សាជីវកម្ម Xerox គឺជាសាជីវកម្មអាមេរិកមួយដែលលក់ផលិតផល និងសេវាកម្មបោះពុម្ពឯកសារឌីជីថល ដែលបានពង្រីកអាជីវកម្មរបស់ខ្លួនរហូតដល់ទៅជាង ១៦០ ប្រទេស។ នៅក្នុងឆ្នាំ ២០១៧ ក្រុមហ៊ុននេះមានតម្លៃខ្លួនរហូតដល់ទៅ ៥.២៥៦ ពាន់លានដុល្លារ ដែលនេះជាតម្លៃមួយដ៏ច្រើនសម្បើមផងដែរ។ ប៉ុន្តែទម្រាំអាចដើរមកដល់ចំណុចនេះ Xerox ក៏ធ្លាប់ឆ្លងកាត់ព្យុះភ្លៀង ស្ទើរតែក្ស័យធុនផងដែរនៅអំឡុងឆ្នាំ ២០០១ ដល់ ២០០៣។
នៅពេលនោះជាពេលដែលអាជីវកម្ម Xerox មានបញ្ហានិងរកស៊ីខាតយ៉ាងខ្លាំង ដោយសារតែពេលនោះមានការប្រកួតប្រជែងគ្នាយ៉ាងខ្លាំងលើវិស័យដែល Xerox កំពុងតែធ្វើនេះ។ មិនយូរប៉ុន្មាន CEO ដែលធ្លាប់កាន់តំណែងក្នុងក្រុមហ៊ុនត្រូវបានគេដកចេញពីតំណែងហើយត្រូវជំនួសវិញដោយ CEO ស្រីដែលមានឈ្មោះថា Anne Mulcahy។ នៅក្នុងស្ថានភាពដ៏អាប់អួរបែបនេះ អ្នកស្រីត្រូវប្រឈមមុខយ៉ាងលំបាកដើម្បីដោះស្រាយនូវបញ្ហាដែលក្រុមហ៊ុនកំពុងជួបប្រទះ ដើម្បីស្ដារក្រុមហ៊ុនឱ្យបន្តរស់រានមានជីវិតបន្តទៀត។ ក្រោយឡើងកាន់តំណែងជា CEO ភ្លាម អ្នកស្រី Anne Mulcahy មិនបង្អង់យូរបានចាត់នូវវិធានការក្ដៅជាបន្តបន្ទាប់ដូចជា៖
១. កាត់បន្ថយនូវរាល់ការចំណាយដែលខ្ជះខ្ជាយនិងមិនសូវចាំបាច់ចោលឱ្យអស់ ព្រមទាំងបញ្ឈប់បុគ្គលិករហូតដល់ទៅ ២២០០០នាក់ ដើម្បីទប់ទល់ការចំណាយផ្សេងៗដើម្បីឱ្យអាជីវកម្មអាចរស់រានបន្ត។
២. យកប្រាក់មួយផ្នែកដែលនៅសល់វិនិយោគទៅលើការសិក្សាស្រាវជ្រាវដើម្បីអភិវឌ្ឍន៍ផលិតផល ឬសេវាកម្មថ្មីៗ ដើម្បីអាចប្រកួតប្រជែងជាមួយនឹងដៃគូរប្រកួតប្រជែងរបស់ខ្លួន។ បើទោះបីជាពេលនោះក្រុមហ៊ុនប្រឈមនឹងការប្រកួតប្រជែងយ៉ាងក្ដៅគគុកយ៉ាងណាក៏ដោយ ក៏ Xerox មិនបានសម្រេចចិត្តបញ្ចុះតម្លៃផលិតផល និងសេវាកម្មរបស់ខ្លួនដើម្បីបង្កើនការលក់ជាដាច់ខាត ប៉ុន្តែ Xerox ផ្ដោតទៅលើការពង្រឹងនូវគុណភាពរបស់ផលិតផល និងសេវាកម្មរបស់ខ្លួនឱ្យកាន់តែប្រសើរឡើងវិញ។
