មហាសេដ្ឋី Bill Gates សម្តែងការព្រួយបារម្ភលើការប្រកាសរបស់ Elon Musk ទាក់ទិននឹងការបិទទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) ដោយព្រមានថាវិធានការនេះនឹង មានផលវិបាកជាសកលធ្ងន់ធ្ងរ អាចធ្វើឱ្យមានការស្លាប់រាប់លាន។
ក្នុងបទសម្ភាសន៍មួយរបស់ The View មេធំក្រុមហ៊ុន Microsoft រូបនេះបានទទួលស្គាល់ថា ការងារក្នុងវិស័យឯកជនរបស់ Elon Musk គឺឆ្លាតវៃ មានភាពច្នៃប្រឌិត និងអស្ចារ្យ។ ប៉ុន្តែនៅពេលដែលអ្នកដឹកនាំអាជីវកម្មចូលខ្លួនក្នុងរដ្ឋាភិបាល ពួកគេនឹងមិនឆ្លៀតពេលយល់ អំពីមូលហេតុដែលមាននៅពីក្រោយស្ថាប័នមួយចំនួននោះទេ។
បន្ថែមពីនោះ Gates បានសង្កត់ធ្ងន់ថា បញ្ហាគោលនយោបាយសាធារណៈទាមទារឱ្យមានការវិភាគយ៉ាងប្រុងប្រយ័ត្ននិងមានវិធីសាស្រ្តវាស់វែងត្រឹមត្រូវ។ ដោយគាត់ជឿជាក់ថានេះជាបញ្ញាមួយដែល Elon Musk កំពុងខ្វះខាតនាពេលបច្ចុប្បន្ន។
ថ្លែងប្រាប់ NBC ក្នុងបទសម្ភាសន៍មួយបន្ថែមទៀតលោកបានបញ្ជាក់ថា “ខ្ញុំមានការព្រួយបារម្ភខ្លាំងអំពី USAID ព្រោះមូលនិធិរបស់ខ្ញុំជាដៃគូជាមួយស្ថាប័ននេះលើអាហារូបត្ថម្ភ ការចែកចាយថ្នាំបង្ការ និងកម្មវិធីសំខាន់ៗផ្សេងទៀត ខ្ញុំកំពុងធ្វើឱ្យអស់ពីសមត្ថភាពដើម្បីឱ្យប្រាកដថាយើងអាចរក្សារបស់ដែលមានតម្លៃ”។
ជាក់ស្តែងកាលពីថ្ងៃពុធ ទី០៥ សប្តាហ៍មុនលោក Bill Gates ក៏បានបង្កើតជំនួបជាមួយប្រធានាធិបតី Donald Trump នៅសេតវិមានមាន ដើម្បីតស៊ូមតិឱ្យមានការបន្តផ្តល់ជំនួយបរទេស ទៅកាន់ទីភ្នាក់ងារសហរដ្ឋអាមេរិក USAID។
យ៉ាងណាមិញបច្ចុប្បន្ននេះជោគវាសនារបស់USAID នៅតែមិនទាន់មានភាពប្រាកដប្រជា ខណៈពេលដែលមានប្រតិកម្មជាច្រើនឱ្យមានការផ្លាស់ប្តូរគោលនយោបាយរបស់រដ្ឋមន្រ្តីក្រសួងប្រសិទ្ធិភាព Elon Musk ៕
អត្ថបទដោយ៖ ពីង ជូអេង