ជាផ្ទាំងទស្សនីយភាពដ៏រំភើបមួយ បន្ទាប់ពីយីហោហាងល្បីៗរបស់ខ្មែរចំនួន១០បានបង្ហាញខ្លួន នៅលើបដាផ្សព្វផ្សាយពាណិជ្ជកម្ម Time Square ឋិតចំកណ្តាលទីក្រុង New York សហរដ្ឋអាមេរិក ជាតំបន់ទេសចរណ៍ដ៏មមាញឹកបំផុតលើពិភពលោក ទាក់ទាញអ្នកទស្សនាប្រមាណ ៥០លាននាក់ជារៀងរាល់ឆ្នាំ ។
តាមចុះផ្សាយរបស់ Grab នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ បានបញ្ជាក់ថានេះជាលើកទី២ ហើយ ដែលកម្ពុជាមានមោទនភាពយ៉ាងខ្លាំងក្នុងការបង្ហាញមុខ ហាងល្បីៗទាំង១០ ក្នុងស្រុកខ្មែរដែលមានដូចជា៖
១. ហឹរ ខនណើរ - Hel Corner
២. Ta Seth Canteen-អាហារដ្ឋាន តាសេត
៣. Soul Coffee Cambodia
៤. MIXT COFFEE
៥. Mama Wong's Dumpling & Noodle House
៦. កូនស៊ុប40
៧. មីគាវ សៀមរាប
៨. ភូមិនំបញ្ចុក សៀមរាប
៩. មីកូឡា សៀមរាប
១០. Dialogue Coffee
យ៉ាងណាមិញការបង្ហាញខ្លួននៅលើបដា Times Square ក្នុងទីក្រុងញូវយ៉ក នៃសហរដ្ឋអាមេរិកនេះ គឺដើម្បីផ្សព្វផ្សាយនូវរសជាតិ និងគុណភាពផលិតផលខ្មែរ នៃហាងល្បីៗក្នុងស្រុករបស់កម្ពុជាឲ្យកាន់តែទូលំទូលាយ និងឈានដល់មួយកម្រិតទៀត របស់អាជីវកម្មខ្មែរ ផលិតផលខ្មែរ និងអនាគតប្រទេសកម្ពុជា។
គួរជម្រាបផងដែរថាបដា Time Square នាទីក្រុង New York នេះគឺជាចំណុចប្រសព្វពាណិជ្ជកម្មដ៏ធំបំផុត ផ្នែកឧស្សាហកម្មកម្សាន្ត គោលដៅទេសចរណ៍ តំបន់ថ្មើរជើងដ៏មមាញឹកបំភ្លឺដោយផ្ទាំងប៉ាណូឌីជីថល និងការផ្សាយពាណិជ្ជកម្ម និងអាជីវកម្មដែលផ្តល់សេវាកម្ម 24/7 ខណៈយីហោធំៗប្រណីតៗ និងកំពូលបុគ្គលល្បីៗក៏ត្រូវបានផ្សព្វផ្សាយនៅលើទំព័រពាណិជ្ជកម្មឌីជីលដ៏ធំនិងស៊ីវិល័យមួយនេះដែរ៕
អត្ថបទដោយ៖ ពីង ជូអេង