៣. ផ្លាស់ប្ដូរនូវរចនាសម្ព័ន្ធមួយចំនួន ជាពិសេសរើសមេដឹកនាំដែលមានសមត្ថភាព និងបណ្ដុះបណ្ដាលពួកគេឱ្យមានសមត្ថភាពកាន់តែខ្ពស់ ដើម្បីដឹកនាំផ្នែកសំខាន់ៗផ្សេងៗនៅក្នុងអាជីវកម្ម។
៤. គាត់បានចំណាយពេលវេលាសរុបរហូតដល់ទៅ ៩០ ថ្ងៃ ដើម្បីហោះហើរទៅកាន់ការិយាល័យផ្សេងៗរបស់ក្រុមហ៊ុនដើម្បីស្ដាប់មតិយោបល់របស់បុគ្គលិក និងមនុស្សនៅតាមសាខាផ្សេងៗ ទៅលើការយល់ឃើញរបស់ពួកគេចំពោះបញ្ហាដែលកំពុងជួបប្រទះ និងការយល់ឃើញរបស់ពួកគេថាអ្វីខ្លះដែលបានបង្កជាបញ្ហាមកដល់ពួកគេ។
៥. ជំនួសឱ្យការវិនិយោគនៅក្រៅប្រទេសដើម្បីប្រកួតប្រជែងនៅក្នុងទីផ្សារ អ្នកស្រីបានសម្រេចចិត្តលុបចោលការពង្រីកខ្លួនបន្ថែម ហើយប្ដូរមកវិញដោយផ្ដោតទៅលើការអភិវឌ្ឍន៍ទៅលើផលិតផលដែលកំពុងពេញនិយមរបស់ខ្លួនវិញ និងខិតខំស្វែងរកនូវបច្ចេកវិទ្យាថ្មីដើម្បីអភិវឌ្ឍន៍ផលិតផលរបស់ខ្លួនឱ្យកាន់តែលេចធ្លោ។
តាមរយៈការចាត់នូវវិធានការណ៍ទាំងប៉ុន្មានខាងលើរបស់អ្នកស្រី ក៏ទទួលបាននូវការរិះគន់មួយចំនួនផងដែរ។ ប៉ុន្តែបើទោះបីជាយ៉ាងណាក៏ដោយក្នុងនាមជាមេដឹកនាំពេលខ្លះក៏ត្រូវសម្រេចចិត្តដ៏លំបាក ខាំមាត់សង្កត់ចិត្ត អត់ធ្មត់និងបិទភ្នែកបិទត្រចៀករបស់ខ្លួនមួយពេលដើម្បីអាចសម្រេចបាននូវភាពជោគជ័យរបស់អាជីវកម្មនាពេលអនាគត។
តាមរយៈសកម្មភាពទាំងប៉ុន្មានរបស់អ្នកស្រីគឺបានជួយសង្គ្រោះក្រុមហ៊ុន Xerox បានពិតមែន។ នៅឆ្នាំ ២០០០ Xerox ខាតបង់ប្រាក់រហូតដល់ទៅ ២៧៣ លានដុល្លារ។ រីឯនៅឆ្នាំ ២០០១ នៅពេលដែលក្រុមហ៊ុនសម្រេចជ្រើសរើសឱ្យអ្នកស្រីឡើងកាន់តំណែង ក្រុមហ៊ុនបានមានបំណុលជាប់ខ្លួនរហូតដល់ទៅជាង ១៧ ពាន់លានដុល្លាររួចទៅហើយ។ ប៉ុន្តែមកដល់ឆ្នាំ ២០០៣ ពោលគឺរយៈពេល ២ឆ្នាំនៃការគ្រប់គ្រងរបស់អ្នកស្រី បានធ្វើឱ្យក្រុមហ៊ុនអាចរកប្រាក់ចំណេញបានរហូតដល់ទៅ ៩១ លានដុល្លារក្នុងមួយឆ្នាំ និងអាចជួយសង្គ្រោះក្រុមហ៊ន Xerox ដែលកំពុងប្រឈមនឹងការក្ស័យធន ឱ្យរស់រានមានជីវិតនិងរីកចម្រើនរហូតមកទល់នឹងបច្ចុប្បន្ន៕