គិតឱ្យធំចាប់ផ្តើមពីតូច! អាជីវកម្ម ៣ វិវត្តន៍ខ្លួនពីរបរតាមរទេះ ក្លាយជាហាងធំមានភ្ញៀវគាំទ្រហូរហែ
ធី ស្រីល័ក្ខDECEMBER 21 2022540 views

ការគិតរបស់មនុស្សម្នាក់ៗតែងតែមានក្តីស្រមៃធំចំពោះខ្លួនឯង មិនថាជាក្តីស្រមៃក្នុងការសិក្សា ការងារ ក៏ដូចជាការរកស៊ីផ្សេងៗ គ្រប់គ្នាតែគិតចង់ធ្វើឱ្យធំ ឱ្យអស្ចារ្យជានិច្ច ការនិយាយបែបមិនមែនមានន័យថាទាល់តែការចាប់ផ្តើមធំទើបអស្ចារ្យទើបល្អនោះទេ តែផ្ទុយទៅវិញការចាប់ផ្តើមពីតូចវាក៏ល្អដូចគ្នាដែល សំខាន់ឱ្យតែយើងមានផែនការនិងគោលដៅច្បាស់លាស់។

ជាក់ស្តែងដូចជាអាជីវកម្ម ៣ ខាងក្រោមនេះ សុទ្ធតែវិវត្តន៍ខ្លួនចេញពីរបរតាមរទេះតែប៉ុណ្ណោះ ប៉ុន្តែបើគិតមកដល់បច្ចុប្បន្ន អាជីវកម្មទាំងនោះបានប្រែក្លាយជាហាងធំ ថែមទាំងមានសាខាជាច្រើនកន្លែងថែមទៀតផង។ដែលអាជីវកម្មទាំងនោះរួមមាន ៖

១.នំប៉ាវ (Nompao)

វិវត្តន៍ខ្លួនចេញពីកូនរទេះដែលចំណាយដើមទុនប្រមាណជា ២ពាន់ដុល្លារដែលធ្លាប់តែលក់នៅតាមកម្មវិធីបុណ្យភូមិ និងតាមព្រឹត្តិការណ៍តូចធំនៅភ្នំពេញ ពេលនេះហាង នំប៉ាវ បានពង្រីកខ្លួនក្លាយជាហាង ដែលមានដល់ទៅ ៦សាខាធំៗ ដែលមានភ្ញៀវចេញហូរហែរាល់ថ្ងៃ។

សម្រាប់ហាងនំប៉ាវ ត្រូវបានបង្កើតឡើងដោយអតីតគ្រូបង្រៀនមួយរូបដែលមានឈ្មោះថា ដារ៉ាវុទ្ធ លោកបានចាប់ផ្តើមបង្កើតអាជីវកម្មឈ្មោះនំប៉ាវនេះតាំងតែឆ្នាំ ២០១៩ មកម្លេះ ប៉ុន្តែការបង្កើតដំបូងលោកធ្វើនំប៉ាវដាក់លក់តាមរទេះប៉ុណ្ណោះ លុះក្រោយមកនៅឆ្នាំ ២០២០ លោកបានបោះទុនបន្ថែមប្តូរពីរបរតាមរទេះក្លាយជាហាងមួយដែលមានលក់ទាំងភេសជ្ជៈនិងនំប៉ាវ។បច្ចុប្បន្នលោកបានពង្រីកខ្លួនបាន ៦សាខាធំៗ ដែលមានទីតាំងនៅ វ៉ាន់ដា ជ្រោយចង្វារ វិមានអាហារ សន្ធរម៉ុក អង្គអេង និងសាខា បាក់ទូក ហើយនាពេលខាងមុនលោកក៏នឹងធ្វើការពង្រីកសាខាបន្ថែមទៀតផងដែរ។

២.ហាង The Coffee Mouy

ស្ថិតក្រោមការបង្កើតរបស់លោក សេង ពិសិដ្ឋ ហាង The Coffee Mouy បានផ្លាស់ប្តូរពីរបរលក់កាហ្វេតាមរទេះដែលធ្លាប់តែគេនិយាយជារបរចាក់ទឹកយកលុយនោះ ក្លាយទៅជាហាងមួយល្វែងដែលទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិចេញចូលជាច្រើន។

ក្នុងកិច្ចសម្ភាសន៍ជាមួយ Business Cambodia លោក ពិសិដ្ឋ ម្ចាស់ហាងកាហ្វេមួយបានឱ្យដឹងថា មុនក្លាយខ្លួនជាម្ចាស់ហាងកាហ្វេលោកធ្លាប់ជាអតីតកនិស្សិតពេទ្យមួយរូប ប៉ុន្តែក្រោយមកលោកបានងាកចេញពីជំនាញដែលខ្លួនកំពុងរៀន មកប្រឡូកចូលក្នុងការរកស៊ីវិញដោយលក់ដំបូងត្រឹមតែជាការលក់តាមរទេះប៉ុណ្ណោះ លុះក្រោយមកទើបលោកបានផ្លាស់ប្តូរពីតាមរទេះក្លាយជាហាងមួយកន្លែងដែលមានទីតាំងនៅក្នុងបុរីប៉េងហួតបឹងស្នោ។

៣.ទឹកក្រឡុកចែម៉ាប់​88

មិនខុសគ្នាពីអាជីវកម្មទាំង ២ខាងលើឡើយ បោះជំហានចេញពីរបរតាមរទេះដែលមានទុនត្រឹម ៥០០$លក់ទឹកក្រឡុក ពងទាកូនតាមផ្លូវនៅរង្វង់មូលជ្រោយចង្វារ ទឹកក្រឡុកចែម៉ាប់៨៨ បានតស៊ូរហូតក្លាយជាហាងធំ មានភ្ញៀវសម្រុកទិញពេញៗរាល់ថ្ងៃ។បើតាមការលើកឡើងរបស់ អ្នកស្រី សែម ស៊ុនលី ម្ចាស់ហាងទឹកក្រឡុកចែម៉ាប់ ៨៨ បានឱ្យដឹងថា ការចេញលក់ដំបូងៗអ្នកស្រីអាចលក់បានត្រឹម ២០ ទៅ ៣០កែវប៉ុណ្ណោះ ប៉ុន្តែមកដល់ពេលនេះការលក់កើនឡើងខ្លាំងរហូតលក់មួយថ្ងៃបានដល់ទៅជាង ១ពាន់កែវឯណោះ។

គួរបញ្ជាក់ផងដែរថា ការរៀបរាប់ខាងលើនេះចង់បង្ហាញឱ្យឃើញថា ប្រសិនបើអ្នកទាំងអស់គ្នាចង់រកស៊ីពិតមែនកុំចាំរហូតដល់មានលុយច្រើនទើបចាប់ផ្តើមធ្វើវា អ្នកអាចចាប់ផ្តើមពីតូចទៅជាមួយក្តីស្រឡាញ់ដ៏ធំរបស់អ្នកបាន ព្រោះបើចាំដល់មានលុយច្រើនវាអាចយឺតពេល ដូច្នេះយើងអាចធ្វើពីតូចទៅហើយរៀនសូត្រពីវាបន្តិចម្តងៗដើម្បីបោះជំហានទៅកាន់ចំណុចខ្ពស់បាន៕

អត្ថបទដោយ៖សម្បត្តិ សុខឡាង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia