នៅពេលនិយាយទៅដល់ការផលិតយន្តហោះចេញពីស្នោ ប្រាកដជាមានបងប្អូនមួយចំនួនគិតថាជារបស់នាំចូលជាមិនខានឡើយ ប៉ុន្តែតាមពិតទៅនាពេលនេះមានផលិតផលថ្មីៗជាច្រើនប្រភេទដែលកូនខ្មែរអាចធ្វើបានមិនចាញ់បរទេសឡើយ។ តួយ៉ាងដូចជាយុវជន១ក្រុម ដែលរស់នៅក្នុងខេត្តកំពង់ធំអាចផលិតយន្តហោះចេញពីស្នោបាននិងដាក់គោលដៅលក់ឱ្យបាន១ពាន់គ្រឿងក្នុងមួយខែ។
ថ្លែងប្រាប់សារព័ត៌មាន Business Cambodia លោក ជឿន ចននី ជាស្ថាបនិកក្រុមគំនិត-Khomnit បាននិយាយពីដើមទងជីវិតរបស់ខ្លួនថា តាំងពីក្មេងមកលោកពិតជាចាប់ចិត្តជាមួយវិស័យអាកាសចរណ៍ខ្លាំងណាស់ជាពិសេសនោះគឺយន្តហោះតែម្តង។ ដូច្នេះហើយបានជាលោកប្រាប់ខ្លួនឯងថានៅពេលធំពេញវ័យលោកនឹងផលិតយន្តហោះឱ្យបានបើទោះបីជាមិនអាចផលិតយន្តហោះឱ្យមនុស្សជិះដូចគេបាន តែត្រឹមផលិតយន្តហោះចេញពីស្នោអាចហោះហើរលើអាកាសក៏លោកអស់ចិត្តដែរ។
ស្ថាបនិកក្រុម គំនិត-Khomnit បានបន្តទៀតថានៅពេលដែលកំពុងសិក្សាពេលគ្រូបង្រៀនផ្នែកវិទ្យាសាស្រ្តលោកយកចិត្តទុកដាក់ខ្លាំងណាស់។ ព្រោះតែការស្រលាញ់និងមានក្តីស្រមៃពិតប្រាកដក្នុងឆ្នាំ២០០៥ លោកបានស្រាវជ្រាវស្វ័យសិក្សាខ្លួនឯងនិងបានមើលសៀវភៅខ្លះៗរហូតក្នុងឆ្នាំ២០១៨ លោកអាចផលិតយន្តហោះតូចៗចេញពីស្នោបានយ៉ាងជោគជ័យ។
ក្រឡេកមកមើលយន្តហោះរបស់លោកបន្តិចគឺមានតម្លៃ ១គ្រឿងពី៣០ដុល្លារ ទៅ៤០ដុល្លារឡើងទៅ ដោយយន្តហោះនេះផងដែរ គឺលោកបានប្រើរូបមន្តពិសេស ក្នុងការរក្សាភាពស្វិតបានយូរនៃគុណភាពស្នោ។ ក្នុងនោះលោកពន្យល់ថាយន្តហោះរបស់លោកគឺមាន ៣ ប្រភេទ ចំពោះប្រភេទទី១ជាយន្តហោះសម្រាប់គប់លេង និងប្រភេទទី២ ជាយន្តហោះ សម្រាប់បញ្ជាហោះហើរនៅលើអាកាសបានដូចដ្រូន និងប្រភេទទី៣ ជាប្រភេទយន្តហោះដាក់តាំងលម្អលើតុ រឺកន្លែងធ្វើការ ។
លោក ជឿន ចននី ជាស្ថាបនិកក្រុម គំនិត-Khomnit បានបន្ថែមថា សម្រាប់យន្តហោះប្រភេទគប់លេងលោកបានផលិត៤ ម៉ូឌែល គឺប្រភេទ Boeing 787 Boeing 747 ម៉ូឌែល A350 និងម៉ូឌែល A320 ចំណែកប្រភេទទី ២ គឺយន្តហោះបញ្ជាដែលចេញលក់នៅលើទីផ្សារ ប្រភេទ Boeing 787 Airbus A350 និង យន្តហោះចម្បាំង F35 វាមានប្រវែង៦៨ សង់ទីម៉ែត្រជាមធ្យម សម្រាប់យន្តហោះខ្នាតធំនិងបំពាក់មុខងារពិសេសៗអតិថិជនអាចធ្វើការកម្ម៉ង់តាមតម្រូវការបាន “Custom design”។
ទោះជាយ៉ាងណា សម្រាប់ការផលិតយន្តហោះនេះគឺលោក ជឿន ចននី និងសមាជិកចំនួន៧ នាក់ទៀត បានបញ្ជាក់ថា នាពេលបច្ចុប្បន្នយន្តហោះរបស់លោកអាចលក់ចេញបានក្នុងមួយខែចំនួន១០០គ្រឿង ប៉ុន្តែអ្វីជាគោលដៅនាពេលខាងមុខគឺលោកនឹងលក់ឱ្យបាន១ពាន់គ្រឿង មិនតែប៉ុណ្ណោះគោលដៅធំជាងគេរបស់លោកនៅពេលដែលក្រុមហ៊ុនលោកអាចដំណើរកាលបានល្អជាងនេះលោកនឹងផលិតដ្រូនសម្រាប់ប្រើប្រាស់ក្នុងវិស័យកសិកម្ម ចំពោះទស្សនៈវិស័យរបស់លោកគឺលោកនឹងផលិតគ្រឿងអេឡិចត្រូនិចបន្ថែមទៀតដូចជាម៉ូទ័របូមទឹក ម៉ូទ័រជម្រុញទឹកតាមផ្ទះ ម៉ាស៊ីនបោកខោអាវតាមផ្ទះផងដែរ។
ប្រសិនជាបងប្អូនចង់បញ្ជាទិញយន្តហោះពីលោកអាចចូលទៅកាន់ផេក Khomnit-គំនិត ឬទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 098 331 213 ហើយចំពោះបងប្អូនដែលចង់ដាក់ទុនវិនិយោគជាមួយលោកក៏លោកព្រមទទួលផងដែរ ដោយសារនាពេលនេះក្រុមហ៊ុនលោកគឺមានសមត្ថភាពផលិតផលគ្រឿងអេឡិចត្រូនិចជាច្រើនប្រភេទគ្រាន់តែនៅខ្វះអ្នកវិនិយោគបន្ថែមទៀតប៉ុណ្ណោះ។ កុំភ្លេចជួយគាំទ្រផលិតផលខ្មែរផងណាពីខ្ញុំកូនចាបក្រហម <3 ៕
អត្ថបទ៖ ធី ស្រីល័ក្ខ