ធ្វើអ្វីធ្វើឲ្យប្រាកដ! ទោះរៀនមិនដល់ចប់តែលោក Brian Jung ប្រែក្លាយជា YouTuber សល់ទ្រព្យជាង ១លាន$
ធី ស្រីល័ក្ខMAY 30 2022306 views

ដោយសារបញ្ហាជីវិតគ្រួសារមានភាពខ្វះខាត ទើបធ្វើឱ្យលោក Brian Jung ​ សម្រេចចិត្តបោះបង់ការសិក្សាទាំងវ័យក្មេង ដើម្បីរកចំណូលផ្គត់ផ្តត់គ្រួសារ។ តើលោក Jung មានការតស៊ូ និងជួបឧបសគ្គបែបណា ទម្រាំតែលោកទទួលជោគជ័យដូចសព្វថ្ងៃ?

យោងតាមការចុះផ្សាយវេបសាបរបស់ CNBC បានឱ្យដឹងថា លោក Brian Jung បានធំឡើងនៅក្នុងគ្រួសារដែលមានចំណូលមធ្យម ហើយបច្ចុប្បន្នរស់នៅក្នុង Silver Spring រដ្ឋ Maryland សហរដ្ឋអាមេរិក។ ដោយម្តាយរបស់លោកធ្វើជាជាងកាត់សក់នៅក្នុងហាងកែសម្ផស្សមួយកន្លែង ចំណែកឪពុករបស់លោកវិញ ធ្វើការជាអ្នកម៉ៅការដំឡើងកម្រាលឈើ ហើយសឹងតែគ្មានពេលសម្រាក។

បើយើងក្រឡេកទៅមើលពីអតីតកាលបន្តិច កាលពីលោក Jung រៀននៅថ្នាក់ទី ១០ លោកត្រូវគ្រូបណ្តេញចេញពីសាលា ដោយសារលោកមានឥរិយាបទមិនល្អ។ ប៉ុន្តែក្រោយមកសាលាបានរៀបចំកម្មវិធីអប់រំមួយសម្រាប់ណែនាំ និងផ្តល់ដំបូន្មានដល់សិស្សានុសិស្សដែលមាន អាកប្បកិរិយាមិនសមរម្យនៅក្នុងសាលា កម្មវិធីនេះហើយដែលបានប្រែក្លាយការគិតរបស់លោក ដែលលោកធ្លាប់មើលមកខ្លួនឯងអន់ ហើយត្អូញត្អែរដាក់បញ្ហាគ្រប់ពេលវេលា ឱ្យមានការផ្នត់គំនិតបែបវិជ្ជមានវិញ។

រហូតដល់ឆ្នាំ ២០១៣ ទើបលោក Brian Jung បានចាប់ផ្តើមបង្កើតឆានែល YouTube ដោយលោកបង្ហោះវីដេអូហ្គេម និងការនេសាទជាដើម។ ក្រោយមកគាត់បានចាប់ផ្ដើមមាតិកាថ្មីៗ ក្នុងអំឡុងពេលគាត់រៀនមហាវិទ្យាល័យក្នុង (២០១៨) ដែលនិយាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងភាពជាសហគ្រិន។

លោក Jung ដែលមានវ័យ២៥ បានបន្ថែមថា កាលដំបូងៗ ឆានែល YouTube របស់លោកមិនទាន់រកចំណូលបាននៅឡើយទេ  ប៉ុន្តែលោកបានមើលឃើញអំពីអត្ថប្រយោជន៍របស់ YouTube ដោយការធ្វើការបែបនេះមិនចាំបាច់ពឹងផ្អែកលើ អតិថិជនទាំងស្រុងនោះទេ។ មិនត្រឹតែប៉ុណ្ណោះវាមិនចាំបាច់ធ្វើការជាមួយអ្នកដទៃច្រើន ហើយក៏មិនចំាបាច់មានការិយាល័យ ឬមានបុគ្គលិករាប់រយនាក់នោះទេ។

