អ្នកឧកញ៉ាគួច ម៉េងលី បង្ហើបថាធ្វើជាថៅកែគេ បើមិនចេះភាសា៥នេះទេ ក្រុមហ៊ុនឆាប់ក្ស័យធនណាស់
ធី ស្រីល័ក្ខNOVEMBER 8 20241.9 K views

ធ្វើជាថៅកែក្រុមហ៊ុន ការបង្កើនចំណេះជំនាញគឺជារឿងសំខាន់បើយើងធ្វើជាមេគេហើយជំនាញនៅតែស្ទាក់ស្ទើរនោះប្រាកដជារកស៊ីចាញ់ជ្រាបបុគ្គលិកនិងចាញ់ជ្រាបសូម្បីតែដៃគូប្រកួតប្រជែងថែមទៀតផង ហើយបើចាញ់គេហើយទោះក្រុមហ៊ុនធំប៉ុន្មានក៏ឆាប់ក្ស័យធនទៅវិញដែរ។

ជាមួយគ្នានោះដែរ យោងតាម អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ដែលជាអ្នកជំនួញដ៏លេចធ្លោមួយរូបក៏បានបង្ហើបភាសាធំៗទាំង៥ ដែលម្ចាស់ជំនួញគ្រប់រូបគួរតែចេះបើមិនចង់ឱ្យក្រុមហ៊ុនបិទទ្វារទេ៖

 

.ភាសាខ្មែរ៖ អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី បាននិយាយថាអ្វីដែលម្ចាស់ក្រុមហ៊ុនគួរតែចេះមុនគេនោះគឺភាសាជាតិយើងគឺភាសាខ្មែរផ្ទាល់តែម្តង។ បើចំពោះរូបលោកផ្ទាល់បច្ចុប្បន្ននេះរៀងចាញ់គេបន្តិចគឺការប្រើប្រាស់ភាសាខ្មែរដោយសារអ្នកឧកញ៉ាគឺអាចអានភាសាខ្មែរដាច់ប៉ុន្តែអានយឺតបន្តិចព្រោះអ្នកឧកញ៉ាទៅរស់នៅក្រៅប្រទេសតាំងពីតូចមកម្លេះដូច្នេះភាសាដែលលោកចេះច្បាស់គឺភាសាអង់គ្លេស អញ្ចឹងភាសាខ្មែររូបលោកមិនសូវជាពូកែខ្លាំងណាស់ណាទេ។

 

.ត្រូវចេះភាសាសកល៖ ភាសាសកលនេះគឺពិតជាសំខាន់ខ្លាំងណាស់ ជាពិសេសនោះគឺការប្រើប្រាស់ភាសាអង់គ្លេសផ្ទាល់តែម្តងព្រោះនៅលើពិភពលោកប្រទេសណាក៏គេប្រើប្រាស់ភាសាអង់គ្លេសដែរ។ ដូច្នេះក្នុងនាមជាម្ចាស់ក្រុមហ៊ុនចាំបាច់ត្រូវតែចេះភាសាមួយនេះឱ្យបានច្បាស់លាស់ងាយស្រួលក្នុងការទំនាក់ទំនងចឹងអង់គ្លេសនេះនៅថ្ងៃអនាគតក៏ជានៅតែជាជម្រើសទី១ដដែល។

 

.ភាសាជំនាញ៖ ភាសាជំនាញនេះក៏ចាំបាច់ខ្លាំងដែរ សម្រាប់ថៅកែគ្រប់ៗគ្នាព្រោះបើយើងគ្មានជំនាញខាងវិស័យអីមួយហើយយើងស្រាប់តែទៅរកស៊ីជំនាញនោះច្បាស់ណាស់អាជីវកម្មនឹងឆាប់បិទ។ ដូចនេះបើយើងមានជំនាញខាងធ្វើម្ហូបអាស៊ី យើងទៅរកស៊ីខាងជំនាញហ្នឹងចំណុចនេះហើយដែលគេហៅថាភាសាជំនាញបែបនេះបើបងប្អូនប្រាកដជំនាញអ្វីទៅរកស៊ីជំនាញនោះច្បាស់ណាស់អាជីវកម្មយើងនឹងឆាប់លូតលាស់តែបើរកស៊ីជំនាញដែលខ្លួនមិនចេះនោះអាជីវកម្មក៏ឆាប់ក្ស័យធនទៅតាមហ្នឹងដែរ។

 

.ភាសាបច្ចេកវិទ្យា៖ ធ្វើជាថៅកែគេតែអត់ចេះប្រើប្រាស់កុំព្យូទ័រ អត់ចេះប្រើប្រាស់អ៊ីម៉ែល អត់ចេះប្រើប្រាស់អ្វីដែលទាក់ទងនឹងបច្ចេកវិទ្យាគឺស្មើនឹងចាញ់គេហើយ។ ធ្វើជាថៅកែគេគឺត្រូវតែចេះរបស់អស់នេះ បើមិនចេះទេអ្នកនឹងមិនអាចពង្រីកក្រុមហ៊ុនឱ្យធំបានទេ ពោលគឺនៅតែអាជីវកម្មលក្ខណៈគ្រួសារនេះមួយជីវិតតែម្តង លើកលែងតែយើងទៅជួលគេមកធ្វើទើបក្រុមហ៊ុនយើងអាចរីកចម្រើនទៅមុខបាន។

 

.ភាសាទឹកចិត្ត៖ ភាសាទឹកចិត្តនេះដែរគឺសំខាន់ ព្រោះនៅអាហ្រ្វិកគឺពេញនិយមយកភាសានេះមកអនុវត្តខ្លាំងណាស់ ភាសានេះដែរគឺសំដៅទៅដល់ការចេះយកចិត្តទុកដាក់ជាមួយថ្នាក់ក្រោមមិនថាខាងក្រោមមានបញ្ហាអ្វីចេះសួរនាំយកចិត្តទុកដាក់ជាមួយពួកគាត់នាពេលនោះហើយដែលគាត់ហ្នឹងស្រលាញ់និងមើលថែអាជីវកម្មរបស់យើងទៅតាមនោះផងដែរ៕

២៧

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia