចជួយដោះស្រាយបានដែរឬទេ? ដូច្នេះហើយប្រសិនបើអ្នករកឃើញថា អតិថិជនរបស់អ្នកកំពុងត្រូវការជំនួយពីផលិតផល ឬសេវាកម្មរបស់អ្នក មានន័យថាអ្នកជោគជ័យ៧០ភាគរយហើយ ដោយ៣០ភាគរយទៀត អ្នកត្រូវរកវិធីដើម្បីឱ្យគាត់អាចនិយាយជាមួយអ្នកបាន។
២. សាងទំនាក់ទំនង
នៅពេលដែលអ្នកដៅចំហើយ អ្នកត្រូវចេះសាងទំនាក់ទំនង ហើយទំនាក់ទំនងនេះទៀតសោតមិនមែនជារឿងដែលពិបាកទេក្នុងសម័យបច្ចុប្បន្ន ពោលយើងអាច Add Friend ទៅកាន់ពួកគាត់ ដោយព្យាយាម React លើ Post របស់ពួកគាត់ និងខំមិនលើរូបភាពរបស់គាត់ នោះគាត់នឹងចាប់ផ្តើមចាំយើង។
ដូច្នេះហើយនៅពេលដែលអ្នកចង់ណាត់ជួប អ្នកមានឱកាសច្រើន ហើយភ្ញៀវផ្ទាល់ក៏មានអារម្មណ៍ជិតស្និតជាមួយយើង តាមរយៈអ្នកធ្លាប់បាន React នេះដែរ។
៣.សួររកចំណុចខ្វះខាត៖
ក្នុងករណីអ្នកបានប្រាប់ពត៌មានអស់ហើយ ប៉ុន្តែគាតផ្តល់ចម្លើយថា ចាំមើលសិន គិតមើលសិន (ពាក្យបដិសេដ) នោះអ្នកពុំគួរប្រញាប់អរគុណលាគាត់ទេ ព្រោះថាទម្រាំអាចជួបបានអ្នកត្រូវប្រើពេលយូរ ហើយមួយវិញទៀតគាត់ចំណាយពេលជាមួយយើងក៏មានន័យថាគាត់ចាប់អារម្មណ៍អ្វីពីយើងដែរ ប៉ុន្តែប្រហែលគាត់មិនយល់ត្រង់ចំណុចណាមួយ ឬខុសពីការចង់បានរបស់គាត់។
ដូច្នេះ អ្នកគួរនិយាយថា ការបង្ហាញរបស់ខ្ញុំអាចនៅមានចន្លោះច្រើន រួចសួរគាត់ថា តើបងមានចំណុចដែលមិនទាន់ច្បាស់ ឬមានបញ្ហាអ្វីទេដែលចង់ឱ្យខ្ញុំជួយទេ នោះគាត់នឹងបើកចិត្តនិយាយជាមួយអ្នក ហើយអ្នកក៏មានឱកាសបិទបានដែរ ប្រសិនបើអ្នកអាចដោះបញ្ហាពួកគាត់បាន។
៤. ខល Fellow Up៖ បើអ្នកប្រើវិធីទាំង៣ ខាងលើហើយ អតិថិជននៅតែឆ្លើយរកលេសទៀត សូមកុំទុកពួកគាត់ចោល ដូច្នេះអ្នកត្រូវកំណត់ថ្ងៃ និងពេលឱ្យច្បាស់លាស់ ដើម្បីខលទៅសួរចម្លើយពីគាត់ម្តងទៀត ថាតើគាត់គិតយ៉ាងណាហើយ។