យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Bangkok Post បានឱ្យដឹងថានាយករដ្ឋមន្រ្តីថៃ លោកស្រី Paetongtarn Shinawatra និងស្វាមីលោក Pitaka Suksawat ថ្មីៗនេះបានប្រកាសជាសាធារណៈ ទៅកាន់អង្គភាពជាតិប្រយុទ្ធអំពើពុករលួយរបស់ថៃ(NACC) អំពីចំនួនទ្រព្យសម្បត្តិសរុប។
នៅក្នុងរបាយការណ៍របស់ NACC ចេញសេចក្តីប្រកាសនៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥ បានបង្ហាញថាទ្រព្យសម្បត្តិរបស់លោកស្រីនាយករដ្ឋមន្រ្តីនិងស្វាមីមានចំនួនសរុប១៣.៩៩ពាន់លានបាត ដោយចំណែករបស់សា្វមីមានចំនួន១៤១.១១លានបាត។
ក្នុងនោះអចលនវត្ថុដែលរួមមានផ្ទះចំនួន២កន្លែងនៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស និងដីចំនួន២កន្លែងនៅលើកោះហុកកៃដូប្រទេសជប៉ុន។ បន្ថែមពីនោះដីចំនួន៣កន្លែងនៅខេត្ត Pathum Thani ខុនដូចំនួន៥នៅទីក្រុងបាងកក ផ្ទះពីរកន្លែងនៅ Nonthaburi និង Bangkok និងអគារពាណិជ្ជកម្មធំមួយនៅ Phetchaburi។
យ៉ាងណាមិញនាយករដ្ឋមន្ត្រីវ័យ ៣៨ ឆ្នាំរូបនេះក៏មានប្រាក់ចំណូលប្រចាំឆ្នាំចំនួន ២៦៥ លានបាត។ ដោយក្នុងនោះប្រាក់បៀវត្សរ៍មានចំនួន ៣,៤០ លានបាត, ភាគលាភចំនួន ២៥៩,២៦ លានបាត ការប្រាក់ ២ លានបាត និងទទួលបានមកពីការជួល ៨៩០,០០០ បាត។ ដោយលោកស្រីបានដាក់ប្រាក់ក្នុងគណនីធនាគារចំនួន២៩ និងការវិនិយោគនៅក្នុងក្រុមហ៊ុនចំនួន៣២។
ប្រភពព័ត៌មានដដែលបានឱ្យដឹងថាសម្រាប់ការចំណាយប្រចាំឆ្នាំរបស់ លោកស្រីមានចំនួនសរុប៥៧.៧២លានបាត ដោយ៤៥លានបាតសម្រាប់ការចំណាយផ្ទាល់ខ្លួននិង៧លានបាតសម្រាប់ការចំណាយក្នុងគ្រួសារ។ បន្ថែមពីនេះលោកស្រីនិងស្វាមីក៏មានបំណុលប្រមាណ ៤៤.៤ ពាន់លានបាតផងដែរ។
ចំពោះចលនវត្ថុវិញលោកស្រី Paetongtarn កំពុងកាន់កាប់រថយន្តសរុបចំនួន២៣គ្រឿង ដែលជាឡានមកពីម៉ាកល្បីៗដូចជា Bentley ដែលមានតម្លៃ១០.៦លានបាត និង Rolls-Royce Phantom តម្លៃ៦.៧ លានបាត។ ទន្ទឹមនឹងនេះទ្រព្យសម្បត្តិនៃចលនវត្ថុផ្សេងទៀតរបស់លោកស្រីគឺនាឡិកាប្រណីតចំនួន៧៥គ្រឿង មានតម្លៃសរុប ១៦២លានបាតនិងមានកាបូបប្រណីត ២១៧ មានតម្លៃ៧៦.៦៥លានបាត។
សូមជម្រាបថាចំពោះទិន្នន័យនឹងតួលេខនៃទ្រព្យសម្បត្តិសរុបរបស់លោកស្រីនាយករដ្ឋមន្រ្តីថៃ Paetongtarn Shinawatra ក៏ត្រូវបានតំណាងមកពីគណបក្សភឿថៃចេញមកបញ្ជាក់ថា តួលេខដែលបានរាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកទំាងនេះគឺមានភាពត្រឹមត្រូវ៕
អត្ថបទដោយ៖ ពីង ជូអេង