ពីដើមឡើយ ដីគឺជារបស់ដ៏សំខាន់បំផុតដោយខ្វះមិនបានក្នុងការធ្វើកសិកម្មព្រោះថាគេដាំដំណាំនៅលើដី ប៉ុន្តែបច្ចុប្បន្ន ខណៈពេលដែលភាពជឿនលឿននៃបច្ចេកវិទ្យា ការធ្វើកសិកម្មក៏កាន់តែទំនើបផងដែរ ដោយពេលនេះទោះបីជាគ្មានដីក៏គេអាចធ្វើកសិកម្មបាន។
ជាក់ស្តែង កសិដ្ឋាន Artisan Green របស់ប្រទេសសិង្ហបុរីបានអភិវឌ្ឍន៍ឈានដល់ការធ្វើកសិកម្មបែបអនាគតដោយមិនចាំបាច់ប្រើប្រាស់ដីទៀតឡើយ ពោលគឺការដាំដុះបែប Hydroponics ដែលធ្វើកសិកម្មតាមបែបបច្ចេកវិទ្យា និងកសិកម្មច្នៃប្រឌិត។
កសិដ្ឋាននេះដាំដំណាំតាមបែបបញ្ឈរជាថ្នាក់ៗដើម្បីសន្សំសំចៃទីធ្លា ដោយហេតុថាប្រទេសសិង្ហបុរីជាប្រទេសកោះដែលតូច ខ្វះខាតដីក្នុងការធ្វើកសិកម្ម។ បច្ចេកវិទ្យាទំនើបៗត្រូវបានប្រើប្រាស់នៅក្នុងកសិដ្ឋាន ដូចជាប្រព័ន្ធគ្រប់គ្រងទឹក ជីដោយស្វ័យប្រវត្តិ និងដំណាក់កាលលូតលាស់របស់វា។ មិនតែប៉ុណ្ណោះ គេថែមទាំងមានប្រព័ន្ធឌីជីថលដើម្បីតាមដានទឹកពីចម្ងាយដែលធ្វើឱ្យម្ចាស់កសិដ្ឋានកាន់តែងាយស្រួលក្នុងការគ្រប់គ្រងកសិដ្ឋានរបស់ខ្លួន។
មិនត្រឹមតែសន្សំសំចៃដីប៉ុណ្ណោះទេ បច្ចេកវិទ្យាថ្មីនេះក៏បានរួមចំណែកជួយការពារបរិស្ថានផងដែរ ពោលគឺវាកាត់បន្ថយការប្រើថ្នាំសម្លាប់សត្វល្អិត និងស្មៅ ហើយដីមិនត្រូវបានខូចខាតដោយការដាំដំណាំ ហេតុដូចនេះវាក៏ជាផ្នែកមួយដែលការពារដីកុំឱ្យមានសំណឹក។ លើសពីនេះកសិដ្ឋានមានសមត្ថភាពដាំបន្លែចម្រុះច្រើនប្រភេទ និងទទួលបានទិន្នផលច្រើនជាងការធ្វើកសិកម្មធម្មតាទៀតផង។
គួរបញ្ជាក់ផងដែថា កសិដ្ឋាន Artisan Green ត្រូវបានគេចាត់ទុកថាជា បេះដូងនៃប្រទេសសិង្ហបុរី ដោយកសិដ្ឋាននេះជាប្រភពដ៏សំខាន់ក្នុងការផ្គត់ផ្គង់បន្លែនៅតាម ហាង ផ្សារ ភោជនីយដ្ឋាននៅទូទាំងប្រទេសសិង្ហបុរីតែម្តង។
បច្ចុប្បន្ននេះ កសិដ្ឋានមានទំហំសរុប ៣០០ ម៉ែត្រការ៉េ ដែលមិនទាន់គ្រប់គ្រាន់សម្រាប់ការផ្គត់ផ្គង់បន្លែនៅលើទីផ្សារនៅឡើយ ដូច្នេះម្ចាស់កសិដ្ឋានកំពុងតែពង្រីកកសិដ្ឋានរបស់ខ្លួនទៅដល់់់ ៥៥០០ម៉ែត្រការ៉េ ដែលមានទំហំធំជាងមុនដល់ទៅ ១៨ ដង ហើយវានឹងមានសមត្ថភាពផលិតបន្លែបានដល់ទៅ ៣០តោនក្នុងមួយខែ ដែលចំនួននេះច្រើនជាងបរិមាណដែលផលិតបាននាពេលបច្ចុប្បន្ន ៣០ដងឯណោះ៕
អត្ថបទដោយ៖ ដារ៉ូ