សព្វថ្ងៃនេះ យើងសង្កេតឃើញថា អាជីវកម្មសាឡន មានការកើនឡើងខ្លាំង ទាំងតូចទាំងធំ នៅតាមទីក្រុង និងតាមបណ្តាខេត្តនានា យ៉ាងកកកុញដូចផ្សិត។ បន្តែទទ្ទឹមនឹងភាពរីកចម្រើននេះក៏មានហាងមួយចំនួនបើកមិនបានប៉ុន្មានផងក៏ត្រឡប់ទៅស្រុកកំណើតវិញ ក្រោមហេតុផលថាមានត្រឹមផលិតផលល្អ សេវាកម្មល្អ តែមិនចេះយុទ្ធសាស្ត្រទីផ្សារដើម្បីធ្វើឱ្យផលិតផលលក់ដាច់។
ទាក់ទងជាមួយក្បួនធ្វើទីផ្សារនេះដែរ លោកស្រី ស្រ៊ុន សុភ័ត្រា ដែលត្រូវបានគេស្គាល់ថាជាអគ្គនាយិការហាង Belyna Spa & Salon មានប្រសាសន៍មកកាន់ Business Cambodia ថា កាលពីចាប់ផ្តើមដំបូងអ្នកស្រីផ្តើមចេញពីការលក់ទឹកថ្នាំជូតមុខនៅលើអនឡាញតិចតួចតែប៉ុណ្ណោះ ប៉ុន្តែដោយមានសន្ទុះគាំទ្រខ្លាំង បច្ចុប្បន្នអ្នកស្រីអាចពង្រីកខ្លួនមកជាហាងធំៗរហូតដល់ទៅ ៦សាខា។ តើអ្វីទៅជាក្បួនធ្វើទីផ្សាររបស់អ្នកស្រី ហេតុអ្វីបានជាអ្នកស្រីអាចពង្រីកខ្លួនបានច្រើនយ៉ាងនេះ? ខាងក្រោមនេះគឺជាយុទ្ធសាស្រ្តទីផ្សារសំខាន់៤ ដែលអ្នកធ្លាប់ធ្វើកន្លងមកបានផលលឿន។ ដោយក្នុងនោះរួមមាន៖
១. ភ្ញៀវអត់ពេញចិត្ត ធ្វើជូនថ្មី៖ ត្រង់ចំណុចនេះ អ្នកស្រីបានលើកឡើងថា ជាធម្មតាមិនថាអាជីវកម្មខ្នាតតូចឬធំទេ ការជួបភ្ញៀវមិនពេញចិត្ត គឺចៀសមិនរួចទេ ដូច្នេះហើយសម្រាប់ហាងរបស់អ្នកស្រីផ្ទាល់អ្នកស្រីធានាធ្វើជូនភ្ញៀវវិញម្តងទៀតរហូតភ្ញៀវពេញចិត្ត។ ដូច្នេះហើយការធ្វើបែបនេះភ្ញៀវនឹងគិតថា ហាងរបស់អ្នកស្រីមានទំនួលខុសត្រូវខ្ពស់ ពោលមិនគិតចង់តែបានលុយភ្ញៀវនោះទេ។
២. ការប្រូម៉ូសិន៖ ពេលនិយាយដល់ការប្រមូសិន មនុស្សភាគច្រើនតែងតែប្រូម៉ូសិនដោយការលក់បញ្ចុះតម្លៃ ប៉ុន្តែសម្រាប់អ្នកស្រីវិញ ការប្រមូសិនបែបនេះមានតែពេលបើកហាថ្មីតែប៉ុណ្ណោះ។ ដូច្នេះឱ្យតែ Belyna បើកហាងថ្មីម្តងៗ ដឹងតែមានមនុស្សសម្រុកចូលពេញហើយ ព្រោះអតិថិជនដឹងថា ឱកាសនេះមានតែម្តងតែប៉ុណ្ណោះ។
ហើយក្រោយពីមានប្រមូសិនធំម្តងរួចហើយ អ្នកស្រីប្តូរមកប្រើក្បួនថែមជូនអតិថិជនវិញ ដោយអតិថិជនចំណាយអស់២០ដុល្លារ នោះហាងរបស់អ្នកស្រីនឹងថែមសេវាកម្មជូនអតិថិជនមួយបន្ថែមពីលើទៀត ហើយសេវាកម្មដែលអ្នកស្រីនឹងថែមនោះដែរគឺ សេវាថ្មីដែលភ្ញៀវមិនសូវស្គាល់ ហើយអ្នកស្រីចង់ឱ្យអតិថិជនស្គាល់។ ដូច្នេះពេលភ្ញៀវបានសាក ហើយភ្ញៀវមានអារម្មណ៍ថាល្អ នោះលើកក្រោយភ្ញៀវនឹងមករកយើងទៀត
៣. ចេះជ្រើសរើសបុគ្គលមានកេរ្តិ៍ឈ្មោះជួយផ្សព្វផ្សាយ
ជាការពិតណាស់ការការជ្រើសរើសបុគ្គលមានអ្នកស្គាល់ច្រើនឱ្យជួយផ្សាព្វផ្សាយពិតជាសំខាន់ខ្លាំងណាស់ ព្រោះពួកគាត់ជាអ្នក ពាំនាំ ផលិតផល ឬម៉ាក់យីហោរបស់យើងទៅកាន់ហ្វេនរបស់ពួកគាត់ ដែលស្នៀតមួយក្បាច់នេះពិតជាទទួលបានប្រសិទ្ធភាពខ្ពស់មែនទែនសម្រាប់ម្ចាស់អាជីវកម្មដើម្បីឱ្យគេស្គាល់លឿន។ ទន្ទឹមនឹងនេះដែរថា អ្នកស្រីបានលើកឡើងថា ការជ្រើសរើសបុគ្គលល្បីនឹងបានផលកាន់តែខ្លាំង ប្រសិនបើយើងរើសត្រូវ ជាក់ស្តែងអ្នកស្រីផ្ទាល់ បុគ្គលដែលអ្នកស្រីនឹងទាក់ទងឱ្យផ្សាយ ត្រូវតែបុគ្គលដែលមានមនុស្សស្គាល់ច្រើន ជាពិសេសវ័យនិងរបៀបតុបតែងខ្លួនស្មើរនឹងអតិថិជនគោលដៅរបស់អ្នកស្រី។
៤. ធ្វើស្លាកបិទនៅពីមុខហាង៖ ជាការពិតណាស់ ការដាក់ស្លាកសញ្ញាត្រឹមត្រូវក៏ជាផ្នែកមួយទាក់ទាញអតិថិជនផងដែរ ម្ល៉ោះហើយទើបអ្នកស្រីបានដាក់ Banner នៅពីមុខហាងជាមួយសញ្ញាធំថា កក់សក់ 3 ដុល្លារឡើងទៅ ដូច្នេះអតិថិជននឹងមិនគិតថាហាងរបស់អ្នកស្រីមិនផ្តល់សេវាកម្មថ្លៃៗនោះទេ ពោលគឺអតិថិជនដែលមានកំរិតជីវភាពមធ្យមអាចចូលបាន។
គួរជម្រាប់ផងដែរថា អ្វីដែលពិសេស អាជីវកម្មអ្នកស្រីទទួលបានការគាំទ្រខ្លាំងតាំងពីថ្ងៃចាប់ផ្ដើម និងជួយណែនាំបន្តដល់អតិថិជនផ្សេងៗទៀត រហូតធ្វើឱ្យអតិថិជនមកគាំទ្រហាងអ្នកស្រីមិនដាច់។
ភ្ញៀវកាន់តែច្រើន គាត់ក៏មានតម្រូវការកាន់តែច្រើន ហើយជារឿយៗតែងតែសួរអ្នកស្រីអំពីសេវាកម្មនេះ សេវាកម្មនោះថ្មីៗជានិច្ច ដែលជាហេតុជំរុញចិត្តអ្នកស្រីឱ្យបន្តអភិវឌ្ឍន៍ហាងឱ្យកាន់តែស្រស់ស្អាត ផលិតផល និងសេវាកម្មកាន់តែមានច្រើនឡើងៗយ៉ាងសម្បូរបែប រហូតឈានដល់ការផ្ដល់សេវាកម្មទាក់ទងនឹងភាពស្រស់ស្អាតរបស់អតិថិជនតាំងពីចុងសក់ រហូតដល់ចុងជើង។
គួរជម្រាបថា Belyna Spa & Salon គឺជាហាងដែលផ្ដល់សេវាកម្មទាក់ទងនឹងសម្រស់ ធ្វើឱ្យអតិថិជនស្អាតតាំងពីចុងសក់ដល់ចុងជើងរួមមានដូចជា ម៉ាស្សាមុខ ស្ប៉ាខ្លួន ខាត់ស្បែក បាញ់ឡាស៊ែរជម្រុះរោម និងសាឡនគ្រប់មុខទាំងអស់។ នាពេលបច្ចុប្បន្នហាងមាន ៦សាខា៕ ដូច្នេះប្រសិនបើបងប្អូនចាប់អារម្មណ៍ បងប្អូនអាចទំនាក់ទំនង៖
ហ្វេសប៊ុកផេក Belyna - បេលីណា Spa & Salon
ឆាណែលតេឡេក្រាម https://t.me/belynasalon ៕