កាលពីពេលថ្មីៗនេះរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសឲ្យបើកដំណើរការបណ្ដោះអាសន្នស្ពានកោះពេជ្រ-កោះនរារយៈពេលបីថ្ងៃគឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ ដើម្បីសម្រួលការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនាឱកាសបុណ្យភ្ជុំបិណ្ឌ។ បន្ទាប់ពីនោះស្ពាននេះនឹងបិទវិញដើម្បីសាងសង់បន្ត ខណៈចន្លោះពីថ្ងៃទី២០-២៣ ខែតុលា ឆ្នាំ២០២៣ ទើបការសាងសង់សម្រេចរួចរាល់ទាំងស្រុង។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន។
តាមការបញ្ជាក់របស់ក្រសួងបានឲ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការបិទចរាចរណ៍ឆ្លងកាត់ស្ពាននេះវិញ ក្រោយបញ្ចប់ពិធីបុណ្យភ្ជុំបិណ្ឌដើម្បីឲ្យក្រុមហ៊ុន O.C.I.C បន្តអនុវត្តការងារដែលនៅសល់ ឱ្យបានចប់សព្វគ្រប់។ បន្ទាប់ពីនោះរដ្ឋបាលរាជធានីភ្នំពេញនឹងអនុញ្ញាតឱ្យប្រើប្រាស់ជាបណ្តោះអាសន្ននូវស្ពានខ្សែកាប តភ្ជាប់រវាងតំបន់អភិវឌ្ឍកោះនរា និងតំបន់អភិវឌ្ឍកោះពេជ្រ ចន្លោះពីថ្ងៃទី២០-២៣ ខែតុលា ឆ្នាំ២០២៣ តទៅ ក្រោយពីក្រុមហ៊ុន O.C.I.C បញ្ចប់ការដ្ឋានសាងសង់ស្ពានទាំងស្រុង។
គួរបញ្ជាក់ផងដែរថា មកទល់បច្ចុប្បន្ន ស្ពានខ្សែរកាបខាងលើម្រោងបានប្រមាណ ៩៥% និងនៅសេសសល់ការងារមួយចំនួនទៀត រួមមានការងារអ៊ុតកៅស៊ូ, អ៊ុតគំនូសចរាចរណ៍, តម្លើងស្លាកសញ្ញាចរាចរណ៍, បង្គោលភ្លើងបំភ្លឺផ្លូវ និងភ្លើងលម្អខ្សែកាប តែប៉ុណ្ណោះ៕