លោក Dave Ramsey អ្នកជំនាញហិរញ្ញវត្ថុរបស់អាមេរិកតែងតែចែករំលែកចំណេះដឹងហរញ្ញវត្ថុដើម្បីឲ្យមនុស្សរស់នៅចៀសផុតពីបញ្ហាបំណុលហើយរស់នៅមានសេរីភាពមិនព្រួយរឿងលុយកាក់។ ជាពិសេសគាត់បានបង្ហាញពីជំហានទាំង៧ដែលហៅថាជំហានកូនង៉ា( Baby-Step) ជួយឲ្យមនុស្សដោះខ្លួនពីបំណុលហើយអនាគតសល់លុយ សល់ទ្រព្យច្រើន។ ជំហានកូនង៉ាទាំង៧ត្រូវបានអនុវត្តដូចខាងក្រោមនេះ។
១. សន្សំលុយឲ្យបាន១ពាន់$៖ នេះជាជំហានដំបូងដែលអ្នកត្រូវធ្វើឲ្យបានដើម្បីឈានដល់ការដោះបំណុលនិងកសាងទ្រព្យសម្បត្តិសម្រាប់ជីវិត។ ត្រង់នេះអ្នកត្រូវសន្សំឲ្យបាន១ពាន់ដុល្លារទុកធ្វើជាលុយបម្រុងទុកពេលមានអាសន្ន។ ត្រូវចាំថានៅក្នុងការស់នៅយើងតែជួបហេតុការណ៍ជាច្រើនដែលយើងមិនអាចដឹងមុនហើយសុទ្ធតែត្រូវការលុយដោះស្រាយ ដូច្នេះគ្រោះថ្នាក់ផ្សេងៗ ឈឺថ្កាត់និងបាត់បង់ការងារជាដើម។ ដូច្នេះអ្នកត្រូវសន្សំឲ្យបាន១ពាន់ដុល្លារដើម្បីការពារ។
២. ដោះបំណុលទាំងអស់(លើកលែកតែបំណុលកម្ចីទិញផ្ទះ)៖ ព្យាយាមដោះបំណុលដែលមានឲ្យបានឆាប់តាមដែលអាចធ្វើទៅតាមលើកលែងបំណុលកម្ចីទិញផ្ទះប៉ុណ្ណោះ។ ចំពោះក្បួនក្នុងការដោះបំណុលអ្នកអាប្រើក្បួនដោះបំណុលពីតូចទៅធំព្រោះការធ្វើបែបនេះធ្វើឲ្យអ្នកមានកម្លាំងចិត្តដោះបំណុលហើយដោះឆាប់អស់។
៣. សន្សំបម្រុងទុកសម្រាប់ចំណាយក្នុងការរស់នៅឲ្យបានពី៣ទៅ៦ខែ៖ ត្រង់នេះអ្នកត្រូវសន្សំបម្រុងទុកសម្រាប់ចំណាយក្នុងការរស់នៅឲ្យបានពី៣ទៅ៦ខែ។ ឧទាហរណ៍បើគ្រួសារអ្នកចំណាយក្នុងការស់នៅប្រចាំខែ៥០០ដុល្លារ នោះអ្នកគួរមានសន្សំលុយបម្រុងទុកពី១៥០០ដុល្លារទៅ៣០០០ដុល្លារ។ លុយសន្សំបម្រុងទុកនេះសំខាន់ណាស់ព្រោះក្នុងករណនីអ្នកមានបញ្ហាអ្នកអាចដកលុយនេះយកមកផ្គត់ផ្គង់បាន។
៤. វិនិយោគ១៥%នៅក្នុងផែនការចូលនិវត្តន៖ មនុស្សភាគច្រើនមិនសូវបានខ្វល់ខ្វាយពីការកសាងប្រភពចំណូលសម្រាប់ចូលនិវត្តនោះទេដូច្នេះហើយទើបពេលចាស់ទៅធ្វើការលែងកើតពួកគាត់ជួបបញ្ហាលុយកាក់។ ដូច្នេះដើម្បីចាស់នៅមានលុយចាយអ្នកត្រូវនិយោគប្រចាំខែ១៥%នៃចំណូលសរុបទៅក្នុងផែនការដូចនិវត្ត។ ឧទាហរណ៍អ្នកអាចដក១៥%នៃចំណូលសរុបប្រចាំទៅដាក់សន្សំនៅក្នុងគណនីសម្រាប់ចូលនិវត្តនោះ ពេលចាស់ទៅមិនខ្វះលុយចាយទេ។
៥. សន្សំសម្រាប់ការសិក្សាកូនៗ៖ ចង់ឲ្យកូនអនាគតល្អ អ្នកត្រូវតែសន្សំលុយទុកសម្រាប់ការផ្គត់ផ្គង់ការសិក្សារបស់កូនៗ។
៦. ដោះបំណុលទិញផ្ទះឲ្យបានឆាប់៖ ការទិញផ្ទះគឺជាការចំណាយដ៏ច្រើនបំផុតនៅក្នុងជីវិតរបស់មនុស្ស។ ដូច្នេះអ្នកត្រូវតែដោះបំណុលទិញផ្ទះឲ្យបានឆាប់បើមិនដូច្នេះទេអ្នកនឹងបន្តរស់នៅជាមួយបំណុលរាប់ឆ្នាំហើយបាត់ឱកាសក្នុងការកសាងទ្រព្យសម្បត្តិ។
៧. កសាងទ្រព្យសម្បត្តិ
បន្ទាប់ពីអ្នកដោះបំណុលអស់ពីខ្លួនហើយនោះគឺជាពេលវេលាដែលអ្នកត្រូវចាប់ផ្ដើមកសាងប្រភពចំណូលនិងកសាងទ្រព្យសម្បតិ្ត។ ផ្លូវក្នុងការកសាងទ្រព្យសម្បតិ្តមានច្រើនដូចជា វិនិយោគលើចំណេះជំនាញដើម្បីបង្កើនឥទ្ធិពលរកចំណូលបានច្រើន វិនិយោគអចលនទ្រព្យ វិនិយោគលើផ្សារហ៊ុននិងវិនិយោគលើរបស់ផ្សេងៗទៀត ប៉ុន្ដែមុនវិនិយោគអ្នកត្រូវសិក្សាឲ្យបានច្បាស់សិនដើម្បីកាត់បន្ថយហានិភ័យហើយបានផលចំណេញ៕