កាន់តែល្អប្រសើរ! ធនាគារពិភពលោកព្យាករថាសេដ្ឋកិច្ចកម្ពុជានឹងកើនឡើងជិត៦%នៅឆ្នាំ២០២៤
Toeuy HongNOVEMBER 22 2023363 views

កាលពីខែឧសភាឆ្នាំ២០២៣កន្លងទៅនេះធនាគារពិភពបានចេញរបាយការណ៍លើកទីមួយដោយព្យាករថាប្រទេសកម្ពុជាយើងនឹងមានកំណើនសេដ្ឋកិច្ចចំនួន៥.៥ភាគរយនៅក្នុងឆ្នា២០២៣នេះប៉ុន្ដក្នុងរបាយការណ៍លើកទី២ដែលទើបតែចេញផ្សាយនៅថ្ងៃនេះធនាការពិភពលោកបានព្យាករថាសេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាកររំពឹងទុកថានឹងមានកំណើន៥.៤%នៅឆ្នាំ២០២៣នេះ។

 

នៅក្នុងរបាយការណ៍ដដែលនោះធនាគារពិភពលោកបានឲ្យដឹងទៀតថាកំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២៤ខាងមុខត្រូវបានរំពឹងទុកថានឹងមានកំណើន៥.៨% ហើយឆ្នាំ២០២៥ត្រូវព្យាកររំពឹងទុកថានឹងមានកំណើនប្រមាណ៦.១%ផងដែរ។

 

 ធនាគារពិភពលោកបានព្យករពីកំណើនសេដ្ឋកិច្ចកម្ពុជាដោយផ្អែកលើការ​កើនឡើង​នូវ​ការ​វិនិយោគហេដ្ឋា​រចនាសម្ព័ន្ធ និង​អំពី​អត្ថ​ប្រយោជន៍​ដែល​នឹង​កើតចេញពី​កិច្ច​ព្រម​ព្រៀង​ពាណិជ្ចកម្ម​នានាដែល​កម្ពុជា​មានជាមួយ​បណ្តា​ប្រទេស​​នៅ​ក្នុង​តំបន់។

 

បើយោងតាមសម្ដីរបស់លោកស្រី ម៉ារីយ៉ាម សាលីម នាយកគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំនៅកម្ពុជា មាន​ប្រសាសន៍ថា “ដើម្បីរក្សា​​បាន​នូវ​កំណើន​សេដ្ឋកិច្ច កម្ពុជា​ចាំបាច់​ត្រូវ​ជួយ​ដល់​វិស័យឯកជនឱ្យ​​បំពេញ​មុខ​ងារ​ជា​ក្បាលម៉ាស៊ីន​កំណើន​មួយ ហើយ​កិច្ច​ការ​នេះ​អាច​សម្រេច​បាន​ ដោយ​ធ្វើ​​សកម្មភាព​ភ្លាមៗក្នុង​ការ​កែលម្អ​ការបំពេញកិច្ច​របស់​វិស័យ​សា​ធារ​ណៈ”។ លោកស្រី​បានបន្ថែមទៀតថា“​ការ​រក្សា​ស្ថេរភាពហិរញ្ញវត្ថុ​ក៏ជា​អាទិភាពមួយដែរ ហើយ​ ចាំ​បាច់​ត្រូវ​តែ​ខិតខំ​ថែម​ទៀត​ក្នុង​​ស្តារលំហ​សារពើពន្ធឡើងវិញ”។

 

 របាយការណ៍របស់ធនាគារពិភពលោកដែលព្យាករពីស្ថានភាពសេដ្ឋកិច្ចកម្ពុជាគឺចេញមួយឆ្នាំ២ដង ហើយក្នុងការបាយការណ៍ចុងក្រោយនៃឆ្នាំ២០២៣នេះធនាគារពិភពលោកក៏បានរំលេចផងដែរថា វិស័យទេសចរណ៍មានសារៈសំខាន់ណាស់​សម្រាប់​សេដ្ឋកិច្ចកម្ពុជា ប៉ុន្ដែបើទោះបីជាមានភ្ញៀវទេសចរអន្តរជាតិចូលប្រទេសវិញ​ជាហូរហែក៏ដោយក៏ប្រាក់ចំណូលពីវិស័យទេសចរណ៍នៅមានកម្រិតទាបនៅឡើយ។

 

នៅក្នុងរបាយការណ៍ចុងក្រោយ ធនាគារពិភពលោកក៏បានបញ្ជាក់ផងដែរថានាពេលខាងមុខកំណើនសេដ្ឋកិច្ចអាចនៅ​តែ​រងផលប៉ះពាល់បន្ថែមទៀតដោយសារតែការចុះខ្សោយនៃតម្រូវការពិភពលោក ឬពីការឡើងថ្លៃប្រេងឥន្ធនៈ និងថ្លៃស្បៀងអាហារឡើងវិញ។ ចំណែកក្នុងស្រុកវិញការកើនឡើងនៃ​បំណុលគ្រួសារ និងឥណទានក្នុងស្រុកនៅ​ក្នុងវិស័យអចលនទ្រព្យ នៅតែជាហានិភ័យដដែល៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia