ជំទាវ ជា សិរី ពន្យល់បែបនេះក្រោយបញ្ចេញក្រដាសប្រាក់ធំបំផុត ២០ម៉ឺនរៀល
Kan DaraOCTOBER 16 2024296 views

ធនាគារជាតិនៃកម្ពុជា បានចេញផ្សាយធនប័ត្រអនុស្សាវរីយ៍ប្រភេទ ២០០.០០០ រៀល និងដាក់ឱ្យចរាចរ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមការចុះផ្សាយរបស់ ធនាគារជាតិនៃកម្ពុជា នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤។

 

ក្នុងនោះលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានលើកឡើងយ៉ាងដូច្នេះថា៖ «ការដាក់ចេញនូវធនប័ត្រ ២០០.០០០ រៀល (២០ម៉ឺនរៀល) នឹងមិនប៉ះពាល់អ្វីដល់រូបិយវត្ថុដែលមាននៅក្នុងចរាចរនៃសេដ្ឋកិច្ចកម្ពុជាឡើយ។ […] ការដាក់ចេញនូវធនប័ត្រប្រភេទថ្មីនេះ គឺគ្រាន់តែជំនួសក្រដាសប្រាក់ចាស់ តួក រហែក ដែលយើងបានដកចេញពីចរាចរ»។

 

លោកជំទាវបានពន្យល់បន្ថែមទៀតថា នៅពេលដែលធនាគារជាតិប្រមូលនូវប្រភេទក្រដាសប្រាក់ចាស់ៗទាំងនោះមកវិញតាមរយៈការបង់ប្រាក់ចូលពីសាធារណជន ធនាគារជាតិនឹងយកទៅធ្វើស្រាវជ្រើស។ មានន័យថា ក្រដាសប្រាក់ណាចាស់ល្មមអាចដាក់ចរចារក្នុងសេដ្ឋកិច្ចឡើងវិញ ហើយភេទក្រដាស់ប្រាក់ណាដែរខូចខ្លាំងត្រូវយកទៅកាត់ ឬដុះចោលតែម្តង។

 

ក្នុងករណី ក្រដាសប្រាក់នោះមិនអាចដាក់ចូលទៅក្នុងចរាចរវិញបាន គឺទី១ ត្រូវយកទៅកាត់ជាកំណាត់តូចៗ បន្ទាប់មកគឺយកទៅដុតចោលក្នុងឡរបស់ធនាគារជាតិនៃកម្ពុជា។ ហើយចំនួនដែលកាត់ និងដុតនោះ គឺធនាគារជាតិដឹងច្បាស់ថាមានទំហំប៉ុន្មាន ហើយនឹងជំនួសនូវទំហំទឹកលុយដែលបានដុតដោយក្រដាសប្រាក់ថ្មីវិញ។

 

ឧទាហរណ៍ ប្រសិនបើធនាគារជាតិកាត់ក្រដាសប្រាក់ ១០.០០០រៀល នោះនឹងជំនួសដោយក្រដាសប្រាក់ ១០.០០០រៀល។ បើកាត់ក្រដាសប្រាក់ ៥០០រៀល នឹងជំនួសដោយក្រដាសប្រាក់ ៥០០រៀល។ ប៉ុន្តែក៏អាចជំនួសដោយប្រភេទក្រដាសប្រាក់ថ្មី ក្នុងទំហំបរិមាណសរុបស្មើគ្នាផងដែរ។

 

គួរជម្រាបថា ចំពោះគោលបំណងនៃការបង្កើត ធនប័ត្រអនុស្សាវរីយ៍ប្រភេទ ២០០.០០០ រៀលនេះ ធំបំផុតក្នុងប្រវត្តិសាស្ត្ររហូតដល់ ២០លានសន្លឹក ធ្វើឡើងដើម្បីអបអរសាទរខួបលើកទី ២០ នៃការគ្រងព្រះបរមរាជសម្បត្តិព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា៕

ឹឹ

 

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia