សាកលវិទ្យាល័យ អាមេរិកាំងភ្នំពេញ ឬ AUPP គឺជាសាលកវិទ្យាល័យឯកជនភាសាអង់គ្លេសមធ្យមជួរមុខមួយដែលមានឈ្មោះបោះសំឡេងខ្លាំង ក្នុងចំណោមសាលាល្បីៗ និងលេចធ្លោរផ្សេងទៀតលើទឹកដីព្រះរាជាណាចក្រកម្ពុជា។ ចុះតើនរណាឈរពីក្រោយភាពជោគជ័យ ដឹកនាំសាលានេះឲ្យល្បី និងត្រូវបានគេទទួលស្គាល់ទូទាំងប្រទេស?
សាកលវិទ្យាល័យ អាមេរិកាំងភ្នំពេញ ឬ AUPP បានចាប់កំណើតក្នុងខែសីហា ឆ្នាំ២០១៣ ជាមួយនិស្សិតចំនួន៤០នាក់ មានទីតាំងស្ថិតក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។ ក្នុងនោះ ទស្សនៈវិស័យសម្រាប់ AUPP កើតចេញពីលោកបណ្ឌិត ជា វ៉ាន់ដេត លោកបណ្ឌិត កឹម រ៉េត វិសិដ្ឋ អតីតនាយកសាលាឧត្តមសិក្សានៃសាលាជាតិគ្រប់គ្រង និងលោកបណ្ឌិត Kenneth Dunn ដែលបានរួមគ្នាផ្តួចផ្តើមគំនិតមួយនេះឡើង។ សាកលវិទ្យាល័យថ្មីដែលនឹងបំពេញតាមស្តង់ដារអន្តរជាតិផ្អែកលើប្រព័ន្ធអប់រំរបស់សហរដ្ឋអាមេរិក និងផ្តល់ជូននូវកម្មវិធីសិក្សាដែលមានគុណភាពខ្ពស់បំផុត។ AUPP ត្រូវបានរៀបចំឡើងជាស្ថាប័នមិនរកប្រាក់ចំណេញ ដែលមានបេសកកម្មចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ធនធានមនុស្សកម្ពុជា។
យ៉ាងណាមិញ បើយើងក្រឡេកមើលនាយកប្រតិបត្តិ ទទួលបន្ទុកគ្រប់គ្រងសាលានេះវិញ AUPP បានឆ្លងកាត់ការដឹកនាំអស់បីជំនាន់មកហើយ គិតចាប់តាំងពីថ្ងៃបើកដំណើរការរហូតមកទល់បច្ចុប្បន្ន។ ក្នុងនោះរួមមាន នាយកប្រតិបត្តិទីមួយ គឺលោកស្រីបណ្ឌិត Sharon Siverts ត្រូវបានតែងតាំងនៅខែកក្កដា ឆ្នាំ២០១៤ នាយកប្រតិបត្តិទីពីរ គឺលោកបណ្ឌិត Kenneth Dunn (ឆ្នាំ២០១៦-ឆ្នាំ២០២១) និងលោក Dararith Lim ជានាយកប្រតិបត្តិទីបីចាប់តាំងពីខែមីនា ឆ្នាំ២០២១ រហូតដល់សព្វថ្ងៃ។
នាយកប្រតិបត្តិថ្មី ដែលមានឈាមជ័រជាកូនខ្មែរសុទ្ធសាធធ្លាប់ឆ្លងកាត់ជីវិតជូរចត់នាសម័យខ្មែរក្រហមលោក Dararith Lim ក្រៅពីមានតួនាទីជានាយកប្រតិបត្តិនៃសាកលវិទ្យាល័យ AUPP លោកគឺជាប្រធានក្រុមហ៊ុន General Electric Cambodia ដែលបានបម្រើការអស់រយៈពេលជាង១៣ឆ្នាំ។ លើសពីនេះ លោកក៏ធ្លាប់បានបម្រើការជាសមាជិកក្រុមប្រឹក្សាភិបាលសម្រាប់សភាពាណិជ្ជកម្មអាមេរិកអស់រយៈពេលជាងប្រាំបីឆ្នាំ ជាអនុប្រធានក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ដែលមានមូលដ្ឋាននៅទីក្រុង Washington DC និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ អស់រយៈពេលជិតមួយទសវត្សរ៍ក្នុងប្រទេសកម្ពុជាផងដែរ។
ក្នុងនាមជាជនជាតិខ្មែរដែលរស់នៅលើទឹកដីអូស្រា្តលីអស់រយៈពេល២៤ឆ្នាំក្រោយសម័យសង្រ្គាម និងបានវិលត្រឡប់មកមាតុភូមិវិញក្នុងឆ្នាំ២០០៥ លោក Dararith Lim បានលើកឡើងយ៉ាងដូច្នេះថា៖ «អស់ជាច្រើនទស្សវត្សមកហើយ ប្រទេសកម្ពុជាបានឆ្លងកាត់វាលពិឃាត សង្គ្រាមស៊ីវិល។ ស្ថានភាពសន្តិភាពនៃបច្ចុប្បន្នភាព និងស្ថិរភាពនយោបាយ ដែលនាំមកនូវការរីកចម្រើន និងវិបុលភាពជាមួយនឹងផលប្រយោជន៍សង្គម។ ខ្ញុំជឿថាប្រទេសកម្ពុជាបានរួមបញ្ចូលយ៉ាងសកម្មដោយទទួលយកការអនុវត្ត និងបទពិសោធន៍ល្អៗពីប្រទេសជិតខាងរបស់ខ្លួន ហើយឈានទៅមុខយ៉ាងឆាប់រហ័ស»។ លោកបានបន្តទៀតថា៖ «រឿងជោគជ័យដ៏អស្ចារ្យបំផុតក៏ត្រូវបានបង្កើតឡើងដោយមនុស្សដែលទទួលស្គាល់បញ្ហាប្រឈម ហើយប្រែក្លាយវាទៅជាឱកាសមួយ»។
គួរជម្រាបផងដែរថា សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) បានបន្តបង្កើនសក្តានុពលនិងពង្រីកវិសាលភាពរបស់ខ្លួនយ៉ាងឆាប់រហ័សគួរឲ្យកត់សម្គាល់។ ការសិក្សាទូទៅមានជាង១០មុខវិជ្ជា ដែលរៀនជាភាសាអង់គ្លេសសុទ្ធ តម្លៃសិក្សាចន្លោះពី ៣,០០០ដុល្លារ-៩,០០០ដុល្លារក្នុងមួយឆ្នាំ ហើយសាលានេះ មានគោលដៅបង្រៀននិស្សិតឲ្យក្លាយជាអ្នកដឹកនាំនាពេលអនាគត។ និស្សិតដែលបញ្ចប់បរិញ្ញាបត្រពីសាកលវិទ្យាល័យនេះ នឹងទទួលបានសញ្ញាបត្រ ចំនួនពីរក្នុងពេលតែមួយ គឺសញ្ញាបត្រមួយ បានពីសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ និងមួយទៀត បានពីសាកលវិទ្យាល័យរដ្ឋ Fort Hays State University (FHSU) នៅសហរដ្ឋអាមេរិក។ ក្នុងនោះ AUPP ក៏បានចុះកិច្ចព្រមព្រៀងមួយទៀត ជាមួយនឹងសាកលវិទ្យាល័យ Arizona ដែលជាសាលាដ៏ល្បីកំពូលមួយទៀត នៅលើពិភពលោកផងដែរ៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ»
ចែករំលែកគំនិត ឬផ្សព្វផ្សាយអាជីវកម្មអ្នកទីនេះ សូមទំនាក់ទំនង ០៩៦ ៤៩៩ ៧៣ ៦៦