រង់ចាំតែថ្ងៃបើកការដ្ឋាន! គម្រោងផ្លូវដឹកជញ្ជូនធំ និងវែង បំផុតរបស់កម្ពុជា ត្រូវបានសិក្សាចប់សព្វគ្រប់
Bunthoeun KoemJANUARY 31 20234 K views

គម្រោងជីកព្រែកពីទន្លេបាសាក់ តភ្ជាប់ទៅកាន់កំពង់ផែសមុទ្រខេត្តកំពតបានសិក្សាបញ្ចប់រួចរាល់ហើយចំពោះផ្នែកបច្ចេកទេស ផ្លូវច្បាប់ និងបានបញ្ជាក់ថាមិនមានអ្វីជាការប៉ះពាល់ឡើយ។ នេះបើតាមប្រសាសន៍លើកឡើងរបស់ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន  កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ នៅក្នុងជំនូបជាមួយសាជីវកម្មធនាគារ ស៊ូមីតូម៉ូ ម៉ីតស៊ុយ - Sumitomo Mitsui Banking Corporation (SMBC) ដឹកនាំដោយលោក Rajeev Kannan នាយកប្រតិបត្តិ ប្រចាំតំបន់អាស៊ីប៉ាស៊ីស្វិក ។

ថ្លែងនៅក្នុងជំនួបខាងលើ ឯកឧត្តមទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា គម្រោងជីកព្រែកតភ្ជាប់ទន្លេបាសាក់ ទៅកាន់កំពង់ផែនេះត្រូវបានសិក្សាលម្អិតរួចរាល់ទាំងផ្នែកបច្ចេកទេស និងផ្លូវច្បាប់ ដែលមិនមានអ្វីជាការប៉ះពាល់ឡើយ។ ឯកឧត្ដមបន្ដថា បើសិនជារកបានដៃគូអភិវឌ្ឍន៍ ហើយធ្វើឱ្យលេចចេញជារូបរាង នោះវានឹងក្លាយជាគម្រោងប្រវត្តិសាស្ត្រ ដែលនឹងផ្លាស់ប្តូរមុខមាត់កម្ពុជាទាំងមូល ក្នុងវិស័យនាវាចរណ៍នេះផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងដែរថា គម្រោងជីកព្រែកតភ្ជាប់ទន្លេបាសាក់ ទៅកាន់កំពង់ផែសមុទ្រនៃខេត្តកំពត គឺដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញតាមផ្លូវទឹក ឱ្យកាន់តែមានភាពងាយស្រួល ចំណេញពេលវេលា និងកាត់បន្ថយការចំណាយ។

សូមជម្រាបថា គម្រោងផ្លូវទឹកដឹកជញ្ជូនខាងលើនេះមានប្រវែង ១៦៨ គីឡូម៉ែត្រ។ ហើយការបញ្ជាក់ពីឯកឧត្ដម ស៊ុន ចាន់ថុល គន្លងទៅ គឺតម្រូវស្ដារឡើងវិញនូវតំបន់មួយចំនួន ហើយជីកព្រែកថ្មី ៧ គីឡូម៉ែត្រ គឺអាចឲ្យនាវា ឬកាប៉ាល់ដឹកជញ្ជូនទំនិញចូលទៅកំពង់ផែកំពត និងកំពង់ផែខេត្ដព្រះសីហនុក៏បាន។ ហើយនៅពេលគម្រោងនេះសាងសង់រួចរាល់ វានឹងអាចកាត់បន្ថយ ចម្ងាយដឹកជញ្ជូនបានដល់ទៅជាង១០០គីឡូម៉ែត្រឯណោះ៕

326115493 586150032912958 7895831085765745423 N

អត្ថបទដោយ៖ ឌឿក ស្រី នុត

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia