អ្នកស្រី Janet Blaser ជាសេដ្ឋីដែលបង្កើតទ្រព្យសម្បត្តិដោយខ្លួនឯង និងចូលនិវត្តន៍នៅវ័យ ៦២ឆ្នាំ ជាមួយនឹងទ្រព្យសម្បត្តិខ្ទង់លានដុល្លារ។ ចូលនិវត្តន៍បាន៥ឆ្នាំ អ្នកស្រីក៏មានឱកាសបានប្រាប់ទៅកាន់សារព័ត៌មាន CNBC ថា «មកដល់ពេលនេះខ្ញុំមានកំហុសធំ៣យ៉ាង ខ្ញុំប្រព្រឹត្តិនៅអាយុខ្ទង់២០ ដែលវាធ្វើឱ្យខ្ញុំស្ដាយក្រោយបំផុតនៅក្នុងជីវិត»។ កំហុសទាំង៣នោះរួមមានដូចជា៖
ទី១. មិនគិតពីអនាគតឱ្យបានលឿន៖ អ្នកស្រី Janet បានលើកឡើងថា «បើកាលពីនៅវ័យក្មេងពេញកម្លាំង ខ្ញុំគិតពីអនាគត គិតពីរឿងសន្សំទុកដាក់លុយ ម្ល៉េះខ្ញុំប្រាកដជាអាចចូលនិវត្តន៍នៅមុនវ័យ៦០ឆ្នាំ ហើយច្បាស់ជាអាចបង្កើតទ្រព្យសម្បត្តិបានច្រើនជាងនេះ ជួយមនុស្សបានច្រើនលើសនេះមិនខាន»។
ទី២. មិនចេះរស់នៅឱ្យសប្បាយចិត្ត៖ អ្នកស្រីជាស្រី្តមេម៉ាយ ដែលមានបន្ទុកចិញ្ចឹមកូន៣នាក់ គាត់បានធ្វើការលះបង់ និងខិតខំធ្វើរឿងគ្រប់យ៉ាងដើម្បីអាចឱ្យកូនៗក្លាយជាមនុស្សពូកែ ប៉ុន្តែគាត់ភ្លេចម្យ៉ាងគឺ «គាត់មិនដែលបានចំណាយពេលសប្បាយចិត្ត ឬសាងអនុស្សាវរីយ៍ល្អៗសម្រាប់ខ្លួនឯងឡើយ»។ អ្នកស្រី Janet បាននិយាយថា «ខ្ញុំបានចំណាយជីវិតមើលទៅលើជ្រុងម្ខាងដែលជាបញ្ហា ដោយមិនដែរនឹកងាកមកមើលជ្រុងម្ខាងទៀត ដែលវានៅល្អសម្រាប់ជីវិតរបស់ខ្ញុំនៅឡើយ។ ខ្ញុំផ្ដោតតែលើការខំប្រឹង តែមិនដែលឱ្យរង្វាន់ខ្លួនឯងចំពោះការខំប្រឹងកន្លងមកទាល់តែសោះ»។
ទី៣. មិនចេះប្រើជំនាញ៖ កាលពីក្មេងអ្នកស្រីតែងតែជឿថា ដើម្បីបានចំណូលច្រើន គឺត្រូវធ្វើការឱ្យច្រើន ត្រូវមានចំណេះជំនាញច្រើនមុខ។ តែជាក់ស្ដែង បើយើងចេះជំនាញតែមួយមុខឱ្យច្បាស់ យើងប្រាកដជាអាចបង្កើតចំណូលបានច្រើនច្រក មិនពឹងតែលើប្រាក់ខែមួយមុខឡើយ។ ដោយសារតែមិនដឹងបែបនេះហើយ ទើបនាំឱ្យអ្នកស្រី Janet បានចំណាយជីវិតយុវវ័យ រត់ឆ្លេឆ្លា ចាប់ជំនាញនេះបន្តិចនោះបន្តិច មិនផ្តោត ប្ដូរការងារចុះឡើងៗ ដើម្បីតែបានប្រាក់ខែខុសគ្នាបន្តិចបន្តួច ខាតពេលវេលាអស់ជាច្រើន។
អ្នកស្រី Janet បានគូសបញ្ជាក់ដែរថា ទោះជាយ៉ាងណាគាត់ជ្រុលជាដើរខុសហើយ គាត់មិនចង់ឃើញមនុស្សជំនាន់ក្រោយខុសដូចគាត់ទៀតទេ។ ប្រសិនបើអ្នកបានដឹងរឿងនេះហើយ ចូរពិនិត្យមើលស្ថានភាពជីវិតរបស់ខ្លួនឯងប្រចាំថ្ងៃ តើកំពុងធ្វើខុសដែរទេ? បើខុសឆាប់កែចេញទៅ ដើម្បីកុំឱ្យស្ដាយក្រោយដូចអ្នកស្រី Janet៕
អត្ថបទដោយ៖ SOKLY SO-កូនផ្កាឈូក