បច្ចេកវិទ្យាកាន់តែជឿនលឿនរបកគំហើញថ្មីៗកាន់តែមានវត្តមានឡើងជាហូរហែ ក្នុងនោះដែរមហាសេដ្ឋីក្រុមហ៊ុន Microsoft លោក Bill Gates ធ្លាប់លើកឡើងអំពីវត្ថុនាវានុវត្តន៍៣ដែលនឹងចូលមកផ្លាស់ប្តូរពិភពលោកយ៉ាងខ្លាំងនៅរយៈពេល១០ឆ្នាំតទៅមុខទៀត។ យ៉ាងមិញខាងក្រោមនេះគឺជាគ្រឿងទាំង៣ដែលនឹងចូលខ្លួនមកផ្លាស់ប្តូរពិភពលោកបន្ថែមទៀត៖
១. ស្នាមសាក់អេឡិចត្រូនិច៖ លោក Bill Gates បានព្យាករណ៍ថាស្នាមសាក់អេឡិចត្រូនិចនេះនឹងចូលមកជំនួសឱ្យស្មាតហ្វូននាពេលអនាគតហើយលោកបានសង្កត់ធ្ងន់ថា “ប្រភេទបច្ចេកវិទ្យាថ្មី ក្នុងចំណោមរបស់ផ្សេងទៀតនឹងជំនួសស្មាតហ្វូន ហើយអ្វីដែលយើងនឹងឃើញនៅពេលបន្តិចទៀតនេះគឺ ស្នាមសាក់អេឡិចត្រូនិច (electronic tattoo)”។
ការលើកឡើងនេះ លោកចង់សំដៅលើការចាក់សាក់អេឡិចត្រូនិចដែលបង្កើតឡើងដោយក្រុមហ៊ុន Chaotic Moon ដែលជាបច្ចេកទេសផ្អែកលើបច្ចេកវិទ្យាជីវសាស្រ្តដែលមានគោលបំណងវិភាគ និងប្រមូលព័ត៌មានពីរាងកាយមនុស្សតាមរយៈស្នាមសាក់នោះ ខណៈបច្ចេកវិទ្យានេះកំពុងស្ថិតក្រោមការអអនុវត្តន៍នៅឡើយ។
២. រថយន្តដែលបើកបរបានដោយខ្លួនឯង៖ កាលពីចុងខែមីនាកន្លងទៅមហាសេដ្ឋី Bill Gates ក៏ធ្លាប់បានបង្ហោះសារមួយនៅលើបណ្តេញសង្គម Twitter អំពីបច្ចេកវិទ្យានៃរថយន្តដែលបើកបរដោយខ្លួនឯងថាវានឹងសាយភាយយ៉ាងទូលំទូលាយនៅរយៈពេល១០ឆ្នាំខាងមុខទៀត។ ផ្អែកតាមសំណេរនោះ លោកបានសរសេរថា “ការខិតទៅការវិវត្តន៍នៃរថយន្តដែលបើកបរដោយខ្លួនឯងបាន ខ្ញុំជឿថាវានឹងឈានដល់ចំណុចកំពូលក្នុងមួយទសវត្សរ៍ក្រោយ ការដឹកជញ្ជូននឹងផ្លាស់ប្តូរខ្លាំង ដូចកុំព្យូទ័របានផ្លាស់ប្តូរបរិបទការងារការិយាល័យក្នុងរូបភាពថ្មីមួយផ្សេងទៀតដែរ”។
៣. AI ដោះស្រាយគណិតវិទ្យានិងបង្រៀនកុមារ៖ មហាសេដ្ឋីលោក Bill Gates បាននិយាយថា (AI) អាចបង្រៀនកុមារឲ្យចេះអាននិងសរសេរ ហើយវានឹងក្លាយជាបច្ចេកវិទ្យាជំនួយការគ្រូបង្រៀនត្រឹមរយៈពេល១៨ខែខាងមុខ។ បច្ចេកវិទ្យាថ្មីនេះដែរគេអាចនឹងប្រើវាជា AI ដើម្បីជំនួយដល់ការបង្រៀនរវាងគ្រូនិងសិស្ស ជាពិសេសនឹងជួយសម្រួលការរៀនគណិតវិទ្យារបស់ក្មេងថែមទៀតផង។ បើយោងតាមការចេញផ្សាយរបស់ Hindustan times នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថាការថ្លែងក្នុងកម្មវិធីមួយស្តីពីការអប់រំមួយនៅអាមេរិក លោក Bill Gates បានលើកឡើងថា “១៨ខែបន្ទាប់ AI នឹងចូលមកក្នុងតួនាទីជាជំនួយការរបស់គ្រូ និងផ្តល់មតិកែលម្អលើការសរសេរ រួមទាំងពង្រីកសមត្ថភាពលើការដោះស្រាយបញ្ហាផ្នែកគណិតវិទ្យាផងដែរ ព្រមទាំងអាចធ្វើឱ្យសិស្សមានពិន្ទុគណិតវិទ្យាល្អជាងអ្វីដែលយើងបានធ្វើរួចមកហើយ នៃរយៈពេល២០ឆ្នាំចុងក្រោយនេះ”។
គួរជម្រាបដែរថានេះមិនមែនជាលើកទី១ទេ ដែលមហាសេដ្ឋីពិភពលោករូបនេះ ហ៊ានធ្វើការទស្សន៍ទាយដូច្នេះ ខណៈនាពេលកន្លងមកលោកក៏ធ្លាប់ទស្សន៍ទាយពីរឿងដែលនឹងកើតឡើងនាពេលអនាគតផងដែរ ជាក់ស្តែងលោកបាននិយាយអំពីជំងឺរាតត្បាតដែលនឹងវាយប្រហាមនុស្សជាតិ ខណៈពេលនោះវីរុសកូវីដ-១៩ មិនទាន់លេចវត្តមានលើផែនដីនៅឡើយ៕
អត្ថបទដោយ៖ ពីង ជូអេង