ឆ្នាំថ្មី២០២៥ ចង់ទិញផ្ទះ ត្រូវសិក្សា ៥ ចំណុចនេះឲ្យបានច្បាស់ ចៀសវាងទិញហើយខកចិត្ដ
Bunthoeun KoemDECEMBER 31 2024407 views

ការទិញផ្ទះថ្មីសម្រាប់រស់ ឬវិនិយោគដើម្បីបានប្រាក់ចំណេញគឺសំខាន់ណាស់ ប្រសិនបើយើងជ្រើសរើសមិនបានត្រឹមត្រូវ គឺនឹងធ្វើឲ្យយើងជួបនូវបញ្ហាជាច្រើនក្រោយពេលទិញរួច។ ដូច្នេះដើម្បីឲ្យការទិញផ្ទះរបស់អ្នកបានត្រឹមត្រូវ ពិសេសផ្ទះនៅក្នុងគម្រោងបុរី ត្រូវសិក្សាឲ្យបានច្បាស់លើចំណុចសំខាន់ៗទាំង ៥ នេះជាមុនសិន។

 

១. ប្រវត្តិ និង សមិទ្ធិផល របស់អភិវឌ្ឍគម្រោង

 

​ត្រូវ​គិត​ជា​មុន​ថា តើ​អ្នក​ណា​ជា​អ្នក​អភិវឌ្ឍ​គម្រោង​លំនៅ​ឋាន​នោះ ដែល​សំដៅលើ​បុរី តើ​ម្ចាស់​បុរី​ជា​អ្នក​ណា មកពីណា និង​មាន​ប្រវត្តិ​យ៉ាងម៉េច ។ ដូចដែល​បានដឹង​ហើយ​ថា បុរី​មាន​ច្រើន ហើយ​បុរី​ទាំង​អស់នោះ ក៏​មិន​ប្រាកដ​ថា​ម្ចាស់​បុរី​ទាំងអស់​សុទ្ធ​ជា​អ្នកមាន​ទ្រព្យ​ផ្ទាល់ខ្លួន​មក​វិនិយោគ​នោះ​ទេ ជួនកាល ម្ចាស់​បុរី​អាច​យក​ឥណទាន​ពី​ធនាគារ​ដើម្បី​មក​អភិវឌ្ឍន៍​ក៏ថាបាន។

 

២. ប្លង់មេរួមទាំងមូលរបស់គម្រោងអភិវឌ្ឍ

 

ផែនការមេរបស់គម្រោងបុរី គឺជាប្លង់មេ ដ៏សំខាន់របស់គម្រោង។ វាបង្ហាញពីប្លង់រួម នៃគម្រោងមានដូចជា ហេដ្ឋារចនាសម្ព័ន្ធ និង លំនៅឋានគ្រប់ប្រភេទទាំងអស់ដែលមាននៅ ក្នុងគម្រោងនេះ ហើយប្លង់មេ ទាំងអស់ស្របតាមការអភិវឌ្ឈន៍របស់ក្រុង និងប្លង់មេអាចធ្វើឱ្យបុរីនោះអាចដំណើរការប្រកបដោយស្ដង់ដារ។

 

៣. គុណតម្លៃរបស់គម្រោងបន្ទាប់ពីបញ្ចប់ការសាងសង់

 

​ត្រូវ​មើល​ទីតាំង​របស់​បុរី​ដែល​ចង់​ទិញ​ផង​ថា តើ​បុរី​នោះ​មាន​ប្រវត្តិ​លិច​ទឹក​ដែរ​ទេ ស្ថិត​នៅ​តំបន់​មាន​សន្តិសុខ​ដែរ​ទេ អាច​ប្រកប​អាជីវកម្ម ឬ​ក៏​នៅ​ជិត​តំបន់​អាច​ប្រកប​អាជីវកម្ម​ដែរ​ឬទេ ដូច​ជា នៅ​ជិត​ផ្សារ សាលារៀន រោងចក្រ​សហគ្រាស និង​មន្ទីរពេទ្យ​ជាដើម ។

 

៤. សេវាកម្មគ្រប់គ្រងបន្ទាប់ពីគម្រោងបានបញ្ចប់

 

បច្ចុប្បន្ន និងអនាគតខាងមុខ មនុស្ស​កាន់តែច្រើនឡើងនឹងជ្រើសរើស​ការទិញផ្ទះ និងរស់នៅ នៅក្នុងបុរី ព្រោះវាជា​ការរស់នៅបែបថ្មី ដែលមានផាសុខភាព និងសុវត្ថិភាព។ ដូច្នេះហើយ នៅពេលអ្នកទិញផ្ទះពីគម្រោងណាមួយ អ្នកក៏ត្រូវផ្តោតលើសេវាថែទាំ និងសេវាកម្មសន្តិសុខ​បុរីផងដែរ។ ហេតុអ្វី? ព្រោះថា ប្រសិនមិនមានការគ្រប់គ្រងល្អទេ មិនមានសុខសុវត្ថិភាពទេ ការរស់នៅនឹងមិនមានការកក់ក្តៅ និងផាសុខភាព ដែលជះឥទ្ធិពលខ្លាំង​ទៅលើកេរ្តិ៍ឈ្មោះតំបន់ដែលអ្នករស់នៅ និងទាញតម្លៃអចលនវត្ថុនៅទីនោះ​មិនឱ្យងើបបាន។ ចូរអ្នកស្រមៃមើល ប្រសិនបើទីធ្លាបុរីមិនស្អាត មិនមានរបៀប រញ៉េរញ៉ៃ ចូលទៅងងឹតស្លុង​ ហើយមិនមានសុវត្ថិភាព អ្នកនឹងចង់ទិញ ឬចូលរស់នៅក្នុងផ្ទះនៅតំបន់នោះដែរឬទេ?

 

៥. ត្រូវដឹងពីផែនការអភិវឌ្ឍក្នុងតំបន់នោះ

 

មុននឹងទិញផ្ទះ អ្នកគួរតែសិក្សាស្វែងយល់ពីតំបន់នោះ ស្វែងរកព័ត៌មាននានាលើសារព័ត៌មាន ចូលសួរព័ត៌មានលម្អិតពីតំបន់នោះពីអ្នកលក់ ដើម្បីដឹងពីសន្ទុះវិវឌ្ឍក្នុងតំបន់នោះ។ ប្រសិនបើអ្នកចង់ចំណេញក្នុងការវិនិយោគទិញផ្ទះ អ្នកគួរតែតាមដាន​ផែនការអភិវឌ្ឍន៍របស់​រាជរដ្ឋាភិបាល ផែនការអភិវឌ្ឍន៍ក្រុង ឬក៏តាមដានមើលពីសន្ទុះនៃការវិនិយោគរបស់ក្រុមហ៊ុនឯកជននានាទៅលើតំបន់នោះ៕

 

Photo 2024 12 31 16 59 16

Photo 2024 12 31 16 59 31

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia