មហាសេដ្ឋីកូរ៉េខាងត្បូង លោក Lee Joong-keun ស្ថាបនិកក្រុមហ៊ុនអចលនទ្រព្យល្បីឈ្មោះ Booyoung Group ដែលកំពុងអភិវឌ្ឍន៍គម្រោងធំៗនៅស្រុកខ្មែរ បានប្រកាសផ្តល់ថវិកាដល់កម្ពុជា សម្រាប់ទិញរថយន្តក្រុងថ្មីចំនួន១ពាន់គ្រឿងបន្ថែមទៀត ដើម្បីសម្រួលដល់ការធ្វើដំណើរ។
ការផ្តល់រថយន្តខាងលើនេះ ត្រូវបានឱ្យដឹង នៅក្នុងកម្មវិធី ប្រគល់សញ្ញាបត្រជូនគរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំជាង ២ពាន់នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យពីវិទ្យាស្ថានជាតិអប់រំ ដោយសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា “ក្រុមហ៊ុនប៊ូយ៉ុង របស់កូរ៉េបានសម្រេចផ្ដល់ជាថវិកា សម្រាប់ទិញរថយន្តក្រុងចំនួន១ពាន់គ្រឿងដល់កម្ពុជា ដោយបានស្នើឱ្យដាក់រថយន្តទាំងនោះទៅតាមបណ្តាខេត្ត ដើម្បីកាត់បន្ថយការធ្វើដំណើរតាមម៉ូតូ ដែលជាការចូលរួមចំណែកក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផងដែរ” ។
សម្តេចតេជោនាយករដ្ឋមន្រ្តី បានឱ្យដឹងទៀតថា ចំពោះថវិការដែលខាងក្រុមហ៊ុន Booyoung ផ្តល់ឱ្យនឹងត្រូវប្រគល់ជូនទៅឯកឧត្តម អូន ព័ន្ធមុន្នីរត្ន័ ដើម្បីចាត់ចែងទៅលើការទិញរថយន្តក្រុងទាំង១ពាន់គ្រឿងនោះ បន្ថែមពីនោះខាងភាគីក្រុមហ៊ុនកូរ៉េក៏បានសន្យាថា រថយន្តក្រុងទាំងនោះនឹងប្រែក្លាយទៅជាឡានអ៊ីដ្រូសែននៅរយៈពេល ៥ឆ្នាំខាងមុខ។
គួរបញ្ជាក់ថា ក្រុមហ៊ុន Booyoung Group គឺជាក្រុមហ៊ុនអចលនទ្រព្យដ៏ធំបំផុតមួយរបស់កូរ៉េខាងត្បូង។ បច្ចុប្បន្នក្រុមហ៊ុននេះ បាននិងកំពុងបណ្តាក់ទុនរកស៊ីជាច្រើន នៅក្នុងប្រទេសកម្ពុជា ដោយផ្តោតលើវិស័យសុខាភិបាល អចលនទ្រព្យ និងបច្ចេកវិទ្យា ជាដើម។ ហើយកាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុនក៏ធ្លាប់បានផ្តល់រថយន្តក្រុងចំនួន២០០ គ្រឿង មកដល់ប្រទេសកម្ពុជា ផងដែរ ៕
អត្ថបទដោយ៖សម្បត្តិ សុខឡាង