សិស្សខ្មែរ២រូបរបស់សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ដែលមានយុវសិស្ស ឡេង លីហាក់ ជាសិស្សថ្នាក់ទី៦ និងយុវតី ឡេង លីតា ជាសិស្សថ្នាក់ទី៨ បានចូលរួមប្រកួត ប្រឡងគណិតវិទ្យានៅសហរដ្ឋអាមេរិក ដោយទទួលបានមេដាយចំនួន២គ្រឿង ក្រោយប្រជែងជាមួយសិស្សមកពី២៣ប្រទេស។
ការប្រកួតប្រជែងគណិតវិទ្យាកម្រិតពិភពលោកនេះមានឈ្មោះថា Copernicus Olympiad ដែលត្រូវបានរៀបចំឡើងក្នុងទីក្រុងញូយ៉កសហរដ្ឋអាមេរិក ចាប់តាំងពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ ដោយមានសិស្សានុសិស្សប្រមាណជាង ៥០០ នាក់ ក្នុងចំណោមសិស្ស ២៥៦៧ នាក់ ចូលរួមប្រកួត តំណាងមកពី ២៣ប្រទេស ក្នុងចំណោម ៤០ ប្រទេសជុំវិញពិភពលោក។
កម្មវិធី Copernicus Olympiad ប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដែលមានការចូលរួមពីសិស្សជាច្រើនមកពីជុំវិញពិភពលោក ដែលសិស្សទាំងអស់អាចចូលរួមប្រឡងគឺជាសិស្សចាប់ពីថ្នាក់ទី៣ដល់ថ្នាក់ទី១២លើវិញ្ញាសា គណិតវិទ្យា រូបវិទ្យា វិទ្យាសាស្ត្រ តារាសាស្ត្រ ការការពារសុវត្ថិភាពតាមប្រព័ន្ធអ៊ីនធឺណែត និងមហោស្រពភាពយន្ត។
គួរជម្រាបផងដែរកាលពីពេលថ្មីៗនេះ យុវតីឈ្មោះ គា ឆរីតា ដែលជាសិស្សកំពុងរៀនថ្នាក់ទី៩ នៃសាលាអន្ដរជាតិល ស៊ី អាយ អេ ហ្វឺសត៍ ក៏បានប្រឡងជាប់ជ័យលាភីលេខ ១ កមិ្រតសកលលោក និងទទួលបានមេដាយមាស ១ គ្រឿង ក្នុងចំណោមសិស្សចូលរួមសរុប ២២៣១ នាក់ ដែលចួលរួមប្រកួតប្រជែងវិញ្ញាសាគណិតវិទ្យាអន្ដរជាតិតាមប្រព័ន្ធអនឡាញ Caribou Mathematics Contest 2023 កម្រិតសិស្សថ្នាក់ទី៧/៨ ដែលរៀបចំឡើងដោយក្រសួងអប់រំកម្ពុជាផងដែរ៕
អត្ថបទដោយ៖ ពីង ជូអេង