គិតមកដល់បច្ចុប្បន្នគម្រោងនេះគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្ដក្រចេះ និងផ្លូវតភ្ជាប់សម្រេចបាន ៧០,១០%ហើយ។ ប្រសិនគ្មានការប្រែប្រួលនោះទេ គម្រោងនេះអាចនឹងបើកឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់បណ្តោះអាសន្ននៅកំឡុងពេលពិធីបុណ្យភ្ជុំបិណ្ឌ នាខែកញ្ញា ឆ្នាំ២០២៥ខាងមុខ។ នេះបើតាមការបញ្ជាក់ពីក្រសួងសាធារណការ និងដឹកជញ្ជូន។
ប្រភពដដែលបានឲ្យដឹងថា នៅព្រឹកថ្ងៃអាទិត្យ ទី១៥ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោងហេដ្ឋារចនាសម្ព័ន្ធ ខាងលើ ដោយមានការចូលរួមពី ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធ មន្រ្តីជំនាញ និងក្រុមហ៊ុនសាងសង់។
គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ តភ្ជាប់រវាងស្រុកចិត្របុរី និងស្រុកព្រែកប្រសព្វ មានប្រវែង ១ ៧៦១ម៉ែត្រ, ផ្លូវតភ្ជាប់ និងផ្លូវខ្នែងទៅកាន់ក្រុងក្រចេះ ខេត្តក្រចេះ មានប្រវែងសរុប ៣៣,៤៦ គីឡូម៉ែត្រ សម្រេចបាន ៧០,១០%ហើយ ដែលក្នុងនោះ ស្ពានឆ្លងកាត់ទន្លេមេគង្គ-ក្រចេះ សម្រេចបាន ៩៦,៣២% ដោយគិតត្រឹមពាក់កណ្តាលខែមិថុនា ឆ្នាំ២០២៥នេះ។ គម្រោងនេះ មានចំណុចចាប់ផ្ដើមពីផ្លូវជាតិលេខ៧ (រង្វង់មូលខ្លាស្ទុះ) ទៅផ្លូវជាតិលេខ៦០B ដែលគម្រោងនេះជាផ្នែកនៃផ្លូវជាតិដ៏សំខាន់មួយភ្ជាប់ខេត្តក្រចេះ និងខេត្តកំពង់ធំ ព្រមទាំងដើរតួជាប្រព័ន្ធដឹកជញ្ជូនដ៏សំខាន់រវាងផ្លូវជាតិលេខ៦ ផ្លូវជាតិលេខ៦២ ផ្លូវជាតិលេខ៧ ផ្លូវជាតិលេខ៩ ផ្លូវជាតិលេខ៧១ ផ្លូវជាតិលេខ៧១C ផ្លូវខេត្តលេខ៣៧១ ផ្លូវខេត្តលេខ៧៣ ផ្លូវខេត្តលេខ៧៦ និងផ្លូវជាតិលេខ៧៨។
ស្ពានឆ្លងកាត់ទន្លេមេគង្គក្នុងខេត្តក្រចេះ បានប្រើប្រាស់ឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដោយបានសម្ពោធបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តមឯកអគ្គរដ្ឋទូតចិន វ៉ាង វិនធៀន អតីតឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ហើយគម្រោងទាំងមូលគ្រោងបញ្ចប់ការសាងសង់ឱ្យបានមុនខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ។