ស្វាយចន្ទីគឺជាដំណាំមួយប្រភេទដ៏មានសក្តានុពលនៅក្នុងប្រទេសកម្ពុជានិងបណ្តាប្រទេសនានានៅជុំវិញពិភពលោក ដំណាំស្វាយចន្ទីត្រូវបានគេដាំឡើងដើម្បីប្រមូលផលយកគ្រាប់របស់វា ចំណែកឯផ្លែរបស់វាអាចនឹងត្រូវបានបោះចោលសម្រាប់ប្រទេសមួយចំនួន រីឯប្រទេសផ្សេងទៀតក៏បានច្នៃផលិតចេញទៅជាស្រាឬផលិតផ្សេងៗទៀតដែលអាចរកប្រាក់ចំណូលបានក្រៅពីគ្រាប់។
ជាក់ស្តែង សម្រាប់ប្រទេសឥណ្ឌាវិញ ក្រៅពីដាំគ្រាប់ស្វាយចន្ទីដើម្បីយកគ្រាប់ គេក៏បានច្នៃផ្លែស្វាយចន្ទីទៅជាស្រាដែលអាចលក់យកកម្រៃផ្គត់ផ្គង់ជីវិតបន្ថែមបាន ក្រៅពីលក់គ្រាប់របស់វា។បើតាមការចុះផ្សាយរបស់សារព័ត៌មាន Business Insider បានឱ្យដឹងថា ជារៀងរាល់រដូវប្រមូលផលគ្រាប់ស្វាយចន្ទី ប្រជាកសិករនៅប្រទេសឥណ្ឌាបានដើររើសស្វាយចន្ទី ហើយបេះយកគ្រាប់យកទៅលក់ឱ្យរោងចក្រ ចំណែកឯផ្លែស្វាយចន្ទីត្រូវបានកសិករទាំងនោះយកមកចម្រាញ់ចេញជាស្រាដប ដែលស្រដៀងនឹងស្រាសរបស់ខ្មែរដើម្បីលក់ឱ្យអ្នកក្នុងភូមិ។ដោយក្នុងមួយដបពួកគាត់អាចលក់បានចន្លោះពី ២០០ ទៅ ៣០០ រ៉ូពី ដែលស្មើនឹង ៣ដុល្លារ ហើយក្នុងមួយរដូចពួកគាត់អាចរកចំណូលបានខ្ទង់ ៧០០ដុល្លារ។
ស្រាដែលគ្រួសារកសិករនៅប្រទេសឥណ្ឌាបានផលិតនោះមានឈ្មោះថាស្រា Feni ជាប្រភេទស្រាដែលចម្រាញ់ចេញពីគ្រាប់ស្វាយចន្ទី ហើយរូបមន្តធ្វើស្រានេះត្រូវបានរកឃើញដោយគ្រួសារមួយឈ្មោះ Wilson និង Melanie Vaz នៅឆ្នាំ ១៩៨២។ ហើយបច្ចុប្បន្នរូបមន្តផលិតស្រានេះត្រូវបានធ្វើបន្តដោយគ្រួសាររបស់អ្នកស្រី Drupathi Goankar ជានិច្ចជាកាលនៅរដូវប្រមូលផលស្វាយចន្ទីចន្លោះខែ មីនា និងខែមេសា គ្រួសារអ្នកស្រីបានដើររើសផ្លែស្វាយចន្ទីយកគ្រាប់លក់និងយកសាច់មកច្នៃធ្វើស្រា។
បើតាមប្រសាសន៍របស់អ្នកស្រី Drupathi Goankar បានឱ្យដឹងថា ដំណើរនៃការធ្វើស្រាផ្លែស្វាយចន្ទីនេះ ដំបូងឡើយគឺគាត់បេះគ្រាប់ស្វាយចន្ទីលក់ទៅឱ្យរោងចក្រកែច្នៃ ហើយផ្លែដែលនៅសល់គាត់យកមកចាក់គរចូលទៅកន្លែងមួយសម្រាប់ជាន់បំបែកវាយកទឹក។ក្រោយពីបានទឹកស្វាយចន្ទីហើយគាត់យកវាទៅច្រោះហើយទុកវាក្នុងធុងធំរយៈពេល២ទៅ៣ថ្ងៃឱ្យឡើងមេ បន្ទាប់មកទឹកចាក់ចូលក្នុងពាងដីឥដ្ឋដើម្បីដាក់ដុតចម្រាញ់ចេញជាស្រានិងរក្សាវាទុករយៈពេល ៧ទៅ ៨ម៉ោងបន្តទៀតមុននឹងយកច្រកចូលដបដើម្បីឱ្យគុណភាពស្រាត្រឹមត្រូវដែលអាចលក់ចេញបាន។ដោយឡែកចំពោះកម្រិតអាកុលដែលមាននៅក្នុងស្រា Feni ដែលចម្រាញ់ចេញពីផ្លែស្វាយចន្ទីនេះមានអាកុល ៤០% ទៅ ៤៥%។
យ៉ាងណាមិញ តាមរយៈគំនិតនៃការកែច្នៃស្វាយចន្ទីទៅជាស្រានេះ ជាគំនិតថ្មីមួយដែលបងប្អូនប្រជាពលរដ្ឋខ្មែរយើងអាចធ្វើការពិចារណាបាន ព្រោះដើម្បីក្លាយជាប្រភពចំណូលមួយផ្លូវទៀតក្រៅពីការលក់គ្រាប់ស្វាយចន្ទី ព្រោះបច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជាមានចំការស្វាយចន្ធីជាច្រើនហិកតា ហេតុនេះប្រសិនបើបងប្អូនដែលគាត់មានទុនហើយចង់ធ្វើអាចពិចារណាបាន៕ ទស្សនាវីដេអូនៃការផលិតស្រាស្វាយចន្ទី Video
អត្ថបទដោយ៖សម្បត្តិ សុខឡាង