បើយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាទីផ្សារមាសពិភពលោក បានឲ្យដឹងថានៅសប្ដាហ៍ទីមួយនៃខែវិច្ឆិកានេះតម្រូវការមាសដែលធនាគារកណ្ដាលពិភពលោកបានទិញស្ថិតក្នុងអត្រាដ៏ច្រើនពោលគឺក្បែរ៤០០តោនត្រឹមត្រីមាសទី៣នៃឆ្នាំ២០២២ នេះបើយោងតាមការចុះផ្សាយរបស់ Nikkei។
នៅក្នុងរបាយការណ៍ដដែលនោះបានឲ្យដឹងទៀតថាប្រទេសចិនគឺត្រូវបានគេសង្ស័យថាជាអ្នកដែលទិញមាសស្តុកទុកច្រើនបំផុតហើយគោលបំណងនៃការទិញមាសស្ដុកទុករបស់ចិនគឺដើម្បីធ្វើការកាត់ផ្ដាច់ការពឹងផ្អែកទៅលើប្រាក់ដុល្លាររបស់អាមេរិក។
លោក Itsuo Toshima អ្នកវិភាគទីផ្សារមាសបានឲ្យដឹងថា ប្រទេសចិនទំនងជាងប្រមូលទិញមាសស្ដុកទុកពីប្រទេសរុស្ស៊ី។ តាមពិតទៅនេះមិនមែនជាលើកទីមួយទេដែលប្រទេសចិនបានប្រមូលទិញមាសស្ដុកទុកដោយសម្ងាត់។ ជាក់ស្ដែងប្រទេសចិនមិនបានបង្ហាញពីទិន្នន័យនៃការស្ដុកមាសទុកតាំងពីឆ្នាំ២០១៩មកម្ល៉េះ។ លើសពីនេះធនាគារកណ្ដាលរបស់ចិនបានបង្កការភ្ងាក់ផ្អើលដល់ពិភពលោកកាលពីឆ្នាំ២០០៩ ខណៈប្រទេសនេះបានទិញមាសស្តុកទុករាប់តោនយ៉ាងសម្ងាត់។
គួរបញ្ជាក់ផងដែរថាគិតត្រឹមឆ្នាំ២០២២នេះ ប្រទេសដែលទិញមាសស្ដុកទុកច្រើនជាងគេបំផុតគឺសហរដ្ឋអាមេរិកដោយស្តុកមាសទុកចំនួន៨១៣៣តោន ហើយតាមពីក្រោយដោយប្រទេសអាល្លឺម៉ង់ដែលស្តុកមាសទុក៣៣៦២តោន។ ចំណែកប្រទេសចិនជាប់លំដាប់លេខ៦ជាប្រទេសដែលស្តុកមាសច្រើនបំផុតក្នុងលោកគឺ១៩៥៨តោន៕