នៅពេលដែលរំលឹកទៅដល់ប្រទេសចិន បងប្អូនប្រហែលជានឹកឃើញទៅដល់ជាតិសាសន៍ដែលពូកែខាងរកស៊ី ក៏ដូចជាធ្វើជំនួញអីជាដើម។ តើជនជាតិចិនមានរបៀបលក់បែបណា ទើបធ្វើជនជាតិមួយនេះល្បីល្បាញខ្លាំងបែបនេះ។ ថ្ងៃនេះ Business Cambodia លើកយកគំនិតលក់សំខាន់ៗ៤ ដែលជនជាតិមួយនេះ តែងតែយកមកអនុវត្តក្នុងការលក់ដូរប្រចាំថ្ងៃ៖
១. រកស៊ីកុំមើលងាយលុយ
ជនជាតិចិនរកស៊ីខ្លាំងដោយសារឲ្យតម្លៃទៅលើលុយដែលពួកគេរកបាន ទោះមួយរយរៀលក៏សំខាន់ដែរ សន្សំយូរៗគង់តែកើនទ្រព្យឱ្យតែចេះទុកដាក់វាបានត្រឹមត្រូវ។ មិនតែប៉ុណ្ណោះជាមួយនឹងទម្លាប់សន្សំសំចៃបន្តិចម្តងនេះ ប្រែក្លាយជាទម្លាប់មួយដែលជួយឲ្យការរកស៊ីរបស់ពួកគេរីកចម្រើនប្រៀបដូចទស្សនៈរបស់ខ្មែរបានលើកឡើងថា «តក់ៗពេញបំពង់» នោះឯង។ បន្ថែមពីនេះទៅនោះ ជនជាតិចិនរកស៊ីអត់ធ្មត់ណាស់ ហើយក៏រហ័សរហួនថែមទៀតផង មិនខ្ជះខ្ជាយពេលវេលាចោលឥតប្រយោជន៍នោះទេ។
២. រកស៊ីកុំបន្ធូរ
ជាក់ស្តែងបើក្រឡេកទៅមើលពីការរកស៊ីរបស់ក្រុមហ៊ុន Alibaba របស់លោក ជេក ម៉ា រកស៊ីកាន់តែខ្លាំងក្លា វាយលុកគ្រប់ដណ្ដប់ ទីផ្សារអនឡាញអាស៊ី។ ការរកស៊ីរបស់ក្រុមហ៊ុន ថ្វីត្បិតតែដើរអស់រយៈកាលជាច្រើនឆ្នាំក្តីតែ សន្ទុះនៃសក្តានុពលរបស់អាជីវកម្មខ្នាតយក្សមួយនេះដើរប្រជែងខ្លាំង និងកំពុងតែជ្រៀតចូលទីផ្សារពិភពលោក មិនខុសពី Amazon ឡើយ។
៣. អតិថិជនគឺជាទ្រព្យ
ជនជាតិចិនត្រូវបានគេយល់ថាជាជាតិសាស៍រកស៊ីពូកែប្រើភាសាបេះដូង ស្មាមញញឹមកដូចសម្ដីពិរោះហើយរាក់ទាក់ទៅទៀតផង គួបផ្សំជាមួយនឹងរូបសម្រស់ស្រស់ស្អាតបែបជនជាតិចិនទៀតនោះ វាហាក់ដូចជាទ្រព្យដែលមានតម្លៃដែលជួយឱ្យការរកស៊ីកាន់តែដាច់ខ្លាំងឡើង។ ជាក់ស្តែងបើយើងក្រឡេកទៅមើលចិនលក់ចាប់ហួយនៅក្នុងស្រុកខ្មែរវិញ មិនថាកូនប្រុសឬស្រីរបស់ម្ចាស់របររកស៊ីនេះទេ ក៏បានក្លាយជាហេតុផលមួយដែលធ្វើឱ្យអតិថិជនចូលមកទិញរាល់ថ្ងៃដែរ។
៤. ហ៊ានចេញរកស៊ី
ជនជាតិចិនហ៊ានចេញរកស៊ីដោយមិនមានភាពអៀនខ្មាសនោះឡើយ បើទោះជារបរនោះតូចតាចយ៉ាងណាក្ដី។ ការចាប់ផ្តើមរកស៊ីចេញពីរបរតូចតាចទៅជារឿងដែលអាចឱ្យក្រុមជនជាតិនេះអាចសម្រេចគោលដៅចាប់យកអាជីវកម្មធំបាន។ ចំណុចនេះដោយសារតែគេចេះសម្លឹងមើលពីទិសដៅនៃការរកស៊ីនាពេលខាងមុខទោះជាផ្តើមចេញពីរបរកំប៉ិកកំប៉ុក តែអាចពង្រីកខ្លួនបានធំនៅពេលបន្ទាប់។ ហើយការរៀនសូត្រពីអាជីវកម្មដោយចេញពីរបរតូចតាចនេះ អាចបង្រៀនឱ្យម្ចាស់អាជីវកម្មស្គាល់ច្បាស់ពីអ្វីដែលធ្វើឱ្យគួរធ្វើនិងមិនគួរ និងមិនសូវព្រួយបារម្ភអំពីហានិភ័យឬភាពបរាជ័យនោះទេ៕