គម្រោងសួនឧស្សាហកម្មវាយនភណ្ឌបៃតងកម្ពុជា ដែលវិនិយោគក្រុមហ៊ុន Golden Intergrity International Investment Group មានទីតាំងស្ថិតនៅក្នុងភូមិឈើនាង ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះហើយ។
ដោយនៅក្នុងពិធីសម្ពោធបើការដ្ឋានសាងសង់ខាងលើនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងលោក John Yu ប្រធានក្រុមហ៊ុន Golden Intergrity International Investment Group ផងដែរ។
ឯកឧត្តម ហេង សួរ បានថ្លែងថា គម្រោងស្ថិតនៅលើផ្ទៃដីជាង ៥០០ហិកតា ក្នុងខេត្តកំពង់ស្ពឺនេះ ជាគម្រោងវិនិយោគសេដ្ឋកិច្ចយុទ្ធសាស្រ្ត ដែលនឹងផ្តល់ឱកាសឱ្យកម្ពុជាក្លាយជាមូលដ្ឋានផលិតកម្ម និងទីតាំងផ្គត់ផ្គង់ដ៏សំខាន់លើវិស័យឧស្សាហកម្ម បោះពុម្ព ជ្រលក់ពណ៌ និងអេឡិចកូប្លាតីង ស្បែកក្នុងតំបន់អាស៊ាន។
ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាគាំទ្រចំពោះការបង្កើតសួនឧស្សាហកម្មនេះ ដោយមើលឃើញថាគម្រោងនេះនឹងផ្តល់ការងារប្រមាណ៥ម៉ឺន ទៅ៦ម៉ឺនកន្លែងបន្ថែមទៀត។ ទន្ទឹមនេះ ខេត្តកំពង់ស្ពឺគឺជាគោលដៅយ៉ាងសំខាន់ដែលមានតម្រូវការកម្លាំងពលកម្មខ្ពស់ ក៏ដូចជាផ្តល់នូវឱកាសការងារជាច្រើន ទៅដល់ប្រជាពលរដ្ឋនៅក្នុងតំបន់និងក្នុងខេត្តជុំវិញ ដែលជាចំណែកមួយយ៉ាងសំខាន់ក្នុងការជួយគាំទ្រដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧
ឯកឧត្ដមបន្ថែមថា ការទទួលបានការវិនិយោគគម្រោងដ៏ធំនេះ គឺបង្ហាញថាខេត្តកំពង់ស្ពឺ មានសក្តានុពលគ្រប់គ្រាន់សម្រាប់វិនិយោគិន និងមានការគាំពារបានយ៉ាងល្អពីអាជ្ញាធរខេត្ត ជាពិសេសគឺស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការនាំយកការវិនិយោគ និងបង្កើតការងារឱ្យនៅជិតមូលដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋ។
សូមជម្រាបថា គម្រោងអភិវឌ្ឍន៍សួនឧស្សាហកម្មវាយនភណ្ឌបៃតងកម្ពុជានេះផ្តោតលើការបង្កើតឱ្យបាន នូវសួនឧស្សាហកម្មវាយនភណ្ឌលំដាប់ជាតិកម្ពុជា និងបន្តអភិវឌ្ឍន៍ឱ្យក្លាយជាមូលដ្ឋានផលិតកម្ម ផ្គត់ផ្គង់ដ៏សំខាន់លើ ឧហ្សាហកម្ម បោះពុម្ភ ជ្រលក់ពណ៍ និងអេឡិចកូប្លាតីងស្បែក ក្នុងតំបន់អាស៊ានផងដែរ៕