រដ្ឋបាលរាជធានីភ្នំពេញបានធ្វើការជូនដំណឹងអំពី ការបញ្ចៀសចរាចរណ៍នាថ្ងៃប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកានិងទិវាកំណើតកងយោធពលខេមរភូមិន្ទ លើកំណាត់មហាវិថីចំនួន៣ នៅថ្ងៃទី០៩វិច្ឆិកាមួយលើក និងថ្ងៃទី១១វិច្ឆិកាមួយលើក។
ដើម្បីឱ្យការប្រារព្ធពិធីទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា និងទិវាកំណើតកងយោធពលខេមរភូមិន្ទលើកទី៧១នេះ ប្រព្រឹត្តិទៅដោយរលូនរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ អាជ្ញាធរនឹងធ្វើការបញ្ចៀសចរាចរជាបណ្តោះអាសន្ន ចំពោះយានយន្តគ្រប់ប្រភេទ។
ក្នុងនោះអាជ្ញាធរមានសមត្ថកិច្ចនឹងធ្វើការបញ្ចៀសចរចរាណ៍ពី កំណាត់មហាវិថីព្រះសុរាម្រឹត កំណាត់មហាវិថីព្រះសីហនុ (ពីស្តុបវត្តលង្កា រហូតដល់ស្តុបនាគបាញ់ទឹក)និង កំណាត់មហាវិថីព្រះនរោត្តម (ពីផ្លូវលេខ២៤០ រហូតដល់រង្វង់មូលវិមានឯករាជ្យ និងពីរង្វង់មូលវិមានឯករាជ្យ រហូតដល់ផ្លូវលេខ២៩៤) ចាប់ពីម៉ោង ០៥:០០នាទីព្រឹក រហូតដល់បញ្ចប់ពិធីប្រារព្ធទិវាបុណ្យឯករាជ្យជាតិ។
អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាប យោគយល់អធ្យាស្រ័យ និងបញ្ចៀស ការធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវខាងលើ តាមកាលបរិច្ឆេទដូចបានជម្រាបជូនដោយអនុគ្រោះ ផុតរយៈពេលហាមឃាត់បណ្តោះអាសន្ននេះរដ្ឋបាលរាជធានីភ្នំពេញនឹងបើកឱ្យធ្វើចរាចរណ៍ជាធម្មតាវិញ៕