ដើម្បីសម្រួលដល់អតិថិជនដែលបានបង់រំលស់ផ្ទះនៅក្នុងគម្រោងរបស់ខ្លួនដែលបានភាពយឺតយ៉ាវ ពេលនេះក្រុមហ៊ុនបុរីពិភពថ្មីរបស់អ្នកឧកញ៉ា ហុង ពីវ បានចេញគោលការណ៍ចំនួន ៣ ដាក់ឲ្យអនុវត្ដ បន្ទាប់ពីបានជួបប្រជុំជាមួយនឹងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ល្អិតល្អន់រួចមក។
យោងតាមលិខិតជូនដំណឹងរស់ក្រុមហ៊ុនចុះនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ដែលចេញផ្សាយដោយក្រសួងរៀបចំដែនដីនៅថ្ងៃទី១៤ ខែមីនានេះ បានបញ្ជាក់ថា ក្រោយពេលជួបពិភាក្សាយ៉ាងល្អិតល្អន់ ជាមួយក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីសម្រួលដល់អតិថិជនដែលកំពុងបង់រំលស់មានការយឺតយ៉ាវ ក្រុមហ៊ុនបានសម្រេចចេញនូវគោលការណ៍ថ្មីដូចខាងក្រោម៖
១. អតិថិជនអាចបង់តែការប្រាក់ រហូតដល់រយៈពេល៣ឆ្នាំ។
២. ការប្រាក់ដែលអតិថិជនបានជំពាក់កន្លងមក (មិនគិតពិន័យ) ទុកសម្រាប់ទូទាត់ក្រោយរយៈពេល ៣ ឆ្នាំ ឬអតិថិជនអាចរៀបចំឥណទានសារឡើងវិញ។
៣. អតិថិជនអាចប្ដូររយៈពេលបង់រំលស់រហូតដល់ ៣០ ឆ្នាំ។
គួរជម្រាបថា កន្លងមកនេះ ក្រុមហ៊ុន បុរី ពិភពថ្មី បានធ្វើការសម្រួល និងប្រមូលទិញយកផ្ទះពីអតិថិជនត្រឡប់មកវិញគិតត្រឹមខែមីនា ឆ្នាំ២០២៤ នេះមានចំនួន ១ ៧៧០ ផ្ទះ ដែលមានទំហំទឹកប្រាក់ចំនួន ១៩ ៦១៩ ៨១៨ ដុល្លារ ខណៈអតិថិជនបានរៀបចំឥណទានឡើងវិញមានចំនួន ១០៧ ផ្ទះ។ នេះបើតាមការបញ្ជាក់ពីអ្នកឧកញ៉ា ហុង ពីវ កាលពីពេលថ្មីៗនេះ។