រដ្ឋាភិបាលប្រទេសឥណ្ឌូនេស៊ីបានកាត់បន្ថយពន្ធលើការលក់រថយន្តអគ្គិសនីបន្ថែមទៀតពី ១១ភាគរយចុះមកនៅត្រឹមតែ ១ភាគរយប៉ុណ្ណោះ ដើម្បីជាការលើកទឹកចិត្តដល់ប្រជាពលរដ្ឋឱ្យជិះរថយន្តអគ្គិសនី ចំពេលរដ្ឋាភិបាលកំពុងប្រឹងប្រែងទាក់ទាញការវិនិយោគទៅក្នុងផលិតកម្មក្នុងស្រុក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣កន្លងទៅនេះ។
រដ្ឋាភិបាលប្រទេសឥណ្ឌូនេស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការលើកទឹកចិត្តនេះនឹងចូលជាធរមានក្នុងខែនេះ ហើយនឹងបន្តដំណើរការរហូតដល់ដំណាច់ឆ្នាំឯណោះ។ ខណៈក្រុមហ៊ុនរថយន្តអគ្គិសនីដែលល្បីៗប្រចាំប្រទេសឥណ្ឌូនេស៊ីរួមមាន Citroen E-C4 , DFSK Gelora និងរថយន្ត Mercedes Benz EQS ជាដើម។ លើសពីនេះ ប្រទេសឥណ្ឌូនេស៊ីក៏កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីទាក់ទាញការវិនិយោគលើការផលិតអាគុយអគ្គិសនី ក៏ដូចជាការដំឡើងរថយន្តអគ្គិសនីក្នុងស្រុក ឬការកែច្នៃថ្ម តាមរយៈការប្រើប្រាស់ទុនបម្រុងរបស់ខ្លួនផងដែរ។
គួរបញ្ជាក់ថា ក្រៅពីការកាត់បន្ថយតម្លៃពន្ឋលើការលក់រថយន្តអគ្គិសនីដើម្បីជម្រុញឱ្យប្រជាពលរដ្ឋជិះកាន់តែច្រើន រដ្ឋាភិបាលប្រទេសឥណ្ឌូនេស៊ីក៏បានត្រៀមថវិកាចំនួន ៤៦៦.៧០ លានដុល្លារសម្រាប់កាត់បន្ថយថ្លៃដើមនៃម៉ូតូអគ្គិសនីរហូតដល់ឆ្នាំ២០២៤ផងដែរ៕