រាជធានីភ្នំពេញ៖ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៥ សាលាអន្តរជាតិ Blueline-ប៊្លូឡាញ បានប្រកាសជាសាធារណៈអំពីការអនុវត្តកម្មវិធីសិក្សាអន្តរជាតិស្តង់ដាពីប្រទេសអូស្រ្តាលី ដែលកម្មវិធីនេះនាំយកមកនូវភាពច្នៃប្រឌិត និងការសិក្សាតាមបច្ចេកវិទ្យាទំនើប បូករួមនិងគ្រូបង្រៀនដែលមានសមត្ថភាព គុណវុឌ្ឍិ និងបទពិសោធន៍ពេញលេញដើម្បីពង្រឹងជំនាញសតវត្សរ៍ទី២១។
បើតាមប្រសាសន៍របស់ លោក ផល សុភ័ណ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនប៊្លូប៊ើដអ៊ីនធើណេសិនណលអេឌ្យូខេសិន ឯ.ក បានគូសបញ្ជាក់ថា ការដាក់ចេញវិធានការពង្រីកកម្មវិធីសិក្សាអន្តរជាតិនេះគឺ ផ្តោតលើការធានាបាននូវគុណភាពអប់រំខ្ពស់សម្រាប់សិស្សានុសិស្សត្រៀមលក្ខណៈចូលទៅថ្នាក់ឧត្តមសិក្សាទាំងក្នុងនិងក្រៅប្រទេស ដើម្បីចូលរួមចំណែកក្នុងការកសាងសង្គមជាតិ ក្នុងនាមជាសសរស្តម្ភដែលប្រកបដោយចំណេះដឹង ទេពកោសល្យ សមត្ថភាពខ្ពស់ និងវប្បធម៌ជ្រៅជ្រះ។
បន្ថែមពីលើនេះ គណៈគ្រប់គ្រងសាលា នឹងបន្តពង្រឹង អភិវឌ្ឍប្រព័ន្ធអប់រំរបស់ខ្លួនឱ្យកាន់តែរឹងមាំ មានភាពបុរេសកម្ម ទំនើបកម្ម និងដើម្បីឆ្លើយតបទៅនឹងបរិការណ៍ជាតិ និងអន្តរជាតិ ដើម្បីបណ្តុះបណ្តាលសិស្សានុសិស្សក្នុងការត្រៀមខ្លួនដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ បំណិនក្នុងសតវត្សទី២១ និងរចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជា។
កម្មវិធីសិក្សាអូស្ត្រាលីភាគខាងលិចនេះ មានការលើកកម្ពស់ខ្ពស់ទៅលើបំណិនសតវត្សរ៍ទី២១ ដល់សិស្សានុសិស្ស និងការអប់រំវិទ្យាសាស្ត្រ បច្ចេកវិទ្យា ការជំរុញការអប់រំបែបឌីជីថល ព្រមទាំងការបណ្តុះក្តីស្រលាញ់ផ្នែកភាសា អរិយធម៌ ប្រពៃណី ទំនៀមទំលាប់ និងសីលធម៌ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ភាពជោគជ័យរបស់សិស្សានុសិស្សនាពេលអនាគត។
លើសពីនេះទៅទៀតសិស្សានុសិស្សនៅសាលាអន្តរជាតិប៊្លូឡាញ នឹងទទួលបានសញ្ញាបត្រពីគឺ៖ សញ្ញាបត្របាក់ឌុបពីប្រទេសអូស្ត្រាលី (Western Australian Certificate of Education) និងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិពីក្រសួងអប់រំ យុវជន និងកីឡា ដែលផ្តល់ភាពងាយស្រួលក្នុងការត្រៀមចូលសាកលវិទ្យាល័យទាំងក្នុងស្រុក និងបណ្តាប្រទេសនានាលើសកលលោក។
ជំហានដ៏រឹងមាំនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់សាលា ចំពោះការលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា ដែលឆ្លើយតបទៅនឹងអាទិភាពរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍមូលធនមនុស្សដោយផ្តោតលើសុខុមាលភាព ការបណ្តុះបណ្តាលជំនាញវិជ្ជាវិជ្ជាជីវៈ និងការបង្កើតការងារជូនប្រជាពលរដ្ឋ ឆ្ពោះទៅសម្រេចចក្ខុវិស័យកំណើនសេដ្ឋកិច្ច ដើម្បីឱ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០ ដែលការណ៍នេះទាមទារជាចំបាច់នូវធនធានមនុស្សប្រកបដោយសក្តានុពលនឹងមានជំនាញខ្ពស់៕