"សន្សំលុយមិនអាចធ្វើឱ្យយើងក្លាយជាអ្នកមានទេ ប៉ុន្តែវាមិនធ្វើឱ្យយើងខ្វះមុខក្រោយ" ជាក់ស្តែងលោក Grant Cardone ដែលជាសេដ្ឋីទ្រព្យ ៦០០លានដុល្លារ លោកគឺជាអ្នកនិពន្ធសៀវភៅម្នាក់ និងអ្នកជំនាញបណ្ដុះបណ្ដាលផ្នែកលក់ គាត់អាចកសាងទ្រព្យសម្បត្តិពីដៃទទេ តាមរយៈការសន្សំលុយតាំងពីនៅយុវវ័យដើម្បីជាដើមទុនធ្វើជំនួញបានតម្លៃរាប់ដុល្លារដូចសព្វថ្ងៃនេះ។ នាពេលបច្ចុប្បន្ននេះលោកគឺជាម្ចាស់អចលនទ្រព្យក៏ដូចជាក្រុមហ៊ុនជាច្រើននៅអាមេរិក។
ក្នុងនោះលោកបានណែនាំនូវដំបូន្មាន ពីកំហុសឆ្គងរបស់យុវវ័យធ្វើឱ្យពួកគាត់មិនងាយធូរធារសល់ទ្រព្យដូចគេ៖
១. មិនស្វែងយល់ចំណេះដឹងហិរញ្ញវត្ថុ និងរបៀបប្រើប្រាស់លុយ
នេះគឺជាកំហុសធំបំផុតដែលយុវវ័យរង់ចាំរហូតដល់ពួកគេមានលុយគ្រប់គ្រាន់ទើបចង់សន្សំ ព្រោះតែរង់ចាំដល់មានលុយច្រើន ចាយគ្រាន់ទើបយកទៅសន្សំ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយការសន្សំគឺកើតចេញពីលុយកាក់សេននិងចំណេះដឹងរឿងលុយកាក់ ដើម្បីឈានទៅដល់ការចេះវិនិយោគលុយឱ្យកើតជាកូនកើតជាចៅ។
ដូច្នេះការរៀនពីចំណេះដឹងលុយកាក់និងការសន្សំលុយគឺសំខាន់ លុយតិចក្តីច្រើនក្តីការចាប់ផ្តើមសន្សំ ទោះតិចជាង៥០ដុល្លារ ស្មើនឹងចំណាយដែលបងប្អូនបានចំណាយទៅលើសម្ភារៈឬការទិញទំនិញកំប៉ុកកំប៉ិកប្រចាំថ្ងៃក៏ធ្វើឱ្យបងប្អូនអាចសល់លុយបានមួយចំណែកធំដែរ ។
២. ប្រើកម្ចីទៅទិញរបស់ហ៊ឺហា
សេដ្ឋី Grant Cardone បានលើកឡើងថា ក្នុងការកសាងទ្រព្យ លោកមិនដែលខ្ចីលុយគេទៅចំណាយលើរបស់របរហ៊ឺហាឬផ្ទះប្រណិតៗដើម្បីផ្គាប់ភ្នែកសង្គមឡើយ ព្រោះលោកគិតថាការខ្ចីលុយគេទៅចំណាយលើរបស់ទាំងនោះធ្វើឲ្យលោកត្រូវ បង់ការប្រាក់ ហើយមិនបានចំណូលមកវិញទៀត។ ប៉ុន្តែលោក តែងតែយកលុយដែលរកបានទៅវិនិយោគលើអ្វីដែលអាចបង្កើតលុយកាន់តែច្រើន។
៣. មិនចូលចិត្តធ្វើការងារលំបាក
នៅពេលដែលវ័យខ្ទង់១៨-២៥ឆ្នាំជាវ័យកំពុងពេញកសាងទ្រព្យ ប្រឹងប្រែងធ្វើការងារដើម្បីសន្សំលុយនិងដុសខាត់ចំណេះដឹង ចំណេះធ្វើ។ ប៉ុន្តែប្រសិនបើយុវវ័យមួយចំនួនមិនចូលចិត្តធ្វើការងារដែលលំបាកដែលអាចហុចផលឱ្យអនាគតរបស់គាត់បានទេនោះ គឺគាត់កំពុងខ្ជាះខ្ជាយពេលវេលាមាសប្រាក់ហើយ។
ការងារលំបាកដែលធ្វើឱ្យយើងអាចអភិវឌ្ឍន៍ខ្លួនឱ្យកាន់តែប្រសើរជាងមុន រឹងមាំជាងមុន រីកចម្រើនទៅមុខ ហើយក៏ជាផ្លូវកសាងទ្រព្យដ៏ធំបំផុតដែរ ព្រោះការងារដែលលំបាក ធ្វើឱ្យយើងមានជំនាញ មានលំនឹងជីវិតជាងមុន ហើយប្រាក់ចំណូលក៏ខ្ពស់ទៅតាមនោះដែរ៕
អត្ថបទដោយ៖ ពីង ជូអេង