រាជរដ្ឋាភិបាលនឹងបញ្ចេញថវិកា ២៣០លាន$សង់ស្ពាន «ពីរទៅពីរមក» ឆ្លងទៅខេត្ដ ៣ នៃគម្រោងផ្លូវល្បឿនលឿនទី២
Bunthoeun KoemFEBRUARY 27 202322.6 K views

រាជរដ្ឋាភិបាល នឹងបញ្ចេញថវិកាប្រមាណ ២៣០ លានដុល្លារសាងសង់ស្ពានថ្មីឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ទៅកាន់គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិតដែលឆ្លងកាត់ខេត្ដកណ្ដាល ខេត្ដព្រៃវែង និងខេត្ដស្វាយរៀង។ នេះបើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតបច្ចេកវិទ្យា និង គរុនិស្សិតបច្ចេកទេស ជ័យលាភីនៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣។

ថ្លែងនៅក្នុងពិធីខាងលើសម្ដេចតេជោបានមានប្រសាសន៍ឲ្យដឹងថា ដំបូងឡើយក្រុមហ៊ុនសាងសង់ ផ្លូវល្បឿនលឿន ចង់ធ្វើស្ពានមួយនេះ និងគិតថ្លៃធ្វើដំណើរពីប្រជាពលរដ្ឋ ប៉ុន្ដែរាជរដ្ឋាភិបាលមិនព្រមដោយសារខ្លាចប្រជាពលរដ្ឋចំណាយច្រើនលើកការធ្វើដំណើរ។ ដូច្នេះដើម្បីកាត់បន្ថយថ្លៃចំណាយ រាជរដ្ឋាភិបាលក៏បានសម្រេចបញ្ចេញថវិកាសាងសង់ស្ពានមួយនេះតែម្ដង និងដាក់ឲ្យពលរដ្ឋធ្វើដំណើរដោយមិនគិតថ្លៃ។

333802304 540365631411488 8834598672980192922 N

យោងតាមប្រសាសន៍សម្ដេចបានបញ្ជាក់យ៉ាងដូច្នេះថា «រាជរដ្ឋាភិបាលសម្រេចធ្វើស្ពានហ្នឹង ដោយប្រើប្រាស់ថវិកាប្រមាណ ២៣០ លានដុល្លារ ធ្វើជាស្ពានសម្រាប់ផ្លូវល្បឿនលឿន ពីរទៅពីរមក ដើម្បីតភ្ជាប់ឆ្លងទៅត្រើយម្ខាងរួចហើយបានឆ្លងកាត់ខេត្ដកណ្ដាលមួយផ្នែក ខេត្ដព្រៃវែងមួយផ្នែក ខេត្ដស្វាយរៀងមួយផ្នែក»។ សម្ដេចបន្ដថា រាជរដ្ឋាភិបាលនឹងឲ្យក្រុមហ៊ុនសាងសង់ផ្លូវល្បឿនលឿនធ្វើស្ពាននេះ ហើយរាជរដ្ឋាភិបាលជាអ្នកចេញលុយ។ ការសម្រេចឲ្យក្រុមហ៊ុនសាងសង់ផ្លូវល្បឿនលឿនជាអ្នកធ្វើដោយសារក្រុមហ៊ុនមានបច្ចេកទេស។

គួររំលឹកផងដែរថា តាមការបញ្ជាក់ពីឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីពេលកន្លងទៅ គម្រោងស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិតនេះ នឹងសាងសង់នៅតំបន់លើកដែកនៃស្រុកកៀនស្វាយ ក្បែរគម្រោងផ្លូវក្រវាត់ក្រុងទី៣ តភ្ជាប់ពីផ្លូវជាតិលេខ១ ឆ្លងទៅតំបន់ល្វាឯមឡើងទៅកាន់ផ្លូវល្បឿនលឿនតែម្ដង៕

អត្ថបទ៖ កឹម ប៊ុនធឿន

1297

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia