ព្រែកជីកហ្វូណនតេជោ គឺជាគម្រោងផ្លូវទឹកប្រវត្ដិសាស្ដ្រដែលតភ្ជាប់ប្រព័ន្ធទន្លេមេគង្គទៅកាន់ផ្លូវសមុទ្រ ខណៈគម្រោងនេះត្រូវបានរាជរដ្ឋាភិបាលអនុម័តឲ្យអនុវត្ដកាលពីខែឧសភា ឆ្នាំ២០២៣ កន្លងទៅ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ទីស្ដីការគណរដ្ឋមន្ដ្រីកាលពីពេលកន្លងទៅបានឲ្យដឹងថា គម្រោងនេះ គឺធ្វើឡើងដើម្បីពង្រីកវិសាលភាពនៃការប្រើប្រាស់សក្តានុពលលើការដឹកជញ្ជូនតាមផ្លូវទឹក សំដៅ ចូលរួមលើកកម្ពស់សកម្មភាពសេដ្ឋកិច្ច-សង្គមឱ្យកាន់តែមានការរីកចម្រើនឈានទៅមុខមួយកម្រិត ថែមទៀត និងផ្តល់ជាដំណោះស្រាយសមស្របលើបញ្ហាប្រឈមនិងឧបសគ្គនានានៃវិស័យដឹកជញ្ជូន តាមផ្លូវទឹកដែលយើងបាននិងកំពុងជួបប្រទះនាពេលបច្ចុប្បន្ន។
តាមការសិក្សា បានបង្ហាញថា ផ្លូវទឹកនេះមានប្រវែង ១៨០គីឡូម៉ែត្រ ចាប់ផ្ដើមពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯក នៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រ ខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំណក និងខេត្តកែប ដែលមានប្រជាជនសរុបប្រមាណ ១,៦លាននាក់ រស់នៅអមសងខាងផ្លូវទឹក។
ផ្លូវទឹកនេះមាន ទទឹងមុខកាត់ផ្នែកខាងលើប្រវែង១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោមប្រមាណ ៨០ម៉ែត្រ និង ជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ (ជម្រៅនាវាចរណ៍ ៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ ម៉ែត្រ) មានគន្លងនាវាចរណ៍ចំនួន ២ គន្លង អាចចេញ-ចូល និងចៀសគ្នាបានដោយសុវត្ថិភាព។
អ្វីដែលពិសេសគម្រោងផ្លូវនាវាចរណ៍នេះ នឹងផ្តល់អត្ថប្រយោជន៍ជាច្រើន រួមមាន៖ ការកាត់បន្ថយរយៈពេល ចម្ងាយ និងតម្លៃនៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន, ការបង្កើត តំបន់ពាណិជ្ជកម្មនិងមជ្ឈមណ្ឌលភស្តុភារកម្ម, ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន, ការពង្រីកតំបន់ អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម និងចិញ្ចឹមសត្វ, ការជួយគាំទ្រដល់ការអភិវឌ្ឍប៉ូលសេដ្ឋកិច្ច ទី៤ របស់កម្ពុជា, ការបង្កើតការងារបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែផ្សេងទៀត, ការជំរុញការអភិវឌ្ឍទីក្រុងនិងនគរូបនីយកម្ម, និងការជំរុញការរីកចម្រើន ផ្នែកអចលនទ្រព្យ។
ទន្ទឹមជាមួយគ្នានេះដែរ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ នៅក្នុងពិធីអបអរសាទរសន្និបាតលើកទី១ និងកម្មវិធីពិសាអាហារសាមគ្គីមហាគ្រួសារសមាគមឧកញ៉ាកម្ពុជា សសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ព្រែកជីកហ្វូណនតេជោ មានសារៈសំខាន់ដូចជា៖
១. ជាផ្លូវតភ្ជាប់ដោយផ្ទាល់ទៅកាន់សមុទ្រ ដោយមិនឆ្លងកាត់ប្រទេសដទៃ គឺមិនឆ្លងកាត់ប្រទេសវៀតណាម ដែលតម្រូវឱ្យមានការបង់ថ្លៃពេលឆ្លងកាត់ប្រទេសគេ។
២. ជាប្រព័ន្ធស្រោចស្រពនៅតំបន់ទិសនិរតី ដែលកន្លងមកក៏ដូចជាបច្ចុប្បន្នកំពុងប្រឈមនឹងការខ្វះខាតទឹកសម្រាប់ដាំដុះដំណាំកសិកម្ម និងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
៣. ជាប្រព័ន្ធជួយដល់ការរំដោះជំនន់នៅតំបន់ទិសនិរតី។
សូមជម្រាបផងដែរថា តាមការបញ្ជាក់ពីឯកឧត្ដម ប៉េង ពោធិ៍នា រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា គម្រោងព្រែកជីកហ្វូណនតេជោនេះអាចនឹងចាប់ផ្ដើមបើកការដ្ឋានសាងសង់នៅអំឡុងត្រីមាសទី៤ ឆ្នាំ២០២៤ ខាងមុខ។ ខណៈគម្រោងនេះគឺជាប្រភេទគម្រោងវិនិយោគ BOT (សាងសង់-ដំណើរការ-ផ្ទេរ) និងត្រូវការទុនវិនិយោគប្រមាណ ១ ៧០០ លានដុល្លារ៕