គិតត្រឹមខែកញ្ញា ឆ្នាំ២០២៤នេះ មេធំ Facebook និងមេធំ Tesla កំពុងប្រជែងគ្នាឡើងជាសេដ្ឋីលេខ១ មានទ្រព្យសម្បត្តិច្រើនជាងគេលើពិភពលោក។
ទន្ទឹមនឹងការមានទ្រព្យកាន់តែច្រើន មានកេរ្តិ៍ឈ្មោះកាន់តែខ្លាំងនេះ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗទាំង២នេះបានចំណាយប្រាក់អស់រាប់លានដុល្លារជារៀងរាល់ឆ្នាំដើម្បីការពារ CEO របស់ពួកគេ ខណៈតម្លៃជួលអង្គរក្សការពារទាំងនេះរួមបញ្ចូលលើការការពារ ចាប់តាំងពីការត្រួតពិនិត្យនៅផ្ទះ ការពារពេលចេញទៅក្រៅផ្ទាល់ខ្លួន និងការប្រឹក្សាផ្នែកសន្តិសុខ។
យោងតាមលោក Bill Herzog នាយកប្រតិបត្តិនៃសេវាកម្មសន្តិសុខ Lion Heart ដែលមានមូលដ្ឋាននៅរដ្ឋ Arizona សហរដ្ឋអាមេរិកបានប្រាប់ទស្សនាវដ្តី Fortune ថាក្រុមហ៊ុនរបស់លោកបានផ្តល់សុវត្ថិភាពដល់អ្នកនយោបាយ និងបុគ្គលដែលមានឋានៈខ្ពស់ និង CEO ល្បីៗជាពិសេសនាយកប្រតិបត្តិ Facebook និង Tesla ដែលបានចាយមួយឆ្នាំៗអស់រាប់លានដុល្លារ។
១. ក្រុមហ៊ុន Meta របស់លោក Mark Zuckerberg
ក្រុមហ៊ុន Meta បានចំណាយច្រើនជាង៣ដងលើសក្រុមហ៊ុនបច្ចេកវិទ្យាដទៃទៀត ដើម្បីការពារនាយកប្រតិបត្តិគឺលោក Mark Zuckerberg ។ នៅឆ្នាំ ២០២៣ ក្រុមហ៊ុនបានចំណាយសរុបចំនួន ២៣.៤លានដុល្លារសម្រាប់សន្តិសុខផ្ទាល់ខ្លួនរបស់ Zuckerberg រួមទាំង ការចំណាយលើសុវត្ថិភាពសន្តិសុខផ្ទាល់ខ្លួនទាំងនៅផ្ទះ ចេញក្រៅ និងសម្រាប់ក្រុមគ្រួសារ CEO ទាំងមូល។
២. ក្រុមហ៊ុន Tesla របស់លោក Elon Musk
ក្រុមហ៊ុន Tesla បានចំណាយប្រាក់ចំនួន ២.៤ លានដុល្លារក្នុងឆ្នាំ ២០២៣ ដល់ក្រុមហ៊ុនសន្តិសុខ សម្រាប់សេវាកម្មសន្តិសុខ។ លោក Elon Musk ធ្លាប់បានឱ្យដឹងថាមានមនុស្ស២នាក់ ប៉ងធ្វើឃាតគាត់ចំនួន៨ខែជាប់ ប៉ុន្តែពួកគេធ្វើមិនបានសម្រេចនោះទេ។
តាមបាយការណ៍មួយបានអះអាងថា ក្រុមសន្តិសុខរបស់ Elon Musk បច្ចុប្បន្នមានគ្នា ២០នាក់ រួមទាំងបុគ្គលិកពេទ្យបន្ទាន់។ តាមកាសែត New York Times បានបង្ហាញថា Elon Musk មិនទៅណាទេបើគ្មានអង្គរក្សរបស់គាត់ ការក្លាយជាបុរសមានបំផុតលើផែនដី ធ្វើឱ្យគាត់ឈឺក្បាលគ្រប់វិនាទី ជាពិសេសអំពីហានិភ័យដល់អាយុជីវិត។
យ៉ាងណាមិញបើតាមលោក Bill Herzog នាយកប្រតិបត្តិក្រុមហ៊ុនសេវាកម្មសន្តិសុខឯកជន Lion Heart បានបញ្ជាក់ថាក្រោមការការពាររបស់ក្រុមហ៊ុនលោកទៅកាន់ សេដ្ឋីពិភពលោកទាំងនេះ ប្រសិនបើមានអ្វីមួយកើតឡើងចំពោះពួកគេ ក្រុមហ៊ុនគឺជាអ្នកទទួលរងគ្រោះទាំងស្រុង ក្នុងការសងសំណង់ផ្នែកហិរញ្ញវត្ថុ និងកេរ្តិ៍ឈ្មោះ៕
អត្ថបទដោយ៖ ពីង ជូអេង