នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ ក្រុមហ៊ុន ប៉េង ហួត គ្រុប បានរៀបចំកម្មវិធីសំណេះសំណាលជាលើកទី២ ជាមួយសិស្សនិស្សិត និងលោកគ្រូ អ្នកគ្រូ នៃអង្គការមូលនិធិកុមារកម្ពុជា (CCF) ចំនួន ៩០នាក់ ដែលត្រូវបានប្រារព្ធធ្វើឡើងនៅទីតាំងគម្រោង បុរី ប៉េង ហួត ហ្គ្រេន ស្តាផ្លាទីនីម (បឹងស្នោ) ខណៈលើកទី១ គឺត្រូវបានរៀបចំឡើងនៅទីតាំង Neeson Cripps Academy ស្ទឹងមានជ័យ។ កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងជួយគាំទ្របន្ថែមទៅលើស្មារតីនិងជំនាញទន់ និងការចូលរួមនៅក្នុងសង្គម ដល់និស្សិតដែលបានទទួលអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររយៈពេល ៤ឆ្នាំ ពីក្រុមហ៊ុន ប៉េង ហួត គ្រុប ដើម្បីពង្រឹងទៅលើចំណេះដឹងឱ្យកាន់តែទូលំទូលាយសម្រាប់ការត្រៀមខ្លួនក្នុងជីវិតការងារនាពេលអនាគត។
ក្នុងសកម្មភាពជួបសំណេះសំណាលនេះ ក៏មានដំណើរទស្សនកិច្ចសម្រាប់លោកគ្រូ អ្នកគ្រូ និងសិស្សនិស្សិត ក្នុងគម្រោងនិមួយៗរបស់ក្រុមហ៊ុន ប៉េង ហួត គ្រុប ដើម្បីស្វែងយល់អំពីលក្ខណៈពិសេស និងព័ត៌មានសំខាន់ៗមួយចំនួនផងដែរ។ ហើយនៅចុងបញ្ចប់នៃកម្មវិធី ក៏មានការរៀបចំញាំអាហារសាមគ្គីជាមួយថ្នាក់ដឹកនាំ បុគ្គលិក ប៉េង ហួត គ្រុប និងលោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សនិស្សិតអាហារូបករណ៍ ប៉េង ហួត គ្រុប នៅទីតាំងសួនអឺរ៉ុប ភីអេច យូរ៉ូផាក ក្នុងគម្រោង បុរី ប៉េង ហួត ហ្គ្រេន ស្តាផ្លាទីនីម (បឹងស្នោ) ដើម្បីបង្កើនភាពស្និទ្ធស្នាលបន្ថែមទៀត ខណៈកម្មវិធីជួបសំណេះសំណាលនិស្សិតអាហារូបករណ៍ ប៉េង ហួត គ្រុប នេះនឹងត្រូវរៀបចំជាបន្តបន្ទាប់នាពេលវេលាខាងមុខទៀតផងដែរ។
សូមរំលឹកថា កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រុមហ៊ុន ប៉េង ហួត គ្រុប បានផ្តល់អាហារូបករណ៍ចំនួន ៥០កន្លែង គិតជាទឹកប្រាក់ជាង ១១ម៉ឺន ដុល្លារអាមេរិក ដល់អង្គការមូលនិធិកុមារកម្ពុជា (CCF) សម្រាប់ជួយសម្រួលដល់ជីវភាពខ្វះខាត និងជាស្ពានចម្លងឆ្ពោះទៅកាន់អនាគតដ៏ភ្លឺស្វាង របស់ប្អូនៗថ្នាក់ទី១២ សរុបចំនួន ៥០នាក់ ដែលនឹងត្រៀមបន្តការសិក្សាថ្នាក់បរិញ្ញាបត្រនៅឆ្នាំ ២០២៣។