ក្រោយមកនៅខែធ្នូ ឆ្នាំ ២០១៩ លោក Jung បានបោះបង់ការសិក្សា ងាកមកផ្តោតទាំងស្រុងមកលើ YouTube វិញ។ ហើយវីដេអូដែលទទួលបានការគាំទ្រច្រើនបំផុតរបស់លោកគឺទាក់ទិនទៅនិងការប្រើប្រាស់កាតឥណទានឱ្យត្រឹមត្រូវ។ ពេលនោះឆានែលរបស់គាត់ក៏មិនទាន់មានអ្នកជាវ ឬ Subscribe ច្រើននៅឡើយទេ ទើបតែមានប្រហែលជាង ៦ពាន់នាក់ ហើយរកចំណូលបានចំន្លោះពី ២០០ទៅ ៣០០ ដុល្លារប៉ុណ្ណោះក្នុងមួយថ្ងៃ។

ប៉ុន្តែលោកមានគោលដៅច្បាស់លាស់ ហើយផ្តោតលើរឿងតែមួយ រួមផ្សំទៅនឹងការមើលឃើញពីប្រយោជន៍នៅអ្វីដែលគាត់កំពុងធ្វើ។ ទើបនៅឆ្នាំ ២០២១ កន្លងទៅថ្មីនេះៗ ដោយសារចំពេលដែលមានអ្នកវិនិយោគលើគ្រីបតូ មានការងឿយឆ្ងល់ ហើយសួរគាត់ផងនោះ  ទើបគាត់ផលិតវីដេអូនិយាយអំពីរូបិយប័ណ្ណគ្រីបតូ ណាមួយវាស្របទៅតាមទីផ្សារគ្រីបតូនៅពេលផងដែរ។ មិនយូប៉ុន្មានឆានែលរបស់គាត់បានផ្ទុះការតាមដានយ៉ាងច្រើន រហូតដល់មានអ្នកជាវ ឬ Subscribe ប្រមាណជាង ១.១៦លាននាក់។ ដោយមានគាំទ្រច្រើនបែបនេះ ឥឡូវលោកមានទាំងក្រុមធ្វើការ ដោយធ្វើការពេញម៉ោងចំនួន ៤នាក់ ដើម្បីជួយគាត់ក្នុងការផលិតវីដេអូថ្មីៗ។

មិនត្រឹមតែប៉ុណ្ណឹង លោកមានទាំងភាគហ៊ុនដែលលោកទើបតែបានទិញថ្មីៗ នៅក្នុងភោជនីយដ្ឋានសាច់អាំងជប៉ុនមួយកន្លែង ដែលរកចំណូលបានជាង ៣ពាន់ដុល្លារទៀតក្នុងមួយខែ ដូច្នេះហើយបើគិតត្រឹមឆ្នាំ ២០២២ លោក Brian Jung មានទ្រព្យសម្បត្ដិតម្លៃប្រមាណជាង ១លាន់ដុល្លារ។

ជាចុងក្រោយលោក Brian Jung បានបញ្ជាក់ថា ”នៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខទៀតនេះ  គោលដៅធំរបស់ខ្ញុំគឺចង់ឱ្យឆានែល YouTube មួយនេះដែលនិយាយអំពីគ្រីបតូ និងហិរញ្ញវត្ថុផ្ទាល់ខ្លួនដ៏ធំបំផុតមួយ” ។ ហើយមេរៀនមួយដែលគួររៀនពីគាត់គឺ  “”កុំចាយច្រើនពេក កុំញ៉ាំច្រើនពេក កុំបើកបរលឿនពេក បើមិនដូច្នេះទេ អ្នកនឹងប្រើសាំងអស់កាន់តែច្រើន ហើយព្យាយាមរកប័ណ្ណរបញ្ចុះតម្លៃតាមដែលអាចធ្វើបាន នេះហើយជារបៀបដែលខ្ញុំធ្វើតាំងតូចដល់ធំឡើង”៕

អត្ថបទដោយ ផល ធារិត

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia