គិតមកដល់ពេលនេះ គម្រោងស្ពានបេតុងអាមេស្ថិតនៅខាងលិចផ្សារទំនើបអ៊ីអនមានជ័យ ដែលសាងសង់ដោយក្រុមហ៊ុន អាយអិនជី ហូលឌីង សម្រេចការសាងសង់បាន ៨០%ហើយ និងគ្រោងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២៤នេះ ។ នេះបើតាមការបញ្ជាក់របស់ក្រុមហ៊ុននៅមុននេះបន្ដិច។
ជាក់ស្ដែងនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ នេះ លោក អ៊ឺង ស៊ីវខូវ អគ្គនាយកក្រុមហ៊ុន អាយអិនជី ហូលឌីង បានចុះពិនិត្យការដ្ឋានសាងសង់ស្ពានបេតុងអាម៉េរទី១ ដែលមានទីតាំងស្ថិតនៅបណ្តោយមហាវិថី ឈុន គង់ ប៉ែកខាងលិចនៃតំបន់ ទីក្រុងរណប (ING City) នេះផងដែរ។ ដោយបច្ចុប្បន្ន ស្ពានបេតុងអាមេទី១នេះ សម្រេចការសាងសង់បាន ៨០%ហើយ ដោយក្រុមហ៊ុនកំពុងបន្តពន្លឿនការងារលើកធ្នឹមស្ពានសរុប ៦៨ដើម។ បើតាមការគ្រោងទុក ស្ពានបេតុងអាម៉េរទី១នេះ នឹងត្រូវបានបញ្ចប់ការសាងសង់នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ។
សូមជម្រាបថា គម្រោងស្ពានបេតុងអាមេនេះ គឺស្ថិតក្នុងគម្រោងមហាវិថី ឈុន គង់ ដែលតភ្ជាប់ពីផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែក្រោម ឆ្ពោះទៅកាន់ផ្លូវជើងឯក(ផ្លូវលេខ២១៧) មានប្រវែង ៤.០០០ម៉ែត្រ គិតត្រឹមព្រំប្រទល់នៃតំបន់អភិវឌ្ឍន៍ និងមានលំហផ្លូវប្រវែង៥០ម៉ែត្រ ក្នុងនោះទំហំ៣០ម៉ែត្រជាតួផ្លូវសម្រាប់យានជំនិះ និងចិញ្ចើមផ្លូវទំហំ ១០ម៉ែត្រសងខាង។ ខណៈគម្រោងមហាវិថីថ្មីនេះ ត្រូវបានបើកការដ្ឋានសាងសង់កាលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ និងគ្រោងបញ្ចប់រួចរាល់នៅបំណាច់ឆ្នាំ២០២៤នេះផងដែរ៕