បញ្ហាដែលអ្នកធ្វើការជាច្រើនកំពុងជួបប្រទះ គឺពេលដែលខ្លួនមានប្រាក់ខែតិចចាយមិនគ្រាន់ ដល់ពេលមានច្រើនហើយនៅតែចាយមិនគ្រប់ឬបានតែមួយគ្រប់មិនសល់អ្វីសោះ រឿងនេះមានមូលហេតុជាច្រើន តែមូលហេតុដែលសំខាន់ជាងគេនោះគឺ ទម្លាប់ចាយលុយរបស់បុគ្គលខ្លួនឯង។
ជាការពិតចាត់ចែងបានល្អលុយនឹងសល់ តែបើចាត់ចែងមិនល្អលុយក៏មិនសល់។ ជុំវិញរឿងនេះដែរ Business Cambodia សូមលើកយកនូវទម្លាប់មិនល្អមួយចំនួនដែលធ្វើឱ្យ អ្នកខំធ្វើការរកលុយមករាល់ខែតែមិនសល់អ្វី បើកាត់ទម្លាប់ទាំងហ្នឹងចោលបាន ប្រាកដជាលែងជួបបញ្ហាលុយកាក់ទៀតហើយ។
មនុស្សយើងតែងច្រឡំរវាង តម្រូវការចាំបាច់និងចំណង់សាមញ្ញឬទ្រព្យបំណុល ដូចជាសម្ភារៈនិយមផ្សេងៗមាន ឡានថ្មី ឬទូរស័ព្ទថ្មី។ ឧទាហរណ៍ថាពេលនៅប្រាក់ខែ២០០$ ជិះម៉ូតូទៅធ្វើការបាន ដល់ពេលបាន៥០០$ក៏ហ៊ានសម្រេចចិត្តបង់រំលស់ឡានទាំងដែលនៅជិះម៉ូតូបានសោះ ការចាយបែបនេះមិនខុសពីបង្កើតបំណុលឱ្យខ្លួនឯងឡើយ ព្រោះថាបើមានឡាននឹងត្រូវចំណាយកាន់តែច្រើនជាងមុន។
២. មិនរក្សាទម្លាប់ចាយ
ត្រង់នេះវាដូចជាការចាយទៅតាមទឹកលុយដែលមាន ពេលមានលុយតិចចាយតិចទេ ដល់ពេលមានច្រើនចាយក៏ច្រើនដែរ នេះមានន័យថា បុគ្គលខ្លួនឯងមិនកំណត់ការចំណាយឱ្យបានជាក់លាក់ និងគ្មានការរៀបចំផែនការចំណាយឱ្យបានត្រឹមត្រូវជាប្រចាំ។ ឧទាហរណ៍ដូចជា ពេលចំណូលតិចទៅធ្វើរការចេះវេចបាយពីផ្ទះទៅ ដល់ពេលចំណូលច្រើនប្ដូរទៅជាញ៉ាំបាយខាងក្រៅវិញ ដែលវាជាហេតុធ្វើឱ្យត្រូវចាយលុយអស់ច្រើនជាងមុន។
៣. មិនមានវិន័យលើការគ្រប់គ្រងអារម្មណ៍
ជាការពិត លុយស្មើនឹងអារម្មណ៍ ដូច្នេះការចាយលុយតាមអារម្មណ៍គឺនឹងធ្វើឱ្យអស់លុយឆាប់ណាស់ ព្រោះថាអារម្មណ៍មនុស្សតែងតែប្រែប្រួលពិបាកគ្រប់គ្រង។ មនុស្សយើងដាច់ខាតមិនត្រូវចាយលុយតាមរបៀបនេះឡើយ ត្រូវមានច្បាប់សម្រាប់ខ្លួនឯងប្រើដើម្បីប្រឆាំងនឹងអារម្មណ៍កុំឱ្យចាយផ្ដេសផ្ដាស។ ហើយវិធីដែលគ្រប់គ្រងអារម្មណ៍បានល្អបំផុតនោះគឺ កុំដាក់លុយច្រើនតាមខ្លួន មានន័យថាបើទៅផ្សារទិញម្ហូបដាក់តែលុយត្រូវទិញម្ហូបបានហើយ កុំដាក់លើសហ្នឹង ដើម្បីងាយទប់អារម្មណ៍ដែលហោះហើរឃើញខោអាវស្អាតៗនៅក្នុងផ្សារហើយចង់ទិញ តែក៏ទិញមិនបានព្រោះគ្មានលុយច្រើនជាប់ខ្លួន ធ្វើបែបនេះជួយកាត់បន្ថយការចំណាយមិនចាំបាច់បានច្រើន។
៤. មិនដកសន្សំមុនពេលចំណាយ
មានមនុស្សច្រើនណាស់ចូលចិត្តប្រើពាក្យថា ចាយសិនទៅចាំសន្សំពេលសល់លុយ ប៉ុន្តែជាក់ស្ដែងលុយមិនដែលឃើញសល់ទេ ព្រោះថាចាយគឺចាយបើមិនដកទុកទេចាយទាល់តែអស់ ជួនកាលអស់ទាំងមិនដឹងខ្លួន មានខ្លះទៀតចាយសល់ថ្ងៃ ដាច់លុយមុនពេលបើកប្រាក់ខែជាប្រចាំ។ អាស្រ័យហេតុនេះហើយបានជាគួរតែ បង្កើតទម្លាប់ដកលុយទុកមុនចំណាយជាប្រចាំ ហើយវាគួរតែមានចំនួន ពី១០ទៅ២០ភាគរយ នៃចំណូលដែលរកបាន បើអាចដកវាទុកក្នុងគណនីសន្សំជាមួយនឹងធនាគារ ដើម្បីទទួលបានការប្រាក់ ហើយអ្វីដែលសំខាន់គឺដើម្បីកុំឱ្យច្រឡំដកចាយអស់ទៀត។
ជាការពិតប្រាក់ខែតិចឬច្រើន សល់លុយឬមិនសល់លុយ វាអាស្រ័យនៅលើទម្លាប់នៃការគ្រប់គ្រងលុយរបស់អ្នក ហេតុនេះប្រសិនបើលោកអ្នកកំពុងតែជួបបញ្ហាខាងលើនេះ សូមពិនិត្យទៅលើទម្លាប់ចាយលុយរបស់អ្នក ថាតើអ្នកគ្រប់គ្រងវាត្រូវហើយឬនៅ? តើអ្នកចាត់ចែងវាត្រូវខ្ទង់ទេ? តើចាយរាល់ថ្ងៃនេះលើរបស់ចាំបាច់ឬគ្រាន់តែចាយតាមចំណង់(របស់មិនចាំបាច់)? ដោយឡែកអ្វីដែលលើកឡើងខាងលើវាអាចនឹងមិនត្រូវទាំងអស់ឡើយ ព្រោះថាមានករណីខ្លះ លោកអ្នកអាចនឹងមានបន្ទុកច្រើនជាងមុនទើបធ្វើឱ្យមិនសល់លុយ តែទោះជានៅក្នុងស្ថានភាពណាក៏ដោយ ការបង្កើតទម្លាប់ល្អក្នុងការចាត់ចែងលុយនៅតែជារឿងសំខាន់ខ្លាំងដដែល។
ចង់ដឹងកាន់តែច្បាស់ពីការគ្រប់គ្រងលុយនិងរកផ្លូវដោះបំណុលហើយធ្វើឲ្យលុយអ្នកកាន់តែកើនអាចសាកអានសៀវភៅលុយពិត។ ទាក់ទងទិញសៀវភៅលុយពិតតាមតេឡេក្រាម https://t.me/hangchhengH24